នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរ កម្ពុជា-កូរ៉េ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមជាមួយនិងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើសុំដល់សាធារណរដ្ឋកូរ៉េឱ្យបង្កើនការនាំចូលផលិតផលពីកម្ពុជា ជាពិសេសទំនិញកសិកម្ម និងកសិផលកែច្នៃ។ ជួយបណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសភាកម្ពុជាមានធនធានគ្រប់គ្រាន់ ឈានទៅអភិវឌ្ឍខ្លួនឱ្យក្លាយជាសភាឌីជីថល។ ជួយជម្រុញឱ្យភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាកាន់តែច្រើនដូចមុនសម័យកូវីដ១៩ និង ស្នើឱ្យកូរ៉េជួយជម្រុញការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀតផងដែរ។
ជាការឆ្លើយតប ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានអះអាងថា សាធារណរដ្ឋកូរ៉េសន្យានឹងជួយគាំទ្រដល់កម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកសិកម្ម អព្យាក្រិតកាបូន និងទេសចរណ៍ផងដែរ។
ឯកឧត្តម ក៏បានត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភា និងរដ្ឋាភិបាលប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមគូសបញ្ជាក់ថា មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម មិនតែប៉ុណ្ណោះការវិនិយោគនៅកម្ពុជារបស់កូរ៉េ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្តផងដែរ។ ជាក់ស្តែង តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣ តួលេខវិនិយោគមកពីសាធារណរដ្ឋកូរ៉េបានឈរនៅលំដាប់លេខរៀងទី៦ ដោយបានចូលរួមចំណែកប្រមាណ ១,៧% នៃទុនវិនិយោគសរុប។
គួរជម្រាបថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េដល់កម្ពុជាផងដែរ។ យ៉ាងណាវិញ គិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំ២០២៣នេះ កម្ពុជាមានសន្មិធិបំណុលពីសាធារណរដ្ឋកូរ៉េសរុបចំនួនជាង ៥២៨លានដុល្លារផងដែរ។
នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានទំហំទឹកប្រាក់សរុបជាង ៤៤៧លានដុល្លារ ថយចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅកូរ៉េ មានទំហំទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនឡើង២១% ខណៈការនាំចូលទំនិញពីកូរ៉េមកកម្ពុជាវិញ មានទំហំជាង ២៨២លានដុល្លារ ចយចុះជិត២០%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕