ទិន្នន័យដដែលបានបង្ហាញថា ក្នុងពេញមួយឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្ពុជានាំចេញទៅកូរ៉េខាងត្បូងក្នុងទំហំទឹកប្រាក់ ៣១៨លានដុល្លារ ធ្លាក់ចុះ ៥,៥% ធៀបទៅនឹងឆ្នាំ២០១៩ ជាមួយនឹងទឹកប្រាក់សម្រេចបានចំនួន ៣៣៦លានដុល្លារអាមេរិក។ ដោយឡែក កម្ពុជានាំចូលពីកូរ៉េមកវិញ ក៏មានការធ្លាក់ចុះដូចគ្នាដែរពោល គឺធ្លាក់ចុះដល់ទៅ១៨% គិតជាទឹកប្រាក់ចំនួន ៥៦៧ លានដុល្លារ ដែលកាលពីឆ្នាំ២០១៩ មានទំហំដល់ទៅជិត ៧០០លានដុល្លាអាមេរិក។
គួរកត់សម្គាល់ថា ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូង មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ ភេសជ្ជៈ កៅស៊ូ ឱសថ ផលិតផលកសិកម្ម និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច។ រីឯ ទំនិញដែលកម្ពុជានាំចូលពីកូរ៉េមកវិញ មានដូចជា យានយន្ត ឧបករណ៍អេលិចត្រូនិច សម្ភារៈផ្ទះបាយ និងផលិតផលធ្វើពីផ្លាស្ទិកជាដើម។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា គិតត្រឹមចុងឆ្នាំ២០២០កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានដំណាក់កាលទី៤ នៃការជជែកពិភាក្សា និងចរចារ ពោលគឺសម្រេចបានចំនួន៩០%។ នៅពេល FTA ជាមួយកូរ៉េចូលជាធរមានវានឹងជួយធ្វើឱ្យការនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារកូរ៉េមានចំនួនកើនឡើង ហើយពេលនោះក៏ជាឱកាសសម្រាប់វិនិយោគិនប្រទេសទាំង ២ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ៕