Ultra-Fast-Fashion

ចិនជំរុញឱ្យបារាំងបញ្ឈប់ការអនុវត្តច្បាប់ប្រឆាំងឧស្សាហកម្មកាត់ដេរ និងព្រមានចាត់វិធានការតបត


ចិនចេញមុខប្រឆាំងយ៉ាងខ្លាំងក្លាចំពោះច្បាប់ប្រឆាំងឧស្សាហកម្មសម្លៀកបំពាក់ទាន់សម័យលឿនរហ័ស ឬ Ultra-Fast-Fashion របស់ប្រទេសបារាំ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារផលប៉ះពាល់បរិស្ថាន និងឧស្សាហកម្មកាត់ដេររបស់បារាំង។ ទោះបីជាអាជ្ញាធរបារាំងអះអាងថា ច្បាប់ដែលបានចូលជាធរមាននៅខែកញ្ញា នេះ ធ្វើឡើងដើម្បីការពារបរិស្ថាន និងឧស្សាហកម្មកាត់ដេរក្នុងស្រុកក៏ដោយ ប៉ុន្តែក្រសួងពាណិជ្ជកម្មចិនបានវាយបកវិញភ្លាមៗថា នេះជាទង្វើរំលោភលើគោលការណ៍ស្ទើរតែទាំងស្រុង និងជាការរើសអើងផ្ទុយពីបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
Ultra-Fast-Fashion
ដោយ

 អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោកស្រី ហួង លីង (Huang Ling) បានចាត់ទុកច្បាប់ថ្មីរបស់បារាំង «Ultra-Fast-Fashion» គឺជាការបង្កើតរបាំងពាណិជ្ជកម្ម ដែលមានស្តង់ដាពីរ ដោយយកលេសការការពារបរិស្ថាន និងនិរន្តរភាពមកបាំងមុខតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លោកស្រី ទាមទារឱ្យបារាំងបញ្ឈប់ការអនុវត្តច្បាប់នេះជាបន្ទាន់ ហើយវិលមកដោះស្រាយវិវាទពាណិជ្ជកម្មវាយនភណ្ឌ និងកាត់ដេរតាមរយៈការសន្ទនាដោយស្មើភាព ដើម្បីធានាបាននូវបរិយាកាសទីផ្សារប្រកបដោយយុត្តិធម៌ និងគ្មានការរើសអើងចំពោះសហគ្រាសវិនិយោគរបស់ចិន។ អ្នកនាំពាក្យរូបនេះព្រមានថា ប្រសិនបើបារាំងនៅតែរឹងរូសបន្តអនុវត្តច្បាប់នេះដោយឯកតោភាគី ចិននឹងប្រើប្រាស់គ្រប់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ហើយបារាំងខ្លួនឯងត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ ដែលនឹងកើតមានឡើង។
មូលហេតុចម្បងដែលទីក្រុងប៉េកាំងប្រតិកម្មខ្លាំងៗចំពោះច្បាប់នេះ គឺដោយសារក្រុមហ៊ុន Ultra-Fast-Fashion ធំៗភាគច្រើនមានមូលដ្ឋានផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ ចិនបារម្ភថា ច្បាប់នេះមិនត្រឹមតែប៉ះពាល់ដល់ចំណូល នៃការនាំចេញសម្លៀកបំពាក់របស់ខ្លួនទៅកាន់ប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងក្លាយជាគំរូឱ្យបណ្តាប្រទេសដទៃទៀតនៅក្នុងសហភាពអឺរ៉ុបយកទៅអនុវត្តតាម។
ក្រុមអ្នកវិភាគបានលើកឡើងថា ការចេញមកប្រតិកម្មរបស់ទីក្រុងប៉េកាំងនេះ មិនមែនត្រឹមតែដើម្បីការពារទីផ្សារនាំចេញសម្លៀកបំពាក់របស់ខ្លួននៅបារាំងប៉ុណ្ណោះទេ ប៉ុន្តែជាការទប់ស្កាត់កុំឱ្យបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប ដើរតាមគំរូរបស់បារាំង។ ការបាត់បង់ទីផ្សារអឺរ៉ុប គឺជាហានិភ័យដ៏ធំធេងសម្រាប់ចិន ខណៈដែលទិន្នន័យពី Euromonitor International បានបង្ហាញថា ទំហំទីផ្សារឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌរបស់ចិនបានកើនឡើងដល់២៨៨ពាន់លានដុល្លារឯណោះកាលពីឆ្នាំ២០២៥ កន្លងទៅ។
គួរបញ្ជាក់ថា ច្បាប់ Ultra-Fast-Fashion ឬប្រឆាំងឧស្សាហកម្មសម្លៀកបំពាក់ទាន់សម័យលឿនរហ័ស គឺជាច្បាប់ដ៏តឹងរ៉ឹងមួយដែលប្រទេសបារាំងបានអនុម័ត ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ និងការបំពុល ដែលកើតចេញពីការផលិត និងការប្រើប្រាស់សម្លៀកបំពាក់ក្នុងបរិមាណច្រើនលើសលប់។ ច្បាប់នេះតម្រង់ទិសដៅជាពិសេសទៅលើក្រុមហ៊ុនលក់សម្លៀកបំពាក់អនឡាញខ្នាតយក្ស ដែលតែងតែបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីៗរាប់ពាន់ម៉ូដជារៀងរាល់ថ្ងៃក្នុងតម្លៃថោកៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនបង្ហាញផែនការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាស្នូលជំរុញកំណើនសេដ្ឋកិច្ច

ប្រទេសចិនកំពុងដាក់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ឱ្យស្ថិតនៅចំចំណុចស្នូលនៃការជំរុញសេដ្ឋកិច្ចរយៈពេល៥ឆ្នាំខាងមុខរបស់ខ្លួន។ ទីក្រុងប៉េកាំង…

អឺរ៉ុបចូលដៃជាមួយអាម៉េរិកក្របាច់កផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ថ្កោលទោសចំពោះការចូលដៃចូលជើងនេះ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានចេញមុខកោតសរសើរសហភាពអឺរ៉ុប (EU) យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ