តម្លៃប្រេងឥន្ធនៈ​នៅកម្ពុជា

តម្លៃថ្លៃប្រេងឥន្ធនៈនៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ ខណៈតម្លៃប្រេងអន្តរជាតិកំពុងជួបភាពស្រពិចស្រពិល


តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជាសម្រាប់លក់រាយ ក្នុង២សប្តាហ៍ចុងក្រោយនៃខែមិថុនានេះ គឺបន្តកើនឡើងបន្តិចប្រមាណ ១៥០រៀលក្នុងមួយលីត្រ បើធៀបនឹង ២សប្តាហ៍ដើមខែនេះ ខណៈតម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក កំពុងតែជួបនឹងភាពស្រពិចស្រពិល ឡើងចុះមិនទៀងទាត់ ដោយសារតែក្តីព្រួយបារម្ភពីរលកទី ២ នៃវិបត្តិមេរោគក៏កាចសាហាវកូវីដ-១៩។ នេះបើយោងតាម សេចក្តីជូនដំណឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងថ្ងៃនេះ។
ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា (ហ្វេសប៊ុក៖ Total)
ដោយ

គិតចាប់ពីថ្ងៃទី ១៦ ដល់ទី ៣០ ខែមិថុនានេះ សម្រាប់តម្លៃ​ប្រេង​សាំងធម្មតា ដែលត្រូវ​លក់រាយ គឺ ២.៨៥០​រៀល​ក្នុងមួយលីត្រ កើនឡើង ១៥០រៀល ធៀបនឹង​សប្តាហ៍​កន្លងទៅ រីឯតម្លៃ​ប្រេង​ម៉ាស៊ូត ក៏មាន​ការកើនឡើង ១០០រៀលដែរ ពោលគឺកើន​ដល់ ២.៦០០​រៀល​ក្នុងមួយលីត្រ។

ជាក់ស្តែង តម្លៃប្រេង​សាំង​នៅកម្ពុជា បានធ្លាក់ចុះ​ជាបន្តបន្ទាប់ គឺប្រមាណ ៣.៧៥០រៀល នៅដើម​ខែមករា មកនៅ​ត្រឹម ២.២៥០រៀល កាលពីដើម​ខែឧសភា ហើយទើប​តែចាប់ផ្តើម ​ងើបឡើងវិញ​បន្តិច​មកនៅត្រឹម ២.៨៥០រៀល​ក្នុង​មួយលីត្រ ចាប់ពីថ្ងៃនេះ ដល់ដំណាច់​ខែ​មិថុនា។

ងាកទៅចាប់​អារម្មណ៍ពី​តម្លៃ នៅលើទីផ្សារ​សកលលោក ឃើញថា កាលពីថ្ងៃទី ១២ ខែមិថុនា​កន្លងទៅ តម្លៃ​ប្រេងឆៅ​បានធ្លាក់ចុះ ៨% ក្នុងមួយ​បារ៉ែល ដោយសារតែ​មានក្តីព្រួយ​បារម្ភ​ជាច្រើន ជុំវិញ​នឹងការ​បាត់បង់​តម្រូវការ​ប្រើប្រាស់​ប្រេង នៅពេល​រលកទី២ នៃមេរោគ​កូវីដ-១៩ អាចកើត​មានឡើង ហើយក្តី​បារម្ភនេះ បានធ្វើឲ្យ​ទីផ្សារ​ប្រេងឆៅ​អាមេរិក West Texas Intermediate​ ធ្លាក់ចុះ ​៨% មកនៅជាង​៣៦ដុល្លារ​ក្នុង​មួយបារ៉ែល ខណៈ​ទីផ្សារ​ប្រេងឆៅ Brent របស់​អង់គ្លេស ធ្លាក់ចុះ ​៧,៦%​ មកដល់ ៣៨ដុល្លារ​ក្នុងមួយបារ៉ែល។

យ៉ាងណាក៏ដោយ វិនិយោគិន​អន្តរជាតិ​ជាច្រើន ហាក់បី​ជាមានទំនុកចិត្ត​លើ គោលដៅ​កាត់បន្ថយ​ផលិតកម្ម​ប្រេងចំនួន ​៩,៧លាន​បារ៉ែល​ក្នុងមួយថ្ងៃ របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC ​និងបណ្តា​ប្រទេស​ផលិត​ប្រេងធំៗ ដែលធ្វើឲ្យ​តម្លៃ​ប្រេងឆៅ កើនឡើង​វិញបន្តិច​ប្រមាណ​២% ពោលគឺ គិតមក​ដល់ថ្ងៃទី ១៦ ខែមិថុនានេះ ឆ្នាំ២០២០ ​ទីផ្សារប្រេងឆៅ​អាមេរិក West Texas Intermediate​ បានកើនឡើង ២% មកនៅជាង​ ៣៧ដុល្លារក្នុង​មួយបារ៉ែល ខណៈ ទីផ្សារប្រេង​ឆៅ ​Brent របស់អង់គ្លេស​ កើនឡើង ២% មកដល់ ៣៩ដុល្លារ ក្នុងមួយបារ៉ែល។

សូមជម្រាបដែរថា តម្លៃប្រេងឆៅ នៅលើទីផ្សារ​អន្តរជាតិ ពុំទាន់​មានសភាព​នឹងនរ នៅឡើយនោះ ដោយសារតែ ក្តីព្រួយបារម្ភ​នៃរលកទី​២ នៃមេរោគ​កូវីដ-១៩ ដែលអាចជះឥទ្ធិពល​អាក្រក់​ជាថ្មីម្តងទៀត ដល់សេដ្ឋកិច្ច​របស់បណ្តា​ប្រទេស​ជាច្រើន ហើយគិតមក​ដល់​ថ្ងៃទី ១៦ ខែមិថុនានេះ ករណីឆ្លង​មេរោគកូវីដ-១៩ ទូទាំងសកលលោក បានកើនឡើង​ដល់ជាង ៨លាន​នាក់ ក្នុងនោះ ករណី​ជាសះស្បើយ​មានជាង ៤លាន​នាក់ និងមានករណី​ស្លាប់ជាង​ ៤សែនករណី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥ខែឆ្នាំនេះស្ថានភាពនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសសម្រេចបានលទ្ធផលយ៉ាងណា?

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យមានការនាំចេញអង្ករសឡើងវិញ បរិមាណនៃការនាំចេញអង្ករស ស្ថិតនៅក្នុងចំណែកភាគរយនា…

ថៃនឹងប្រជែងក្ដោបយកភ្ញៀវទេសចរចិនឡើងវិញ នៅត្រីមាសទី២ ឆ្នាំនេះ

ព័ត៌មាន
ការិយាល័យទេសចរណ៍របស់ អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា ប្រទេសថៃ ត្រូវត្រៀមខ្លួនជានិច្ច ព្រោះមានការប្រកួតប្រជែងខ្លាំង នៅក្នុងទាក់ទាញភ្ញៀវទេសចរច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ