យ៉ាងណាក៏ដោយ ថ្មីៗនេះ មន្ត្រីការទូតរបស់អ៊ីរ៉ង់បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការកៀរគរវិនិយោគិនអ៊ីរ៉ង់ឲ្យមកបោះទុនវិនិយោគលើវិស័យប្រេងកាត និងថាមពលនៅកម្ពុជា។ ក្រៅពីប្រទេសអ៊ីរ៉ង់ កម្ពុជា ក៏បាននិងកំពុងទាក់ទង និងពិភាក្សាជាមួយបណ្តាប្រទេសមួយចំនួនទៀត ឲ្យមកអភិវឌ្ឍន៍លើវិស័យប្រេងកាតនៅកម្ពុជា។
នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើការអភិវឌ្ឍន៍វិស័យថាមពល និងប្រេងជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ិស្លាមអ៊ីរ៉ង់បានបង្ហាញជំហរចង់ចូលរួមអភិវឌ្ឍន៍វិស័យបូមប្រេងនៅកម្ពុជា ដែលកំពុងជាប់គាំង ក្រោយក្រុមហ៊ុនរុករក និងបូមប្រេងនៅកម្ពុជា Kris Energy ក្ស័យធន ក្រោយគ្មានលទ្ធភាពសងបំណុល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។
បើតាមឯកឧត្តម ជៀប សួរ គោលបំណងនៃកិច្ចពិភាក្សាខាងលើ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនិងប្រេងកាតរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតអ៊ិស្លាមអ៊ីរ៉ង់បានបង្ហាញការប្តេជ្ញានៅចំពោះមុខថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលថា ខ្លួននឹងខិតខំទាក់ទាញ និងកៀរគរវិនិយោគិនអ៊ីរ៉ង់ឲ្យមកសម្លឹងមើលឱកាសវិនិយោគលើវិស័យថាមពល និងប្រេងកាតនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរូបនេះបានគូសបញ្ជាក់ទៀតថា ក្រៅពីប្រទេសអ៊ីរ៉ង់ កម្ពុជាក៏បាននិងកំពុងទាក់ទង និងពិភាក្សាជាមួយប្រទេសផ្សេងទៀត ដើម្បីទាក់ទាញវិនិយោគិនក្នុងប្រទេសទាំងនោះឲ្យមកបោះទុនវិនិយោគលើវិស័យបូមប្រេងនៅកម្ពុជា ដែលបានផ្អាកប្រតិបត្តិការបូម និងរុករកអស់រយៈពេលជាច្រើនខែកន្លងមកនេះផងដែរ។ តែយ៉ាងណា ឯកឧត្តមមិនទាន់អាចបញ្ជាក់ពីឈ្មោះប្រទេសទាំងនោះទេ។
គិតមកទល់ពេលនេះមានរយៈពេលប្រមាណជាង៨ខែហើយ ដែលការបូមប្រេងពីប្លុក A នៅតំបន់អប្សារ៉ាក្នុងឈូងសមុទ្រកម្ពុជាបានផ្អាកប្រតិបត្តិការ បន្ទាប់ពីក្រុមហ៊ុនរុករក និងបូមប្រេង KrisEnergy ស្នើសុំតុលាការសិង្ហបុរីប្រកាសក្ស័យធន និងសុំលក់ទ្រព្យសម្បត្តិ ដើម្បីសងម្ចាស់បំណុល។ ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនបូមប្រេងមួយនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះគ្មានលទ្ធភាពសងបំណុលជូនដល់ម្ចាស់បំណុល ក្រោយខ្លួនអស់ជម្រើសក្នុងការកៀរគរទុន និងបំណុលកើនលើសតម្លៃទ្រព្យសកម្ម។ ការបូមប្រេងពីអណ្តូងនៅកម្ពុជាទទួលបានទិន្នផលតិចជាងការរំពឹងទុក ក៏ជាមូលហេតុមួយ ដែលធ្វើឲ្យក្រុមហ៊ុននេះ ប្រឈមនឹងបន្ទុកបំណុលវណ្ឌកផងដែរ។
ដោយឡែក ប្រេងរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល ដែលត្រូវបានក្រុមនាវិករបស់នាវាស្ដុកប្រេង MT Strovolos លួចដឹករត់ចេញពីដែនសមុទ្រកម្ពុជា ហើយត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ទុកមកពេលនេះមិនទាន់មានពន្លឺថា នឹងអាចមកវិញបាននៅពេលណានោះទេ។ ខណៈកន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការលើបញ្ហានេះជាមួយភាគីឥណ្ឌូណេស៊ីជាច្រើនលើកមកហើយដែរ តែមិនទាន់មានលទ្ធផលជាដុំកំភួននោះទេ៕