កម្ពុជា - កូរ៉េខាងត្បូង - អង់គ្លេស

កម្ពុជា ប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើន ជាមួយកូរ៉េខាងត្បូង និងអង់គ្លេស


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ មានជំនួបពីរផ្សេងគ្នាជាមួយនឹងឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េខាងត្បូង និងឯកអគ្គរាជទូតចក្រភពអង់គ្លេស។ ក្នុងនៅក្នុងជំនួបទាំងពីរនេះ គឺមានគោលបំណងដូចគ្នា ក្នុងការព្រឹងទំនាក់ទំនងរវាងគ្នាឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា គឺសុទ្ធសឹងជាប្រទេសដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ល្អរបស់កម្ពុជា។
កម្ពុជា ប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើន ជាមួយកូរ៉េខាងត្បូង និងអង់គ្លេស

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ដូមីនិក វីលៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានអះអាងថា មហិច្ឆតារបស់ឯកឧត្តម គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនិងខ្លាំងឡើង។ ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបញ្ជាក់ជូនឯកឧត្តម ដូមីនិក ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយសម្តេច ក៏បាន លើកទឹកចិត្តឱ្យមានការវិនិយោគអង់គ្លេស មកកាន់កម្ពុជាកាន់តែច្រើនថែមទៀតនាពេលខាងមុខ។ ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីររវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ១ ០០០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ជាមួយកំណើនប្រមាណ ២៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦ លានដុល្លារអាមេរិក។

បន្ទាប់ពីជួបជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជារួចនៅថ្ងៃទី២០ ខែកុម្ភៈ ដដែលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តជួបពិភាក្សាការងារជាជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មីផងដែរ។ ក្នុងជំនួបនោះ ឯកឧត្តម Park Jung Wook បានជម្រាបសម្តេចតេជោថា ឯកឧត្តមបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេច ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។ ដោយឯកឧត្តម បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីនេះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។ ឯកឧត្តម Park Jung Wook បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះទេ។




អត្ថបទបន្ទាប់


កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្ដើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមបន្ដការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ…

អ័រគីដេ ប្រកាសបើកលក់ ខុនដូ អាគារថ្មី Tower F របស់ខ្លួន នៅលើផ្លូវ ២០០៤ ជាមួយការបង់រំលស់ត្រឹម ៣៥០ ដុល្លារ/ខែ ដោយគ្មានការប្រាក់រយៈពេលយូរ

អ័រគីដេ ប្រកាសបើកលក់ ខុនដូ អាគារថ្មី Tower F របស់ខ្លួន លើផ្លូវ ២០០៤ ចាប់ពីថ្ងៃ ២៤ ដល់ ២៦ កុម្ភៈ នេះ ជាមួយការបង់រំលស់ត្រឹម ៣៥០ ដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ