ធនាគារពិភពលោកបានព្យាករកាលពីពេលថ្មីៗនេះថា នៅឆ្នាំនេះ ការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជានឹងមានការថមថយមកនៅត្រឹម ៩,៤ភាគយនៃផលិតផលក្នុងស្រុកសរុប ខណៈដែលកាលពីឆ្នាំ២០១៦ មានកំណើនប្រមាណ ១០,២ភាគយ ពោលមានការថមថយជិត ១ភាគរយ។
ចំណែក នៅក្នុងឆ្នាំ២០១៨ និង២០១៩ ការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ក៏នៅតែបន្តការធ្លាក់ចុះផងដែរ។
ធនាគារពិភពលោកលើកឡើងថា ព្យាករណ៍ពីការថមថយនៃកំណើនវិនិយោគផ្ទាល់ពីបរទេស៣ឆ្នាំជាប់គ្នានេះ គឺដោយសារតែការនាំចូលរបស់កម្ពុជាមានការធ្លាក់ចុះនៅរយៈពេលខ្លី មួយវិញទៀត គឺជាដំណាក់កាលបញ្ចប់នៃគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មទំនើបៗមានការកើនឡើងខ្ពស់ និងកាន់តែកៀកខិតចូលមកដល់ ដែលត្រូវបានអ្នកជំនាញអចលនទ្រព្យប៉ាន់ប្រមាណថា អាចនឹងមានច្រើនលើសតម្រូវការ។
បើទោះបីជាការវិនិយោគផ្ទាល់ពីក្រៅប្រទេសហាក់មានការថមថយតិចតួចមែន ប៉ុន្តែ បើពិនិត្យមើលជារួម អំពីការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកនេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានៅតែអាចរក្សាកំណើនរបស់ខ្លួនក្នុងរង្វង់ ៧ភាគរយដដែលនៅក្នុងឆ្នាំ២០១៧នេះ។
ប៉ុន្ដែ យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅឆ្នាំ២០១៨-២០១៩ ការថមថយនៃកំណើនការវិនិយោគផ្ទាល់ពីបរទេសនៅតែបន្តអូសបន្លាយ ពោលគឺឆ្នាំ២០១៨ នឹងថយចុះមកនៅ ៧,៧ភាគរយ និងឆ្នាំ២០១៩ ថយចុះមកនៅ ៦,៥ភាគរយ។ នេះបើតាមព្យាករណ៍ពីធនាគារពិភពលោកដដែល។
សូមបញ្ជាក់ថា លំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានៅឆ្នាំ២០១៦ មានចំនួនប្រមាណ ២ពាន់លានដុល្លារអាមេរិក កើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ក្នុងនោះ ប្រទេសចិនត្រូវបានគេស្គាល់ថា ឈរលំដាប់លេខរៀងទី១ ជាប្រទេសដែលបានវិនិយោគផ្ទាល់មកកម្ពុជាច្រើនជាងគេ ខណៈដែលហុងកុងឈរក្នុងលំដាប់លេខរៀងទី២ និងវៀតណាមឈរក្នុងលំដាប់លេខរៀងទី៣៕