ឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្រក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ភ្ញៀវទេសចរជនជាតិជប៉ុន គឺជាភ្ញៀវទេសចរគោលដៅសំខាន់មួយរបស់កម្ពុជាក្នុងចំណោមភ្ញៀរទេសចរណ៍គោលដៅសំខាន់ៗដទៃទៀត ក្នុងការជួយជំរុញវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមបន្ថែមថា ភ្ញៀវទេសចរជនជាតិជប៉ុន ភាគច្រើនពួកគាត់និយមចូលចិត្តដើរកម្សាន្តនៅតាមទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្ត ជាក់ស្តែងដូចជានៅខេត្តសៀមរាប និងរាជធានីភ្នំពេញជាដើម ដែលជាទីតាំងមួយដែលមានការទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរជនជាតិជប៉ុន។
ដើម្បីជំរុញទាក់ទាញភ្ញៀវទេសចរអន្តរជាតិពិសេសជនជាតិជប៉ុន ក្រសួងទេសចរណ៍ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសជប៉ុន បានដឹកនាំក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកឯកជនចូលរួមកម្មវិធី ពិព័រណ៍កម្ពុជា Cambodia Festival 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរជនជាតិជប៉ុនចំនួន ជាង១ម៉ឺន១ពាន់នាក់ មានការកើនឡើងជាង ១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ យោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួនប្រមាណជាង ២លាន២សែននាក់ កើនឡើងជាង ១ពាន់ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ទេសចរជប៉ុនមានចំនួនប្រមាណជិត ៣ម៉ឺននាក់ មានការកើនឡើងជាង ១ពាន់៣រយភាគរយឯណោះ បើធៀបនឹងឆ្នាំ២០២១។
តាមរយៈកំណើនភ្ញៀវទេសចរអន្តរជាតិនៅត្រីមាសទី១ ឆ្នាំនេះ បានជំរុញឲ្យឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញដូចពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ ការហ៊ានវាយតម្លៃបែបនេះ ធ្វើឡើងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងលើសកលលោកមានភាពធូរស្បើយ គួបផ្សំនឹងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ៕