កាលពីពេលថ្មីៗ ប្រទេសថៃ បានដាក់លក្ខខណ្ឌថ្មី សម្រាប់កម្ពុជា ក្នុងការនាំចេញគ្រាប់ពោត ទៅប្រទេសរបស់ខ្លួន ដោយការនាំចេញនេះត្រូវបានគេមើលឃើញថា មានតឹងរឹងជាងមុន។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា បញ្ហាកូវីដ-១៩ បន្ថែមលើការរឹតបន្តឹងលក្ខខណ្ឌនៃការនាំចេញគ្រាប់ពោតទៅថៃ មិនមែនជាបញ្ហាចោទនោះទេសម្រាប់កម្ពុជា ព្រោះភាគីទាំងពីរ បានសម្រួលគ្នារួចស្រេចបាច់អស់ហើយ។ រដ្ឋមន្ត្រីកសិកម្មរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមឈ្មួញនាំចេញ និងភាគីថៃ បានសម្របសម្រួលគ្នាហើយ ហើយកម្ពុជាបាននាំចេញគ្រាប់ពោតទៅកាន់ប្រទេសថៃ ជាបន្តបន្ទាប់។ នាយកដ្ឋានកសិកម្ម បានប្រឹងប្រែង ប្រើប្រាស់យន្តការថ្មី ដែលថៃបានសម្រេចនាពេលថ្មីៗនេះ ដោយបញ្ជាក់ពីការបានប្រើប្រាស់ថ្នាំ មេសថូល ប្រូម៉ាយ (Methyl bromide) ក្នុងការនាំចូលគ្រាប់ពោតទៅថៃ។
ជុំវិញបញ្ហានេះ លោក សុំ រ៉ា ប្រធានការិយាល័យកសិកម្ម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ទីផ្សារពោតក្រហម នៅខេត្តត្បូងឃ្មុំ មានលក្ខណៈល្អធម្មតា និងមិនមានផលប៉ះពាល់ដល់កសិករនោះទេ បើទោះបីភាគីថៃ បានបន្ថែមលក្ខខណ្ឌមួយចំនួន ក្នុងការនាំចេញពោតក្រហមក៏ដោយ។ លោកប្រធានការិយាល័យកសិកម្មរូបនេះ បានបញ្ជាក់ថា កសិករក្នុងខេត្តត្បូងឃ្មុំ កំពុងមមាញឹក ក្នុងការប្រមូលផលពោតក្រហម និងទទួលបានតម្លៃសមរម្យមួយ។
ដោយឡែក លោកស្រី ឌុក ស្រីដួល អ្នកប្រមូលទិញពោតក្រហម នៅខេត្តត្បូងឃ្មុំ បានលើកឡើងមិនខុសគ្នាប៉ុន្មានពីអ្នកជំនាញកសិកម្មខាងលើនោះទេ។ ឈ្មួញរូបនេះ បានប្រាប់សារព័ត៌មានខេមបូណូមីសថា តម្លៃពោតក្រហម ឆ្នាំនេះ មិនខុសគ្នានោះទេ នឹងឆ្នាំមុន។ តម្លៃពោតក្រហម ត្រូវបានបែងចែកជាពីរប្រភេទ សម្រាប់គ្រាប់ពោតដែលបានប្រលេះហើយ មានតម្លៃ ៧៥០រៀល ទៅ ៨០០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែក សម្រាប់ពោត ដែលមិនទាន់ប្រលេះវិញ មានតម្លៃ ៥៦០រៀល ក្នុងមួយគីឡូក្រាម។
ពាក់ព័ន្ធបញ្ហានេះ លោក តុល សារ៉េត មន្ត្រីទីផ្សារខេត្តបាត់ដំបង ឯណោះវិញ បានមើលឃើញថា ទីផ្សារពោតក្រហម នៅក្នុងខេត្តជាប់ព្រំដែនថៃ មួយនេះ ក៏មិនមានការប្រែប្រួលអ្វីដែរ។ លោកថា សព្វថ្ងៃនេះ វត្តមានឈ្មួញថៃ នៅតែចុះមកប្រមូលទិញ គ្រាប់ពោត ពីកសិករ ដូចធម្មតា តែតម្លៃពោតក្រហម ក្នុងឆ្នាំនេះវិញ លោកមិនអាចបញ្ជាក់បាននោះទេ ព្រោះខេត្តបាត់ដំបង មិនទាន់ដល់រដូវប្រមូលផលពោត នៅឡើយ។ លោក សារ៉េត បានបញ្ជាក់ថា រដូវប្រមូលផលពោតក្រហម នៅខេត្តបាត់ដំបង គឺនៅអំឡុងខែធ្នូ ហើយតម្លៃពោតក្រហម ដែលឈ្មួញថៃចុះមកទិញកន្លងមក មានតម្លៃ ៤ ទៅ ៥បាត ឬស្មើនឹងប្រមាណជិត ៥០០រៀល ទៅជាង៦០០រៀលក្នុងមួយគីឡូក្រាម ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៧ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ប្រមាណ ៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ៨៧ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ ក្នុងនោះ កម្ពុជា បាននាំចេញគ្រាប់ពោត ប្រមាណ ១៤ម៉ឺនតោន ទៅកាន់តំបន់អាស៊ាន ដោយគ្រាប់ពោត ប្រមាណ ៤ម៉ឺនតោន បាននាំចេញទៅថៃ និងប្រមាណ ១០ម៉ឺន បាននាំចេញទៅប្រទេសវៀតណាម៕
អត្ថបទ៖ ខន ណារី