
ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើការបុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋានដ៏ប្រណីត The Palms របស់ក្រុមហ៊ុន Worldbridge Land របស់លោកឧកញ៉ា សៀ ឫទ្ធីកាលពីពេលថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា អ្នកអភិវឌ្ឍន៍សំណង់ថ្មីៗទាំងអស់ មិនថាលំនៅដ្ឋាន សណ្ឋាគារ ឬភោជនីយដ្ឋាននោះទេ គប្បីត្រូវមានការគិតគូរឲ្យបានម៉ត់ចត់ អំពីការគ្រប់គ្រងប្រព័ន្ធបង្ហូរកាកសំណល់រឹងរាវរបស់ខ្លួន ជៀសវាងការធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។
ឯកឧត្តម បន្ថែមថា ម្ចាស់គម្រោងសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់បង្កើតឲ្យមានជាប្រព័ន្ធគ្រប់គ្រងលូបង្ហូរកាកសំណល់របស់ខ្លួន និងជៀសវាងរាល់ការបង្ហូរកាកសំណល់ទាំងអស់នោះ ចូលទៅក្នុងលូរបង្ហូរទឹកមេ ដោយមិនបានធ្វើការចម្រោះ ឬមានអាងពិពិធកម្មទឹកត្រឹមត្រូវ ដែលមានលក្ខណៈស្ដង់ដារ។
ជាមួយគ្នានេះដែរ រាល់សំណង់ផ្សេងៗ ដែលបានសាង់សង់ពីមុនៗមក ក៏នឹងត្រូវមានត្រួតពិនិត្យ និងសិក្សាឡើងវិញអំពីបញ្ហាលូបង្ហូរកាកសំណល់នេះដែរ។
បើតាមការគូសបញ្ជាក់ពី ឯកឧត្តម ជា សុផារ៉ា បច្ចុប្បន្នខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងចាប់ផ្ដើមអនុវត្តគោលការណ៍នេះ នៅខេត្តព្រះសីហនុហើយ ដើម្បីរួមចំណែកការពារតំបន់ឆ្នេរ ពោលគឺរាល់គម្រោងសាងសង់ទាំងអស់ ដែលដាក់ពាក្យស្នើសុំមកកាន់ក្រសួង ចាំបាច់ត្រូវមានរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ខ្លួន ក៏ដូចជាការចម្រោះកាកសំណល់ មុននឹងបង្ហូរចូលទៅកាន់លូបង្ហូរទឹកមេ ស្របទៅតាមស្ដង់ដារខ្ពស់ ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Land ដែលបានបោះទុនប្រមាណ ១០០លានដុល្លារអាមេរិក សាងសង់គម្រោងលំនៅដ្ឋានលំហែកាយដ៏ប្រណីត The Palms បានលើកឡើងដែរថា ដោយសារតែមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអាណាព្យាបាល និងជាសមាជិកមួយរូបនៃ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងនោះ ក្រុមហ៊ុនរបស់លោកឧកញ៉ា ពិតជាមានទំនួលខុសត្រូវខ្ពស់ណាស់ ក្នុងការដើរស្របទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់ ក្នុងគោលបំណងចូលរួមលើកស្ទួយ និងពង្រឹងសមត្ថភាពដល់វិស័យការងារសំណង់ទាំងឡាយ ដែលបានសាងសង់ឡើង ឲ្យកាន់តែមានគុណភាព សុវត្ថិភាព និងផាកសុកភាព ស្របទៅតាមបទដ្ឋានជាតិ និងស្ដង់ដារអន្តរជាតិ។

សូមជម្រាបថា បើតាមប្រសាសន៍របស់ ឯកឧត្តម ជា សុផារ៉ា គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ ទុនវិនិយោគក្នុងវិស័យសំណង់មានប្រមាណ ៦៤០០លានដុល្លារអាមេរិក កើនឡើងជិត ២២% ធៀបនឹងឆ្នាំ២០១៦។ ជាមួយគ្នានេះ ចំនួនលំនៅដ្ឋាននៅឆ្នាំ២០១៧ មានការកើនឡើងរហូតដល់ជាង ៥២ម៉ឺនខ្នង មានកំណើនរហូតដល់ជាង ១៦០០% ធៀបនឹងឆ្នាំ ២០១៦ ដែលមានត្រឹមតែប្រមាណជាង ៣ម៉ឺនខ្នងប៉ុណ្ណោះ។ វិស័យសំណង់ ក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២៦ម៉ឺននាក់ផងដែរ៕