ការអះអាងរបស់ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្នុងជំនួបនាពេលថ្មីៗនេះរវាងឯកឧត្តមជាមួយនឹងលោក ផាក ហឿងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ។
ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឲ្យកសិផលកម្ពុជានាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងចំនួន ១៨ប្រភេទរួចហើយ រួមមានស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង ជ័រកៅស៊ូ ម្រេច និងផលិតផលផ្សេងៗទៀត។ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏សង្ឃឹមថា ភាគីកូរ៉េនឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត។
តាមការបញ្ជាក់ពីក្រសួងកសិកម្មបានឲ្យដឹងដែរថា កន្លងមកនេះ តាមរយៈជំនួយឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េខាងត្បូង គឺពិតជាបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាមានការរីកចម្រើនពិសេសក្នុងវិស័យកសិកម្ម។ ក្នុងនោះ មានគម្រោងចំនួន ៣៦ ពីកូរ៉េខាងត្បូងបាននិងកំពុងបន្ដអនុវត្ត និងមួយចំនួន ត្រូវបានបញ្ចប់រួចហើយ។
គួរបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា នៅរយៈពេល ៧ខែដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបប្រមាណ ២លាន ៧សែនតោន។ ក្នុងនោះ ការនាំចេញទៅកាន់ប្រទេសចិនមានចំណែកធំជាងគេ ដែលមានប្រមាណជាង១៥ម៉ឺនតោន ឬស្មើនឹងជាង៣៦% នៃទំហំនាំចេញផលិតផលកសិកម្មសរុប ខណៈដែលនាំទៅអឺរ៉ុបមាន ជាង១៤ម៉ឺនតោន មានជិត៣៤% និងនាំទៅទីផ្សារអាស៊ាន មានប្រមាណជិត៦ម៉ឺនតោន ស្មើនឹងជាង១៣% នៃការនាំចេញផលិតផលកសិកម្មសរុប៕