វិស័យកសិកម្ម

កម្ពុជាចាប់ដៃជាមួយក្រុមហ៊ុន CP ប្រមូលទិញដំឡូងមី ខណៈកសិកររំពឹងតម្លៃដំឡូងមីមានស្ថិរភាព


ក្រុមមហ៊ុន CP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងចំណីអាហារដ៏ធំមួយដែលមានមូលដ្ឋាននៅប្រទេសថៃ បានចាប់ដៃគ្នាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញការប្រមូលទិញផលិតផលកសិកម្ម និងវត្ថុធាតុដើមមួយចំនួន សម្រាប់ផលិតជាចំណីសត្វ ដោយក្នុងនោះរួមមានដំណិតឡូងមីផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រធានសមាគមដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា វានឹងជួយជំរុញឱ្យតម្លៃដំឡូងមីនៅកម្ពុជាកាន់តែមានស្ថិរភាពបន្ថែមទៀត។
វិស័យកសិកម្ម
ដោយ

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា បន្ទាប់ពីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការជួយជំរុញការប្រមូលទិញផលិតផលកសិកម្មក្នុងស្រុកមួយចំនួនរបស់កម្ពុជា ជាពិសេសដំឡូងមី វានឹងធ្វើឱ្យតម្លៃដំឡូងមីនៅកម្ពុជានឹងកាន់តែមានស្ថិរភាពជាងមុន ពោលគឺតម្លៃនឹងមិនមានការឡើងចុះខ្លាំងពេកនោះទេ បើទោះបីជាក្រុមហ៊ុនទិញលក់ទៅតាមតម្លៃលើទីផ្សារក៏ដោយ។ បច្ចុប្បន្នតម្លៃដំឡូងមីស្រស់កម្ពុជាអាចលក់បានក្នុងតម្លៃចន្លោះពី៣២០ទៅ៥៥០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់នីមួយៗ។

បើតាមលោក អិល ឈិញ កន្លងមក ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ក៏ធ្លាប់បានប្រមូលទិញដំឡូងមីពីប្រជាកសិករផងដែរ ក៏ប៉ុន្តែការទិញលក់ទាំងនោះជាលក្ខណៈសេរីតែប៉ុណ្ណោះ ដែលធ្វើឱ្យគុណភាពដំឡូងមីដែលក្រុមហ៊ុនបានទិញនោះ ហាក់មិនសូវមានគុណភាពល្អ។ ប៉ុន្តែនៅពេលដែលមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CP ជាមួយក្រសួងពាណិជ្ជកម្មបែបនេះ លោក អិល ឈិញ ជឿជាក់ថា តម្រូវការប្រមូលទិញរបស់ក្រុមហ៊ុនអាចយកតែដំឡូងមីដែលមានគុណភាពប៉ុណ្ណោះ ពោលគឺដំឡូងមីដែលហាលស្ងួតទៅតាមស្តង់ដារកំណត់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការប្រមូលទិញនេះ ក្រុមហ៊ុននឹងប្រមូលទិញដំឡូងមីស្ងួត ដែលមានគុណភាពពីប្រជាកសិករប្រមាណ៤លានតោនក្នុងមួយឆ្នាំ។

បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នផលិតផលដំឡូងមីរបស់កម្ពុជា ដែលមានស្តង់ដារហាក់នៅមានកម្រិតនៅឡើយសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនប្រមូលទិញ ដូច្នេះលោក អិល ឈិញ ក៏បានសំណូមឱ្យមានការវិនិយោគលើវិស័យកែច្នែដំឡូងមីនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញដល់ការនាំចេញ។

គួរជម្រាបថា ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ដើម្បីជំរុញការប្រមូលទិញផលិតផលកសិកម្ម និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។ ក្នុងនោះភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ, កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមចិញ្ចឹមសត្វស្នើរដ្ឋផ្អាកការនាំចូលសាច់បង្កកបណ្ដោះអាសន្ន ខណៈតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

ព័ត៌មាន
តម្លៃជ្រូករស់នៅកម្ពុជា បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកចិញ្ចឹមជ្រូកនៅក្ន…

រថយន្ត Tesla មានបញ្ហាប្រព័ន្ធការពារសុវត្ថិត្រូវបានក្រុមហ៊ុននៅអាម៉េរិកប្រមូលមកវិញ

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត Tesla របស់មហាសេដ្ឋីអាម៉េរិក អេឡុន ម៉ាស កំពុងប្រមូលយកមកវិញនូវរថយន្តចំនួនជាង២លានគ្រឿងនៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីដំឡើងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ