ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជាបានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា តម្លៃប្រេងឥន្ធនៈ និងធ្យូងថ្មឡើងថ្លៃ ដែលបង្កជាវិបត្តិថាមពលសកល បានជះឥទ្ធិពលខ្លះដែរ មកវិស័យថាមពលអគ្គិសនីកម្ពុជា។ ទោះបីវិបត្តិនេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរតែវាបានធ្វើថ្លៃដើមផលិតអគ្គិសនីរបស់រោងចក្រដើរដោយប្រេងឥន្ធនៈ និងធ្យូងថ្មនៅកម្ពុជាមានការកើនឡើងមួយកម្រិត។
ស្របពេលប្រទេសធំៗមួយចំនួន កំពុងប្រឈមនឹងកង្វះថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ ដោយសារវិបត្តិខាងលើ ប៉ុន្តែបញ្ហានេះមិនបានកើតឡើងចំពោះកម្ពុជានោះទេ។ បើតាមការអះអាងរបស់ឯកឧត្តម កែវ រតនៈ បច្ចុប្បន្នកម្ពុជាមានថាមពលអគ្គិសនីគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់សម្រាប់ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស និង អាជីវកម្មផ្សេងៗ។
ជាមួយគ្នានេះឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា តាមតេឡេក្រាមថា កម្ពុជាមិនមានការខ្វះខាតថាមពលអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងលំនៅឋាននោះទេ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា វិបត្តិថាមពលនៅប្រទេសមួយចំនួនលើពិភពលោកមិនប៉ះពាល់ដល់កម្ពុជានោះទេ។ នៅឆ្នាំ២០២១ កម្ពុជាបានបន្ថែមស្ថានីយអគិ្គសនីដើរដោយពន្លឺព្រះអាទិត្យទំហំ ១២០មេហ្កាវ៉ាត់ ដើម្បីជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
បន្ថែមពីលើនេះទៅទៀត ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្នថ្លៃដើមផលិតអគ្គិសនីនៅកម្ពុជាមានការកើនឡើង តែអគ្គិសនីកម្ពុជា ក្រោមការជួយសម្របសម្រួលពីរាជរដ្ឋាភិបាល មិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ចុងក្រោយនោះទេ។ ការមិនដំឡើងថ្លៃអគ្គិសនីនេះ ព្រោះរាជរដ្ឋាភិបាលចង់ជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល។
គួររំលឹកថា ប្រទេសធំៗមួយចំនួននៅលើពិភពលោក និងក្នុងតំបន់បាននិងកំពុងប្រឈមនឹងកង្វះខាតថាមពលសម្រាប់ប្រើប្រាស់លើតម្រូវការប្រចាំថ្ងៃ និងអាជីវកម្ម។ បញ្ហាវិបត្តិថាមពលនេះ បានកើតឡើងក្រោយតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីលើសកលលោកមានការកើនឡើង បន្ទាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ គួបផ្សំការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងការផលិតថាមពលអគ្គិសនី និងតម្លៃប្រេងឥន្ធនៈឡើងថ្ងៃជាដើម៕