វេទិកាអនាគតជាស្ថាប័នស្រាវជ្រាវគោលនយោបាយដែលមានលោក អ៊ូ វីរ: ជាប្រធាន និងជាស្ថាបនិក។
ការសិក្សាស្តីពីទំនាក់ទំនងចិន-កម្ពុជានេះ គឺស្រាវជ្រាវដោយលោក Yun Pengtakpitou លើអត្ថបទព័ត៌មានជាង ៣ពាន់អត្ថបទ ដោយបានស្វែងរកពាក្យគន្លឹះ «កម្ពុជានិងប្រទេសចិន ឬចិន» ដែលជាលទ្ធផល គឺបានរកឃើញអត្ថបទចំនួន ២២១ ជាមួយនឹងការផ្តោតលើប្រធានបទចំនួន៥ គឺ សមុទ្រចិនខាងត្បូង, គោលនយោបាយចិនតែមួយ, ខ្សែក្រវាត់មួយ ផ្លូវមួយ, វិនិយោគចិន, និងជំនួយចិន។
ការស្រាវជ្រាវនេះបានជ្រើសរើសអត្ថបទព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១៨ ដែលឆ្នាំ២០១០ គឺជាឆ្នាំដែលប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លើបញ្ហាសមុទ្រចិនខាងត្បូង មានអត្ថបទព័ត៌មានចំនួន៤៤ ដែលស្មើនឹង ២០ភាគរយនៃព័ត៌មានដែលគ្របដណ្តប់លើប្រធានទាំង៥។ ក្នុងចំណោមអត្ថបទទាំងអស់នេះ មានអត្ថបទចំនួន១៩ បង្ហាញការគាំទ្ររបស់កម្ពុជាលើបញ្ហានេះ ដោយគ្មានជំហរអវិជ្ជមាន និងមានជំហរអព្យាក្រឹត្យចំនួន២។
ការសិក្សាបង្ហាញថា រាល់ជំហរគាំទ្រទាំងអស់លើបញ្ហាសមុទ្រចិនខាងត្បូង គឺត្រូវបានបង្ហាញដោយរដ្ឋាភិបាលតាមអត្ថបទទាំងនោះ ខណៈដែលជំហរអព្យាក្រឹត្យត្រូវបានធ្វើដោយអ្នកវិភាគកម្ពុជា។
ការសិក្សានិយាយដូច្នេះថា ៖ «នេះមានន័យថា ជំហររបស់រដ្ឋាភិបាលកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូងដើរតាមផលប្រយោជន៍ស្នូលរបស់ចិន។»
ជាមួយនឹងបញ្ហាខ្សែក្រវាត់មួយ ផ្លូវមួយ (One belt, one road) មានអត្ថបទចំនួន៦ ដែលស្មើនឹង ២ភាគរយនៃព័ត៌មាន លើប្រធានបទទាំងប្រាំ។ ក៏ប៉ុន្តែ មានអត្ថបទតែមួយប៉ុណ្ណោះ ដែលបានផ្តល់នូវជំហរជាក់លាក់នោះ គឺជាការគាំទ្រ ដែលត្រូវបានប្រកាសឡើងដោយនាយករដ្ឋមន្ត្រីអំឡុងឆ្នាំ២០១៨។
មានអត្ថបទចំនួន២០ ដែលនិយាយពីគោលនយោបាយចិនតែមួយ ឬស្មើនឹង ១០ភាគរយនៃព័ត៌មានគ្របដណ្តប់លើប្រធានបទទាំងប្រាំ។
យោងតាមការស្រាវជ្រាវដដែលនេះ ជំហរគាំទ្រមាន៩ដង ដែលថ្លែងដោយនាយករដ្ឋមន្រ្តី និង ៨ដង ដោយរដ្ឋមន្រ្តី។ ជាសរុប ប្រធានបទគោលនយោបាយចិនតែមួយ បានទទួលការគាំទ្រចំនួន ១៩ដង តាំងពីឆ្នាំ២០១០ ហើយដែលជំហរគាំទ្រទាំងនោះ ត្រូវបានបង្ហាញដោយមន្រ្តីរដ្ឋាភិបាលក្នុងអត្ថបទព័ត៌មាន។
មានអត្ថបទព័ត៌មានចំនួន ៦២ និយាយពីជំនួយចិន ឬស្មើនឹង ២៨ភាគរយនៃការផ្សព្វផ្សាយទាំងអស់ ហើយដែលជំហរគាំទ្រ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីចំនួន១០ដង និងដោយនាយករដ្ឋមន្រ្តី ចំនួន ៧លើក។ «មិនមានជំហរអវិជ្ជមាន ត្រូវបានបោះពុម្ពផ្សាយលើបញ្ហានេះទេ។»
មានអត្ថបទចំនួន ៨៩ ឬស្មើនឹង ៤០ភាគរយនៃការផ្សព្វផ្សាយទាំងអស់ ដែលនិយាយពីការវិនិយោគចិន ដោយការប្រកាសគាំទ្រចំនួន ៨ដង ដោយនាយករដ្ឋមន្រ្តី ១ដង ដោយអ្នកនាំពាក្យរដ្ឋភិបាល និង ១១ដង ដោយរដ្ឋមន្រ្តី។
ការស្រាវជ្រាវបាននិយាយដូច្នេះថា «ខណៈដែលមានការគាំទ្រដ៏លើសលប់សម្រាប់ការវិនិយោគចិននៅក្នុងព័ត៌មាន មានតែ ២ ព័ត៌មានប៉ុណ្ណោះ ដែលប្រឆាំង។ អត្ថបទនោះ មានមួយ ថ្លែងដោយរដ្ឋមន្រ្តីអំឡុងឆ្នាំ២០១៨ និងមួយទៀត ទាក់ទងនឹងការព្រួយបារម្ភចំពោះវិនិយោគិនចិននិងជនជាតិចិន នៅក្នុងមណ្ឌលបោះឆ្នោតរបស់ពួកគាត់។»
ប្រទេសចិនបានរួមចំណែកចំនួន ៤៤ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស ដែលមានទឹកប្រាក់ចំនួន ១៩,២ពាន់លានដុល្លារនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមតួលេខផ្លូវការ៕