
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជា គួរតែចូលជាសមាជិក នៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ព្រោះកម្ពុជា កំពុងធ្វើពិពិធកម្មការទូត ទីផ្សារ និងសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀង CPTPP នេះ វានឹងជួយរុញច្រានកម្ពុជា ឱ្យក្លាយជាច្រកទ្វារពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀត គួបផ្សំកម្ពុជា ក៏មានចំណុចអាទិភាពខ្ពស់ ដែលអាចចូលជាសមាជិក CPTPP ផងដែរ តាមរយៈភាពប៉ិនប្រសព្វធ្វើនយោបាយកាទូតរបស់រដ្ឋាភិបាល។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះ គឺមានគោលបំណងសម្របសម្រួលការធ្វើពាណិជ្ជកម្មនៅក្នុងចំណោមសមាជិករបស់ CPTPP។ តែយ៉ាងណាប្រទេសដែលអាចចូលជាសមាជិកបានលុះត្រាតែប្ដេជ្ញាចិត្តខ្ពស់ឱ្យស្របតាមលក្ខខណ្ឌរបស់ CPTPP និងតម្រូវឱ្យទទួលបានការគាំទ្រពីសមាជិកទាំងអស់ផងដែរ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការចូលជាសមាជិក CPTPP កម្ពុជា អាចត្រូវចំណាយថវិការច្រើនដើម្បីទៅជួបប្រជុំគ្នា ដែលកត្តានេះអាចជាបញ្ហាប្រឈមមួយសម្រាប់រដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយកិច្ចព្រមព្រៀងនេះ គឺជាការធ្វើបន្តពីកិច្ចព្រមព្រៀង TPP ដែលអាម៉េរិក បានដកខ្លួនចេញកាលពីឆ្នាំ២០១៧ កន្លងទៅ។ កិច្ចព្រមព្រៀងនេះមានសមាជិកដើមចំនួន១១ប្រទេស រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម ហើយចក្រភពអង់គ្លេស ជាសមាជិកថ្មី ក្នុងនោះប្រទេសចិន ក៏កំពុងដាក់ពាក្យស្នើសុំចូលជាសមាជិកផងដែរ។ នេះបើយោងតាមគហទំព័រផ្លូវការរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕
អត្ថបទ៖ ជា ម៉ារ៉ា