លោក ស៊ូរ៉ាសាក់ ផាន់ឆារឿន វូរ៉ាគុល (Surasak Phancharoenworakul) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានអះអាងថា ឯកអគ្គរដ្ឋទូតចិន ប្រចាំក្រុងបាងកក បានលើកឡើងពីការព្រួយបារម្ភអំពីការលាបពណ៌ជនជាតិចិនថា ជាជនល្មើសច្បាប់ និងបានជំរុញឱ្យថៃចៀសវាងការប្រើពាក្យ Grey Chinese ឬចិនប្រផេះ ដែលអាចប៉ះពាល់ដល់កិត្តិយសជនជាតិចិន។ ឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ថា ប្រសិនបើមានភ្ញៀវទេសចរចិនណាបំពានច្បាប់ អាជ្ញាធរថៃ អាចចាត់ការតាមផ្លូវច្បាប់បាន ប៉ុន្តែមិនគួរប្រើពាក្យ Grey Chinese លាបពណ៌ជនជាតិចិនទូទៅថា ជាជនល្មើសច្បាប់នោះឡើយ ព្រោះវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណាឯកអគ្គរដ្ឋទូតចិន បានទទួលស្គាល់ថា មានបុគ្គលជនជាតិចិនមួយចំនួនប្រព្រឹត្តខុសច្បាប់ ប៉ុន្តែភ្ញៀវទេសចរចិនភាគច្រើនធ្វើដំណើរមកប្រទេសថៃ ដោយស្របច្បាប់ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រសេដ្ឋកិច្ចថៃ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ ដែលបានបន្ថែមថា ថៃនឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ដោយមិនយោគយល់ជាតិសាសន៍ណាមួយឡើយ ពោលគឺជនណាបំពានច្បាប់ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
បន្ថែមលើនេះ រដ្ឋមន្ត្រីទេសចរណ៍ថៃ ក៏បានលើកឡើងពីករណីអាជីវកម្មដឹកជញ្ជូន និងសេវាកម្មមួយចំនួន ដែលគ្រប់គ្រងដោយជនជាតិចិន តែបម្រើការសម្រាប់តែអតិថិជនចិនដូចគ្នា ដែលសកម្មភាពនេះអាចនឹងខុសច្បាប់ថៃ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះឱ្យមានប្រសិទ្ធភាព និងមិនឱ្យប៉ះពាល់ដល់សាច់ញាតិការទូត គឺត្រូវការកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័នគន្លឹះៗរបស់ថៃ រួមមានក្រសួងពាណិជ្ជកម្ម និងក្រសួងដឹកជញ្ជូនផងដែរ៕
ដោយ: តែម សុខុម