ទោះបីជាការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករកម្ពុជានៅឆ្នាំនេះហាក់រងការគំរាមកំហែងពីកត្តារួមផ្សំមួយចំនួនដូចជាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងផលប៉ះពាល់អាកាសធាតុពីបាតុភូត អែលនីណូ ក៏ដោយ តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែសម្រេចបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅ៨ខែដំបូងឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជិត៨០ម៉ឺនតោនទៅកាន់ទីផ្សារ៦៦គោលដៅនៅលើពិភពលោកជាមួយទំហំទឹកប្រាក់ជាង៤៦៤លានដុល្លារ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ប្រទេសទាំង៥នៅតំបន់អាស៊ានបានស្រូបទាញអង្ករកម្ពុជាច្រើនជាងគេនៅក្នុងរយៈពេល៨ខែកន្លងមកនេះជាមួយបរិមាណជាង៣១ម៉ឺនតោនគិតជាទឹកប្រាក់ជាង១២២លានដុល្លារ បន្ទាប់មកទីផ្សារ៣៣ប្រទេសនៅទ្វីបអឺរ៉ុប ដោយបានស្រូបទាញបរិមាណអង្ករជាង២៣ម៉ឺនតោនជាមួយទឹកប្រាក់ជាង១៧៥លានដុល្លារ ខណៈចិន និងតំបន់រដ្ឋបាលស្វយ័តបានស្រូបទាញអង្ករពីកម្ពុជាជាង១៧ម៉ឺនតោនគិតជាទឹកប្រាក់ជាង១០៥លានដុល្លារ និងទីផ្សារ២៥ប្រទេសផ្សេងៗទៀតបានស្រូបទាញជាង៦ម៉ឺន៧ពាន់តោនជាមួយទឹកប្រាក់ជាង៦០លានដុល្លារ។ នៅក្នុងរយៈពេលដូចគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវបានជាង៣,៣លានតោនជាមួយចំណូលជាង៧៥៣រយលានដុល្លារផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ