Advertisement
ការអភិវឌ្ឍ​ទីក្រុង​បូកគោ​ថ្មី

រដ្ឋមន្ត្រីក្រសួងដែនដី ប្រកាសឲ្យពលរដ្ឋក្ដាប់ឱកាសវិនិយោគ ខណៈបូកគោនឹងត្រូវអភិវឌ្ឍជាទីក្រុងថ្មី


បូកគោដែលត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយរបស់កម្ពុជា ក្នុងទឹកដីខេត្តកំពតនោះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រកាសថានឹងអភិវឌ្ឍទៅជាទីក្រុងថ្មីមួយ ដែលមានលក្ខណៈជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ និងជាទីក្រងវៃឆ្លាតផងដែរ។ ស្របពេលដែលតំបន់នេះ នឹងត្រូវអភិវឌ្ឍនូវមុខមាត់ថ្មីក្នុងពេលឆាប់ៗនោះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលក៏បានក្រើនរំឭកដល់ពលរដ្ឋផងដែរថា ឲ្យក្ដាប់ឱកាសមាសនេះ ឆ្លៀតទិញដីនៅតំបន់នោះ ឬក្បែរនោះទុក សម្រាប់ការវិនិយោគ។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ (រូបភាព៖ ខេមបូណូមីស)
ដោយ
Advertisement

ថ្លែង​នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ប្លង់គោលប្រើប្រាស់ដី​គម្រោង​អភិវឌ្ឍន៍​ទី​ក្រុងបូកគោ និងអភិវឌ្ឍន៍​វិស័យទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​ដែនដីនគរូបនីយកម្ម​និងសំណង់ បានស្នើដល់​ក្រុមហ៊ុន សុខា អូតែល ដែលមានគម្រោង​លក់ដីឡូតិ៍ នៅលើតំបន់​ក្រុងបូកគោ​នេះ ឲ្យបញ្ចេញ​លក់ដីឡូតិ៍ ១ម៉ឺនឡូត៌ ដល់កូនខ្មែរ ដែលជាអ្នកមាន​ចំណូល​មធ្យម និងទាប និងស្នើដល់ កូនខ្មែរ ឲ្យគាំទ្រ​គម្រោងនេះ ចៀសវាងមាន​ពាក្យថា «ភ្នំបូកគោ សុទ្ធតែយួន សុទ្ធតែចិន» ព្រោះការអភិវឌ្ឍ​នេះ មិនមែន​ផ្អែកលើជាតិ​និយម​នោះទេ គឺស្វាគមន៍​ការវិនិយោគ​មកពីគ្រប់​ទិសទី​ទាំងអស់។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍​យ៉ាងដូច្នេះ « ខ្ញុំមិនធ្វើការ​ឃោសនាឲ្យ​ គម្រោងនេះទេ ប៉ុន្តែខ្ញុំមិនចង់ឲ្យ​វាបាត់ ឧបមា​ថា​បើកូនខ្មែរមិនគាំទ្រ​គម្រោងនេះ ថ្ងៃក្រោយកុំ​និយាយមួយ ម៉ាត់ណា​ឲ្យ​សោះថា កន្លែងនេះ​សុទ្ធតែជនជាតិនេះ ជនជាតិនោះ ។ ឥឡូវនេះរយៈពេល ១០ថ្ងៃ គម្រោងនេះ លក់បាន៤ពាន់ឡូតិ៍​សម្រាប់តែ​កូនខ្មែរ តែសប្តាហ៍​ក្រោយត្រូវបញ្ចេញ​លក់ឲ្យ​ពលរដ្ឋខ្មែរ​ឲ្យ​បាន ១ម៉ឺនឡូតិ៍ ដើម្បីឲ្យ​អ្នកដែល​មានចំណូល​មធ្យម និងចំណូលទាប​អាចមាន​ឱកាស​ទិញបាន ហើយបើអត់​មានថវិកា​សង់ផ្ទះ សង់តែតង់​សិនក៏បាន»។

រូបប្លង់​តំបន់​អភិវឌ្ឍន៍ទីក្រុង​បូកគោថ្មី (រូបភាព៖ ខេមបូណូមីស)

ឯកឧត្តម លី រស្មី អគ្គនាយក​រងនៃអគ្គនាយកដ្ឋាន​សំណង់​នៃក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់​បានថ្លែងថា ដីឡូតិ៍​ដែលបានដាក់លក់​ជាគម្រោង​របស់​ឧកញ៉ាសុខ គង់ ដែលដីនោះត្រូវ​បានរាជរដ្ឋាភិបាល​កម្ពុជា​ជួលអចិន្ត្រៃយ៍​ដល់ក្រុមហ៊ុន​សុខា​រយៈពេល ៩៩ឆ្នាំ។ ដោយឡែក គម្រោងថ្មី​របស់​ក្រុងបូកគោ​វិញ គឺមានចំងាយ​ប្រមាណជាង ៣០គីឡូម៉ែត្រ ពីតំបន់​អភិវឌ្ឍន៍​​របស់ក្រុមហ៊ុន​សុខាអូតែល​លើភ្នំបូកគោ​ ដោយក្រសួង​ដែនដីគ្រោង​នឹងរៀបចំជា​ទីក្រុង​ទេសចរណ៍ ដោយមាន​សណ្ឋាគារ ផ្ទះលំហែកាយ​ជាដើម ។ 

ឯកឧត្តម បានបន្តថា គម្រោង​ទីក្រុងទេសចរណ៍​ថ្មីនេះ នឹងត្រូវចំណាយ​ពេលជាង ១៥ឆ្នាំក្នុងការ​អភិវឌ្ឍ នៅលើផ្ទៃដី ៥ភាគរយនៃ​ផ្ទៃដីសរុប​ជាង ១៥៤៤,៥៨ គីឡូម៉ែតក្រលា ដោយរដ្ឋបាន​ធ្វើអនុប្បយោគ​ ដីសាធារណៈ​របស់រដ្ឋ ឲ្យក្លាយ​មកជាដីឯកជន​របស់រដ្ឋ​វិញ ទើបអាចយក​មក​អភិវឌ្ឍបាន។ ចំពោះទំហំទឹកប្រាក់​និងការវិនិយោគ​របស់ក្រុមហ៊ុន​ឯកជនវិញ គឺមិនទាន់បាន​ពិភាក្សា​នៅឡើយនោះទេ ដោយ​គម្រោងនេះ​ស្ថិតនៅក្រោមការគ្រប់គ្រង​របស់រដ្ឋ​នៅឡើយ។

បំណែក​នៃប្លង់មេ សម្រាប់ការអភិវឌ្ឍ​ទីក្រុង​បូកគោថ្មី (រូបភាព៖ ខេមបូណូមីស)​

គម្រោងទីក្រុង​ទេសចរណ៍ថ្មីនេះ បែងចែកជា ៨តំបន់ ដោយសំខាន់​ជាងគេ គឺតំបន់ទី១ និងតំបន់ទី២។ តំបន់ទី១ គឺជាតំបន់​ទូទៅចំរុះ ដែលមាន​ទំហំជាងគេ រួមមានលំនៅដ្ឋាន រមណីយដ្ឋាន អគារពាណិជ្ជកម្ម មាន​អគារសាសនា មានទីតាំង​សម្រាប់​កីឡាជាដើម។ ចំណែកតំបន់ទី២ គឺជាទីតាំង​ដែលមាន​កម្ពស់​ខ្ពស់ជាងគេ ដោយគេនឹង​ដាក់តំបន់ សម្រាប់សាសនា ឬវត្តអារាម ដើម្បីបម្រើ​ដល់សាសនា​ផង និងវិស័យ​ទេសចរណ៍​ផងដែរ។ សម្រាប់យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្លង់មេ​គម្រោងទីក្រុង​ទេសចរណ៍ថ្មី​លើភ្នំបូកគោនេះ​បានចាប់ផ្តើម​ជាបណ្តើរៗហើយ គ្រោងនឹងបញ្ចាប់​នៅឆ្នាំ ២០៣៥ តែក្រុមការងារ​អភិវឌ្ឍន៍​នឹងពិនិត្យ​ឡើងវិញ​រៀងរាល់ ៥ឆ្នាំម្តង ដើម្បីកែសម្រួល​ប្លង់មេនោះ​ឲ្យ​សមស្រប​តាមការអនុវត្ត​ជាក់ស្តែង៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និស្សិតកម្ពុជាចូលរួមកម្មវិធីភាពជាអ្នកដឹកនាំនិងសកម្មភាពអភិវឌ្ឍន៍សង្គមនៅក្នុងការបោះជំរំអាស៊ាន រៀបចំដោយ SCG

ព័ត៌មាន
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយនៅក្នុងអាស៊ាន បានរៀបចំព្រឹត្តិការណ៍ជំរំពហុវប្បធម៌មួយ ដែលមានឈ្មោះថា «SCG ចែករំលែកក្ដីសុបិនអាស៊ាន» ...

សហគ្រាសធុនតូច និងមធ្យម ថៃ នៅតែទទួលបានការវិនិយោគរឹងមាំ ពីវិនិយោគិនជប៉ុន

ព័ត៌មាន
ប្រទេសថៃ និងជប៉ុនបានបង្ហាញពីផែនការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យសហគ្រាសធុនតូច និងមធ្យម បន្ទាប់ពីប្រទេសថៃ បានទាក់ទាញការវិនិយោគជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ