សហគមន៍អាស៊ាន

សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិនអាស៊ាន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាគឺជាដៃគូដ៏រស់រវើក និងទាក់ទាញមួយក្នុងសហគមន៍អាស៊ាន ហើយកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ដើម្បីចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន។
សហគមន៍អាស៊ាន
ដោយ

ជាមួយគ្នានេះ កម្ពុជា ប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនានានា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ផងដែរ។

នាពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ដើម្បីពិភាក្សាក្រោមមូលបទ«បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមានមហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌។

បើតាមសម្តេចធិបតី វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកល និងជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុនសម្រាប់គ្រប់តួអង្គពាក់ព័ន្ធផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងទាក់ទាញមួយក្នុងសហគមន៍អាស៊ាន ដ្បិតថា កម្ពុជាមានទីតាំងប្រកបដោយឧត្តមភាព ផ្ដល់នូវការតភ្ជាប់រលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃសហការ ដែលផ្ដោតទៅលើការផ្ដល់ប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពនៅក្នុងតំបន់។

បើតាមសម្តេចធិបតី សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗក្នុងតំបន់ និងសកលលោកដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជា ក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ នៅក្នុងទីផ្សារសកលដែលពោរពេញដោយសក្តានុពល ឬជវភាព។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជំរុញការអនុវត្ត«យុទ្ធសាស្ត្រប្រទេសបូក» តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេចទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ានផងដែរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ជាច្រើនទសវត្សរ៍មកនេះ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។ តួយ៉ាងមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ អស់រយៈពេល២ទសវត្សរ៍មកនេះ។

ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សម្តេចធិបតី បានអះអាងថា សេដ្ឋកិច្ច កម្ពុជាក៏បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤នេះ ហើយនឹងអាចត្រលប់ទៅរកអត្រាកំណើនក្នុងរង្វង់៧% ក្នុងឆ្នាំ២០២៨ ខាងមុខនេះផងដែរ៕

None



អត្ថបទបន្ទាប់


ជប៉ុន និងសហភាពអឺរ៉ុបនឹងអភិវឌ្ឍសម្ភារទំនើបៗសម្រាប់ផលិតផលបន្ទះឈីប និងយានយន្តអគ្គិសនី

ប្រទេសជប៉ុន និងសហភាពអឺរ៉ុបគ្រោងនឹងសហការគ្នាជាផ្លូវការលើការអភិវឌ្ឍសម្ភារទំនើបៗនៅក្នុងវិស័យមួយចំនួនដូចជាវិស័យបន្ទះសៀគ្វី និងថ្មអាគុយសម្រា…

រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង អភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតទៅជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ក្រឡា

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្ដជំរុញមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ