លោក Jarkko Turunen បានធ្វើទស្សនកិច្ចនៅភ្នំពេញចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ហើយបាននិយាយនៅក្នុងរបាយការណ៍ចុះថ្ងៃទី១១ ខែតុលា ថា សេដ្ឋកិច្ចកម្ពុជាមានភាពវិជ្ជមាន ហើយថា នឹងមានកំណើន ប្រមាណ ៧ភាគរយ នៅឆ្នាំនេះ។
ក៏ប៉ុន្តែ IMF បានអះអាងថា កម្ពុជាក៏ប្រឈមមុខនឹងភាពមិនច្បាស់លាស់មួយចំនួនផងដែរ រួមមាន ការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងកំណើនលុយកម្ចីដែលផ្តោតខ្លាំងលើវិស័យអចលនទ្រព្យនិងសំណង់។
លោក Jarkko Turunen បាននិយាយដូច្នេះថា ៖ «ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានភាពវិជ្ជមាន ទោះបីជាវាមានហានិភ័យនៃការធ្លាក់ចុះក៏ដោយ។»
លោកបានបន្តថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងដោយសារវិស័យនាំចេញនិងវិស័យសំណង់មានភាពរឹងមាំ។
របាយការណ៍នោះ បាននិយាយដូច្នេះថា ការផ្តល់ឥណទានប្រមូលផ្តុំកាន់តែខ្លាំងឡើងៗនៅក្នុងវិស័យអចលនទ្រព្យនិងសំណង់ ហើយត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ២៨ភាគរយ ក្នុងឆ្នាំ២០១៩។
IMF បាននិយាយបន្តថា ការខ្ចីភាគច្រើនដោយអ្នកអភិវឌ្ឍអចលនទ្រព្យ នៅតែមិនមានការត្រួតពិនិត្យនិងគ្មានការគ្រប់គ្រង ហើយទិន្នន័យផ្លូវការស្តីពីតម្លៃអចលនទ្រព្យមិនទាន់មាននៅឡើយដែរ។
ហានិភ័យមួយទៀតនោះ បើយោងតាម IMF គឺការពិនិត្យឡើងវិញនូវ EBA របស់សហគមន៍អឺរ៉ុប ដែលនឹងអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លី។
យោងតាមលោក Jarkko Turunen អាជ្ញាធរកម្ពុជាក៏កំពុងតែធ្វើការដោះស្រាយហានិភ័យទាំងនេះផងដែរ តាមរយៈការដាក់ផែនការកំណែទម្រង់ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនិងការធ្វើពិពិធកម្ម។
លោក Jarkko Turunen បានអះអាងថា «IMF បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់អាជ្ញាធរតាមរយៈការផ្តល់ប្រឹក្សាគោលនយោបាយនិងសកម្មភាពអភិវឌ្ឍន៍សមត្ថភាព»៕