លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ថា តម្លៃម្រេច នាពេលបច្ចុប្បន្ន មានភាពប្រសើរ និងអាចឲ្យកសិករអាចទទួលយកបាន ខណៈតម្លៃម្រេចវិញ អាចលក់បានក្នុងតម្លៃ ១ម៉ឺន៥ពាន់រៀល ក្នុង១គីឡូក្រាម។ តែយ៉ាងណា លោក ម៉ាក់ នី ក៏បានបង្ហាញសុទិដ្ឋិនិយមដែរថា តម្លៃម្រេច នឹងកាន់តែប្រសើរឡើងថែមទៀត ក្រោយកម្ពុជា ជំរុញការនាំចេញម្រេចទៅកាន់ទីផ្សារជប៉ុនបន្ថែម គួបផ្សំទីផ្សារពិភពលោកក៏កំពុងមានតម្រូវការម្រេចខ្ពស់ដែរ។ លោកបន្តទៀតថា សព្វថ្ងៃ ខាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក៏បាននិងកំពុងស្វែងរកឱកាសទីផ្សារនាំចេញម្រេចបន្ថែមដែរ ដើម្បីអាចឲ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់ពីរបរដាំដុះដំណាំម្រេច។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដដែលបានយល់ឃើញទៀតថា តាមពិតម្រេចកម្ពុជា កន្លងមក ភាគច្រើនបាននាំចេញទៅ ប្រទេសវៀតណាម ប្រមាណ៨០% នាំទៅប្រទេសថៃ ប្រមាណ ១២% និងប៉ែកអឺរ៉ុប ប្រមាណត្រឹមតែ ៥% ប៉ុណ្ណោះ និងមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស។ ប្រធានសហព័ន្ធរូបនេះ បានយល់ឃើញថា ដ្បិតការផ្សព្វផ្សាយពីផលិតផលម្រេចកម្ពុជា ហាក់មិនទាន់មានភាពទូលំទូលាយ តែបណ្ដាទីផ្សារអន្តរជាតិទាំងនោះ មានការទទួលស្គាល់ពីគុណភាព និងរសជាតិរបស់ម្រេចកម្ពុជា អាចប្រកួតប្រជែងទីផ្សារម្រេចរបស់ប្រទេសផ្សេងៗបាន។ លោក ម៉ាក់ នី បានអះអាងដូច្នេះថា តាមពិតទៅ ប្រទេសជប៉ុន មិនមែនជាទីផ្សារថ្មីនោះទេ សម្រាប់កម្ពុជា ក្នុងការនាំចេញម្រេច ព្រោះ កន្លងមក ក៏មានក្រុមហ៊ុនមួយចំនួនបាននាំចេញម្រេចខ្មែរ ទៅកាន់ទីផ្សារប្រទេសជប៉ុនរួចហើយដែរ។
សូមបញ្ជាក់ថា សម្រាប់តម្លៃម្រេចកំពត ដែលមានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI)វិញ បច្ចុប្បន្ន សម្រាប់ម្រេចខ្មៅ មានតម្លៃ ១៥ដុល្លារ ក្នុង១គីឡូក្រាម។ រីឯ ម្រេចក្រហម មានតម្លៃ ២៥ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកឯ ម្រេចសវិញ មានតម្លៃ ២៥ដុល្លារ ទៅ២៨ដុល្លារ ក្នុង១គីឡូក្រាម។ សូមបញ្ជាក់ថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជា បាននាំចេញម្រេច ក្នុងបរិមាណ ២ម៉ឺន៨ពាន់តោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា តំបន់អឺរ៉ុប និងតំបន់អាស៊ាន ជាដើម។ ដោយឡែក ស្របពេលដែលការនាំចេញកសិផលសំខាន់ៗមួយចំនួនរបស់កម្ពុជាថមថយចុះ នារយៈពេល ២ខែដំបូង ក្នុងឆ្នាំ២០២២នេះ គេសង្កេតឃើញថា ការនាំចេញម្រេចវិញសម្រេចបានដល់ទៅ ជាង៩រយតោនឯណោះ កើនឡើងជិត៤០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងកសិកម្ម៕