ចិនបង្ហាញផែនការអភិវឌ្ឍ SME

ចិនបង្ហាញផែនការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាស្នូលជំរុញកំណើនសេដ្ឋកិច្ច


ប្រទេសចិនកំពុងដាក់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ឱ្យស្ថិតនៅចំចំណុចស្នូលនៃការជំរុញសេដ្ឋកិច្ចរយៈពេល៥ឆ្នាំខាងមុខរបស់ខ្លួន។ ទីក្រុងប៉េកាំង បានបង្ហាញផែនការថ្មីមួយ ដើម្បីជួយ SME ទាំងជាង៦៣លានសហគ្រាសឱ្យរីកចម្រើនប្រកបដោយនវានុវត្តន៍ និងកាន់តែមានភាពប្រកួតប្រជែង ជាមួយនឹងគោលដៅបង្កើនប្រាក់ចំណូល ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និង​បង្កើនការគាំទ្រអាជីវកម្មរហូតដល់ឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៤ ខែកញ្ញា នេះ។
ចិនបង្ហាញផែនការអភិវឌ្ឍ SME
ដោយ

ប្រទេសចិនបានដាក់ឱ្យដំណើរការផែនការឆ្នាំ២០២៦-២០៣០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតសំខាន់លើកំណើន នវានុវត្តន៍ ការផ្លាស់ប្តូរឆ្ពោះទៅរកឌីជីថលនីយកម្ម និងបរិយាកាសអាជីវកម្មឱ្យកាន់តែប្រសើរ។ នៅឆ្នាំ២០៣០ ផែនការនេះមានគោលបំណងឱ្យ SME ធំៗបង្កើនប្រាក់ចំណូលប្រតិបត្តិការក្នុងមនុស្សម្នាក់ៗប្រហែល១៥%ក្នុងរយៈពេល៥ឆ្នាំ ហើយនវានុវត្តន៍ គឺជាអាទិភាពដ៏សំខាន់មួយទៀត។ ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្ទៃក្នុងដោយ SME ធំៗត្រូវបានរំពឹងថា នឹងកើនឡើងជាង៨%ជារៀងរាល់ឆ្នាំ ខណៈចំនួន SME ធំៗដែលមានជំនាញ និងបច្ចេកវិទ្យាកម្រិតខ្ពស់ត្រូវបានកំណត់ពង្រីកឱ្យឈានដល់២២,០០០សហគ្រាសនៅឆ្នាំ២០៣០។
ផែនការនេះ ក៏អំពាវនាវឱ្យពង្រឹងការផ្តល់ហិរញ្ញប្បទាន និងសេវាសាធារណៈ ការទទួលបានធនធានផលិតកម្មកាន់តែប្រសើរ និងការគាំទ្រផ្នែកច្បាប់ និងគោលនយោបាយកាន់តែប្រសើរឡើង។ ប្រទេសចិន នឹងខិតខំកាត់បន្ថយការពន្យារពេលទូទាត់ ដែលនៅជំពាក់ SME និងពង្រីកការទទួលបានប្រភពហិរញ្ញប្បទានផ្សេងៗយ៉ាងសម្បូរបែប។
ទីក្រុងប៉េកាំង ក៏មានគម្រោងបង្កើនតំបន់សហប្រតិបត្តិការសម្រាប់ SME ចិន និង SME បរទេសឱ្យឈានដល់៥០តំបន់នៅឆ្នាំ២០៣០ ទន្ទឹមនឹងការជំរុញអាជីវកម្មឆ្ពោះទៅរកការអភិវឌ្ឍឌីជីថល បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង។ ផែនការនេះកំណត់អាទិភាពសំខាន់ៗចំនួន៧ រួមទាំងការការពារអាជីវកម្ម និងការងារ ការបណ្តុះ SME ឱ្យកាន់តែរឹងមាំ ការកែលម្អសេវាកម្មរបស់ SME ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធនធានផលិតកម្ម និងការពង្រីកការការពារផ្នែកច្បាប់។
SME ពិតជាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយទិន្នន័យបានបង្ហាញថា នៅចុងឆ្នាំ២០២៥ នៅទូទាំងប្រទេសចិន មាន SME រហូតដល់ទៅជាង៦៣លានសហគ្រាសកំពុងដំណើរការ គ្របដណ្ដប់រហូតដល់ជាង៩៥% នៃអង្គភាពអាជីវកម្មទាំងអស់នៅប្រទេសចិន។ ផែនការខាងលើនេះ គឺជាផ្នែកមួយនៃផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន ខណៈទីក្រុងប៉េកាំង កំពុងស្វះស្វែងពង្រឹង SME និងពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសចិន ស្របពេលមានការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជាកាន់តែខិតជិតទៅរកសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោន ក្រោយ៨ខែសម្រេចបានជិត៨០ម៉ឺនតោន

ទោះបីជាការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករកម្ពុជានៅឆ្នាំនេះហាក់រងការគំរាមកំហែងពីកត្តារួមផ្សំមួយចំនួនដូចជាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និង…

ចិនជំរុញឱ្យបារាំងបញ្ឈប់ការអនុវត្តច្បាប់ប្រឆាំងឧស្សាហកម្មកាត់ដេរ និងព្រមានចាត់វិធានការតបត

ចិនចេញមុខប្រឆាំងយ៉ាងខ្លាំងក្លាចំពោះច្បាប់ប្រឆាំងឧស្សាហកម្មសម្លៀកបំពាក់ទាន់សម័យលឿនរហ័ស ឬ Ultra-Fast-Fashion របស់ប្រទេសបារាំ ដែលត្រូវបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ