ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានក្ដីរំពឹងខ្ពស់ថា ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមបណ្ដាប្រទេសនីមួយៗ នឹងចូលរួមធ្វើឱ្យស្ថានភាពពិភពលោកល្អប្រសើរឡើងវិញ។
ស្ថិតក្នុងបរិបទឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៧(GMS7) ត្រូវបានរៀបចំឡើង តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង, នាយករដ្ឋមន្ត្រីឡាវ លោក ផានខាំ វិផាវ៉ាញ, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា, នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, លោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា និងលោក ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
ការរៀបចំកិច្ចប្រជុំ កិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៧ GMS7 នេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានា របស់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលបានរងផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ-១៩។ ស្ថិតក្នុងបរិការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានក្ដីរំពឹងយ៉ាងមុតមាំថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងប្រសើរឡើងវិញ ក្រោយបណ្ដាប្រទេសនីមួយៗបានចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ៗគ្នា។ ជាម្ចាស់នៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និត ដើម្បីប្រែក្លាយការគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យល់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសមហាអនុតំបន់ ពិតជាមានសារៈសំខាន់សម្រាប់ការស្ដារ និងជំរុញសកម្មភាពសេដ្ឋកិច្ចតំបន់ ឱ្យមានកំណើនជាថ្មី ពិសេសតាមរយៈការដាក់ចេញនូវ«ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងផែនការស្ដារឡើងវិញឆ្នាំ២០២១-២០២៣»។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំកំពូលនៅជុំទី២ហើយ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំមហាអនុតំបន់លើកទី១ បានប្រារព្ធធ្វើឡើងនៅឆ្នាំ២០០២ នៅរាជធានីភ្នំពេញ។ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាបច្ចុប្បន្ន ដែលបង្កឡើងដោយវិបត្តិសាធារណៈ ក៏ដូចជាបញ្ហាប្រឈមតំបន់ និងពិភពលោក កិច្ចប្រជុំលើកទី៧ នៃសហប្រតិបត្តិការមហាអនុតំបន់មេគង្គនាពេលនេះ បានជ្រើសរើសយកមូលបទ«មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទស្សវត្សរ៍ថ្មី» ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅធ្វើយ៉ាងណាបន្តភាពជោគជ័យ និងធានាថាមហាអនុ-តំបន់មេគង្គនឹងនៅតែជាចំណុចស្នូលនៃការតភ្ជាប់តំបន់ និងជួយប្រទេសជាសមាជិកសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
កិច្ចប្រជុំមហាអនុតំបន់មេគង្គ ផ្ដោតសំខាន់លើវិស័យសំខាន់ៗ ដូចជា វិស័យដឹកជញ្ជូន,ថាមពល,ទូរគមនាគមន៍,បរិស្ថាន,ការអភិវឌ្ឍន៍ធនធានមនុស្ស,ទេសចរណ៍ និងកសិកម្ម៕