រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកតំបន់បី ដែលជាគោលដៅសេដ្ឋកិច្ចធំជាងគេ ទី១ រាជធានីភ្នំពេញ ទី២ ខេត្តព្រះសីហនុ និងទី៣ ខេត្តសៀមរាប។ គោលដៅទាំងបីនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើការវិនិយោគនៅក្នុងវិស័យសំណង់ អចលនទ្រព្យខ្លាំងជាងគេបង្អស់នៅពេលនេះ។
ក្នុងអត្ថបទនេះ សារព័ត៌មាន ខេមបូណូមីស សូមលើកយកតែតំបន់ប៉ូលសេដ្ឋកិច្ច ពាណិជ្ជកម្មនៅខេត្តព្រះសីហនុ មកលម្អិតជូនមិត្តអ្នកអានប៉ុណ្ណោះ ដោយសារតែខេត្តប៉ូលសេដ្ឋកិច្ចមួយនេះ កំពុងតែអង្រួនវិនិយោគិនជាច្រើន ជាពិសេស ចិន ឲ្យមកវិនិយោគនៅខេត្តព្រះសីហនុ។
តំបន់ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុកំពុងពុះកញ្ជ្រោលជាងគេ!
នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តំបន់ប៉ូលសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ បានក្លាយជាតំបន់ទាក់ទាញវិនិយោគិនច្រើនជាងគេបំផុត មកធ្វើការវិនិយោគទៅលើសំណង់អគារពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្ម លំនៅដ្ឋាន រមណីយដ្ឋាន ដែលភាគច្រើន វិនិយោគិនមកពីប្រទេសចិនបានពពាក់ពពូនគ្នាទៅបោះទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុនេះ។
តំបន់ប៉ូលសេដ្ឋកិច្ចមួយនេះ មានសក្តានុពលទៅលើពាណិជ្ជកម្ម ឧស្សាហកម្ម មានកំពង់ផែទឹកជ្រៅ ងាយក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារពិភពលោក និងជាប៉ូលដ៏ទាក់ទាញបំផុតសម្រាប់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់ស្អាត និងកោះតូចធំជាច្រើនផងដែរ។
ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើឲ្យខេត្តព្រះសីហនុទាំងមូលក្លាយជាតំបន់ឧស្សាហកម្មគំរូរបស់ប្រទេសកម្ពុជា ដែលនឹងយកលំនាំតាមការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស «សេនចេន» របស់ចិន ទើបធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាវិនិយោគិន។ ខេត្តដែលជាប់សមុទ្រមួយនេះ មានអំណោយផលទីតាំងភូមិសាស្រ្តដ៏ធំធេងសម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងតំបន់។
ហើយគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសគំរូនៅខេត្តព្រះសីហនុមួយនេះ បានដាក់ចូលជាផែនការអាទិភាពរបស់រដ្ឋាភិបាលរួចហើយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ រដ្ឋាភិបាលរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងរួមចំណែកជំរុញប្រភេទឧស្សាហកម្មនៅកម្ពុជាកាន់តែចម្រុះឡើង បន្ថែមពីលើប្រភេទឧស្សាហកម្មរោងចក្រកាត់ដេរដែលមានស្រាប់។
ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា រដ្ឋាភិបាលបានយល់ឃើញពីអត្ថប្រយោជន៍ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស បានស្ញប់ស្ញែងពីការអនុវត្តយ៉ាងជោគជ័យរបស់ប្រទេសចិន ដែលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស សេនចេន ហើយធ្វើឲ្យវិស័យឧស្សាហកម្មរីកចម្រើនយ៉ាងខ្លាំង។ លោកបន្តថា ខេត្តព្រះសីហនុគឺជាទីតាំងដែលល្អឥតខ្ចោះ ដើម្បីឲ្យកម្ពុជាអាចបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយជោគជ័យ។
ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឲ្យដឹងថា មានបីគោលដៅសំខាន់ៗ គឺ ភ្នំពេញ សៀមរាប និងព្រះសីហុន។
ហើយ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទៅលើប៉ូលទាំងបីនេះ គឺជារឿងល្អ ពីព្រោះប៉ូលទាំងបីនេះជាគោលដៅតំបន់ទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្មយ៉ាងសំខាន់ដែលអាចឲ្យកម្ពុជាទទួលបានឱកាសវិនិយោគច្រើន និង សកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត។ ប៉ុន្តែ អ្វីដែលសំខាន់លោកឧកញ៉ា នួន រិទ្ធី កត់សម្គាល់ខ្លាំងជាងគេនោះ គឺមានការវិនិយោគថ្មីៗជាច្រើននៅក្នុងខេត្តព្រះសីហនុ ដែលសុទ្ធតែវិនិយោគិនមកពីប្រទេសចិន។
ជុំវិញការអភិវឌ្ឍនៅក្នុងតំបន់ប៉ូលទាំង៣នេះដែរ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល បានអះអាងថា តំបន់ទាំងបីជាឱកាសសម្រាប់អ្នកវិនិយោគអាចនឹងទទួលប្រយោជន៍បានច្រើនពីវា ហើយក៏មិនទាន់ឃើញមានតំបន់ខេត្តណាមានការអភិវឌ្ឍលឿនជាងតំបន់បីទីតាំងនេះទេ។
លោកឧកញ៉ាបានបញ្ជាក់ថា ខេត្តព្រះសីហនុ និងសៀមរាប មានការរីកចម្រើនជាបន្តបន្ទាប់ ពិសេស គឺសំណង់អគារដែលបម្រើឲ្យវិស័យទេសចរណ៍ ដូចជា សណ្ឋាគារនិងផ្ទះសំណាក់ជាដើម។
តម្លៃដីធ្លីនៅតំបន់ប៉ូលសេដ្ឋកិច្ចទាំងបី ១ម៉ែត្រការ៉េថ្លៃប៉ុន្មាន?
ដោយសារតែមានចលនានៃការទិញលក់ ជួល ដីធ្លី ផ្ទះសម្បែងច្រើន នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទាំងបីនេះ បានធ្វើឲ្យតម្លៃដីធ្លី កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ខាងក្រោមនេះ គឺជាការវាយតម្លៃដីធ្លី នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចពាណិជ្ជកម្មទាំងបី៖
យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល ដែលមានបទពិសោធន៍ផ្នែកវាយតម្លៃ និងបម្រើសេវាកម្មជាង ២០ឆ្នាំកន្លងមកនេះ បានបង្ហាញថា តម្លៃដីធ្លី បច្ចុប្បន្ន នៅរាជធានីភ្នំពេញ តំបន់ធ្វើពាណិជ្ជកម្ម ស្ថិតនៅតាមបណ្តោយមហាវិថីធំៗមានតម្លៃចន្លោះពី ៥០០០ ទៅ ៧០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងតំបន់ធ្វើលំនៅដ្ឋានមានតំបន់ទួលទំពូង និងទួលគោក មានតម្លៃចន្លោះពី ១ពាន់៥០០ ទៅ ២ពាន់៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងតំបន់បឹងកេងកង មានតម្លៃពី ៤ ទៅ ៥ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃដីធ្លីនៅក្នុងខេត្តសៀមរាប សម្រាប់តំបន់ធ្វើពាណិជ្ជកម្ម តម្លៃចន្លោះពី ២០០០ ទៅ ៣០០០ដុល្លារ និងតំបន់ធ្វើលំនៅដ្ឋាន តម្លៃចន្លោះពី ៥០០ ទៅ ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកតម្លៃដីធ្លីនៅតំបន់ប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ បច្ចុប្នប្បន្ន តម្លៃដីធ្លីនៅតាមតំបន់ផ្លូវធំ ចន្លោះពី ៧០០ ទៅ ២ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតំបន់នៅក្បែរឆ្នេរសមុទ្រ តម្លៃចន្លោះពី ១ពាន់ដុល្លារ ទៅ ២ពាន់ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ៕