ក្នុងជំនួបនោះដែរ សម្តេចតេជោ ក៏បានប្រតិកម្មចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ី ដែលបានលើកឡើងក្នុងន័យរិះគន់ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ានម៉ាផងដែរ។
ក្នុងជំនួបតាមទូរសព្ទ ៣៥នាទីជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌនេស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តរំលឹកពីគោលបំណងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ទី៨ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោ បានប្រាប់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ីថា សម្តេចទទួលបានទាំងការគាំទ្រ និងមិនគាំទ្រសម្រាប់ដំណើរទស្សនកិច្ច ដើម្បីស្វែងរកច្រកចេញពីវិបត្តិរបស់មីយ៉ាន់ម៉ានេះ។
សម្តេចតេជោ បានប្រៀបធៀបដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា ប្រៀបបានទៅនឹងការទៅដាំដើមឈើ មិនមែនទៅកាប់ដើមឈើនោះទេ។ ក្នុងន័យនេះ សម្តេច ចង់បញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ាមិនទាន់អាចដោះស្រាយក្នុងពេលខ្លី ដែលត្រឹមសម្តេចធ្វើទស្សនកិច្ចនោះទេ ពោលគឺវាត្រូវការពេលច្រើនក្នុងការដោះស្រាយ ដោយសារនៅមីយ៉ាន់ម៉ាបច្ចុប្បន្នអាចមានរដ្ឋាភិបាលពីរ មិនមែនមានតែ១ដូចពីមុននោះទេ។
សម្តេច តេជោ ហ៊ុន សែន គូសបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់យើង គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ា ដែលជាប្រទេសមួយមានសភាពការណ៍មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន»។
នៅក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកសៃហ្វាន់ឌីន អាប់ដុឡាស (Saifuddin Abdullah) ដែលបានរិះគន់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសរូបនេះបានលើកឡើងថា សម្តេច គួរពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានមុនធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ា។ លោកអះអាងថា មានមនុស្សមួយចំនួនហាក់មិនយល់ព្រមនឹងដំណើរទស្សនកិច្ចនេះឡើយដោយពួកគេបារម្ភថា ដំណើរទស្សនកិច្ចត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់មេដឹកនាំយោធាលោក ម៉ីន អ៊ុងឡាំង ជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា។សម្តេចតេជោ បានចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីខាងលើ ជាទង្វើមួយដែលខុសនឹងក្របខណ្ឌអាស៊ាន។ សម្តេចបានផ្ញើសារតាមរយៈរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីយ៉ាងដូច្នេះថា៖ «ការផ្ញើសារនេះ គឺដើម្បីកុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ គឺរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន គេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង»។
ពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ានេះដែរ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញការគាំទ្រ និងកោតសរសើរចំពោះការខិតខំរបស់សម្តេចក្នុងការជំរុញឲ្យមានការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ប៉ុន្តែ លោក ចូកូ វីដូដូ បន្តស្នើឲ្យមីយ៉ាន់ម៉ាអនុវត្តនូវគោលការណ៍៥ចំណុច ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលអាស៊ាន។ ឯកឧត្តម ក៏ស្នើសុំឲ្យភាគីទាំងអស់ចូលរួមរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហានៅមីយ៉ានម៉ាផងដែរ៕