ក្នុងនោះ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី,អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ,អាកាសយានដ្ឋានអន្តរជាតិតារាសាគរ,អាកាសយានដ្ឋានកោះកុង,អាកាសយានដ្ឋានប៉ោយប៉ែត និងអាកាសយានដ្ឋានមណ្ឌលគិរី ដែលមានទំហំវិនិយោគសរុបជិត ៣ពាន់លានដុល្លារ។
មន្រ្តីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា ការអភិវឌ្ឍអាកាសចរណ៍ថ្មីៗជាច្រើននេះ គឺដើម្បីទាក់ទាញវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងការទាក់ទាញវិនិយោគពីបរទេស។
របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា វិស័យអាកាសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួន១,៧លានការងារ ស្មើនឹងជិត ២០% នៃចំនួនប្រជាជនធ្វើការសរុបរបស់ប្រទេសកម្ពុជា និងបានផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោលជិត១៧% នៃផលិតផលសរុប។ ក៏ប៉ុន្តែ វិស័យនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០។ យ៉ាងណាមិញ សម្រាប់កម្ពុជា ដើម្បីស្ដារឡើងវិញនូវវិស័យទេសចរណ៍ អាកាសចរណ៍ និងជំរុញការវិនិយោគពីខាងក្រៅ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍអាកាសយានដ្ឋានថ្មីចំនួន៦ និងការអភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ហាចរាចរណ៍ដែនអាកាស ដែលមានទំហំវិនិយោគសរុប រហូតជិត ៣លានដុល្លារអាមេរិក។
ថ្លែងកាលពីពេលថ្មីៗ នាឱកាសសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធិផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល គូសបញ្ជាក់ថា ដំណើរការនៃការសាងសង់អាកាសយានដ្ឋានទាំងនោះ មានអាកាសយានដ្ឋានមួយចំនួនបាននិងកំពុងតែដំណើរការសាងសង់ ហើយមានអាកាសយានដ្ឋានខ្លះបានបញ្ចប់ការសាងសង់រង់ចាំការបើកប្រតិបត្តិការជាផ្លូវការ ក៏ប៉ុន្តែ ក្នុងចំណោមអាកាសយានដ្ឋានទាំងនោះ ក៏មានអាកាសយានដ្ឋានខ្លះ ត្រូវជាប់គាំង ដោយសារតែបញ្ហានៃវិបត្តិកូវីដ១៩ ផងដែរ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទុនវិនិយោគ ១៥០០លានដុល្លារ ជាប្រភេទ4F ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរចំនួន ១៣លាននាក់ នៅឆ្នាំ២០៣០ ដល់២០៥០ និងអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ ចាប់ពីឆ្នាំ២០៣០ ដល់២០៥០។
ចំណែកឯ អាកាសយានដ្ឋានសៀមរាបថ្មី មានទុនវិនិយោគ ៨៨០លានដុល្លារ ស្ថិតលើផ្ទៃដីជាង៧០០ហិកតា និងស្ថិតក្នុងដំណាក់កាលសិក្សាជាលក្ខណៈ 4E និងមានទិសដៅនិងផែនការ អាចទទួលអ្នកដំណើរ ៧លាននាក់ នៅរយៈពេលខ្លីនិងមធ្យម និងមានផែនការពង្រីកសមត្ថភាពដើម្បីទទួលអ្នកដំណើរឲ្យបាន១០លាននាក់ និងឈានដល់២០លាននាក់ នៅរយៈពេលមធ្យម។
ដោយឡែក អាកាសយានដ្ឋានតារាសាគរ មានទុនវិនិយោគ ២០០លានដុល្លារ ជាគម្រោង១ភ្ជាប់នឹងគម្រោងផ្សេងៗ និងបានបញ្ចប់ការសាងសង់១០០ភាគរយ ដែលគ្រោងចាប់ផ្ដើមប្រតិបត្តិការនៅពាក់កណ្ដាលឆ្នាំ២០២៣។
យ៉ាងណាមិញ ទាក់ទងនឹងអាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី ដែលមានទុនវិនិយោគ ១០០លានដុល្លារ ត្រូវបានឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អះអាងថា នៅតែមានភាពទ្រឹងនៅឡើយ និងមិនទាន់មានក្រុមហ៊ុនណាទទួលសាងសង់បន្តពីក្រុមហ៊ុនចិន ដែលផ្អាកការសាងសង់ឡើយ ខណៈកន្លងមក ក៏មានក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍ដែរ តែរហូតមកដល់ពេលនេះ មិនទាន់ចេញជាផ្លូវការនៅឡើយ។ លើសពីនេះ មានអាកាសយានដ្ឋានកោះកុង ដែលមានទំហំទុនវិនិយោគ ៨០លានដុល្លារ និងអាកាសយានដ្ឋានប៉ោយប៉ែត ដែលមានទំហំទុនវិនិយោគ ៦៥លានដុល្លារ និងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រង និងបញ្ហាចរាចរណ៍ដែនអាកាស ៥លានដុល្លារ ផងដែរ៕