វិស័យទេសចរណ៍

បារាំងចាត់ទុកកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍


ប្រទេសបារាំង បានជ្រើសរើសយកកម្ពុជាធ្វើជាដៃគូនាំមុខគេមួយនៅអាស៊ានក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការលើវិស័យទេសចរណ៍ ខណៈប្រទេសបារាំង មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។ ការណ៍ដែលបារាំងជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះថា កម្ពុជាគឺជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ នេះបើតាមការគូសបញ្ជាក់ពីក្រសួងទេសចរណ៍។
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

ការបញ្ជាក់ពីគោលបំណងបារាំងក្នុងការជ្រើសរើសយកកម្ពុជាធ្វើជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ គឺធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅសប្ដាហ៍នេះ។

លោកឯកអគ្គរដ្ឋទូតបារាំងបានចូលរួមអបអរសាទរដល់កម្ពុជាដែលបានធ្វើជាប្រធានអាស៊ានក្នុងអាណត្តិឆ្នាំ២០២២នេះ។ ជាមួយគ្នានោះ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។

ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង លោក ហ្សាគ ថែមទាំងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាំមុខគេក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែលនេះជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។

ឯកអគ្គរដ្ឋទូតបារាំង បន្ថែមថាទៀត លោកនឹងបន្តផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅកាន់ប្រជាជនបារាំង ដើម្បីឱ្យពួកគេជ្រើសរើសគោលដៅទេសចរណ៍កម្ពុជាជាគោលដៅអាទិភាពមួយ នៅពេលសភាពការណ៍កូវីដ១៩មានការថមថយ ឬអាចធ្វើដំណើរបានស្រួល។

ជាមួយគ្នានោះដែរ ឯកឧត្ដម ថោង ខុន បានស្នើឱ្យមានការជំរុញតភ្ជាប់ជើងហោះហើរត្រង់ពីបារាំងទៅមកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅមករវាងប្រទេសទាំងពីកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា នាពេលខាងមុខ ឯកឧត្តមក៏នឹងជួបជាមួយអាជីវករ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដែលជាជនជាតិបារាំង ដើម្បីរកវិធីសាស្ត្របន្ថែមទៀតក្នុងស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យបានល្អប្រសើរឡើងវិញ ខណៈនៅកម្ពុជាក៏មានអាជីវករ និងប្រតិបត្តិករជាជនជាតិបារាំងច្រើនផងដែរ។

នៅក្នុងជំនួបនោះផងដែរ តាមសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីបារាំងសន្យាជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំងពីរចង់ឱ្យមានក្រុមការងារមួយចុះមកសិក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះលោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៊ីហ្គេមនៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកខាងលិចដាក់ទណ្ឌកម្មផ្ទួនៗប្រឆាំងរុស្សី ក្រោយលើកទ័ពចូលតំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែន

ព័ត៌មាន
ប្រទេសលោកខាងលិច ដែលរួមមានសម្ព័ន្ធមិត្ត អាមេរិក និងអង់គ្លេសជាដើម បានដាក់ចេញទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសរុស្សីក្រោយ ប្រធានាធិបតីរុ…

កោះតៃវ៉ាន់បង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ពីការវាយប្រហាររបស់ចិន ក្រោយមើលឃើញវិបត្តិនៅអ៊ុយក្រែន

ព័ត៌មាន
ក្រុមមន្ត្រីរបស់រដ្ឋបាលទីក្រុងតៃប៉ិបាននិយាយថា កោះតៃវ៉ាន់មានការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចទាញយកផលប្រយោជន៍ ពេលដែលលោកខាងលិចកំពុងជាប់ដៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ