ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស

កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​អឺរ៉ុប​នៅ​៣​ឆ្នាំ​ទៀត


នៅត្រឹម​តែ​រយៈពេល​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ខ្លួន បន្ទាប់​ពី​ក​ម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​​បែប​នេះ​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ដើម​ឆ្នាំ​២០១៨ ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី។
វិស័យ​កាត់ដេរ​កម្ពុជា
ដោយ

ទោះ​បី​ជា​ការ​មក​ដល់​នៃ​ការ​បញ្ចប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​នេះ នឹង​មក​ដល់​នៅ​៣​ឆ្នាំ​ខាង​មុខ​ក៏​ដោយក្ដី ប៉ុន្ដែ​បើយើង​ពិនិត្យ​លើ​បរិយាកាស​នៃ​វិស័យ​កាត់​ដេរ​កម្ពុជា ក្រោយ​ពី​អាមេរិក​បាន​គាំទ្រ​លើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ជាមួយ​បណ្ដា​ប្រទេស​ទាំង​១២ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​សម្រួល​ដល់​ការ​អនុគ្រោះ​ពន្ធ (ក្នុង​នោះ​ក៏​មាន​ប្រទេស​វៀតណាម​ដែរ) បាន​ធ្វើ​ឲ្យ​រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ម្ចាស់​រោងចក្រ​ដែល​មាន​បំណង​មក​បើក​ដំណើរ​ការ​កម្ពុជា​មិន​តិច​នោះ​ទេ បាន​រើ​និង​បង្វែរ​មុខ​ព្រួញ​វិនិយោគ​របស់​ខ្លួន​ពី​កម្ពុជា​ទៅ​វៀតណាម​វិញ ខណៈ​ដែល​តម្លៃ​ពលកម្ម​ក្នុង​ប្រទេស​វៀត​ណាម​នៅ​តាម​បណ្ដា​ទីក្រុង ក៏​ដូចជា​ខេត្ត​មួយ​ចំនួន​ក៏​ថោក​ជាង​កម្ពុជា និង​មាន​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ទៅ​អាមេរិក​ដូច​កម្ពុជា​ដែរ។

ទន្ទឹម​នឹង​នោះ ដ្បិត​តែ​កំណើន​របស់​វិស័យ​កាត់ដេរ​កម្ពុជា​នៅ​តែ​រក្សា​បាន​ភាព​វិជ្ជមាន​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៧​នេះ​ក៏​ដោយ ប៉ុន្ដែ ល្បឿន​នៃ​ការ​រីក​លូត​លាស់​នៃ​វិស័យ​មួយ​​នេះ កំពុង​តែ​មាន​ការ​ថមថយ​គួរ​ឲ្យ​កត់​សម្គាល់។ តាម​​ការ​​ឲ្យ​​ដឹង​​ពី​​មន្ត្រី​ជាន់​​ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​នៅ​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ប្រមាណ​៣០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តែ​យ៉ាង​ណា វា​នៅ​តែ​ជា​ឱកាស​អំណោយ​ផល​មួយ​សម្រាប់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ បាន​ឡើង​កាន់តំណែង ក៏​បាន​សើ​រើ​លុប​កិច្ច​ព្រមព្រៀង​នេះ​ចោល​តែ​ម្ដង ហើយ​វា​ក៏​ជា​ពេល​វេលា​ដែល​រោងចក្រ​កាត់​ដេរ​កម្ពុជា គួរតែ​ត្រៀម​ខ្លួន​និង​ស្វែងរក​វិធានការ​កាន់​តែ​ប្រសើរ ក៏​ដូចជា ការ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​នេះ ជា​ជាង​ការ​ពឹង​ផ្អែក​លើ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ខណៈ​ដែល​ប្រទេស​ជិត​ខាង​កំពុង​សម្រុក​ត្របាញ់​ដណ្ដើម​គ្នា​ចូល។

តើ​កម្ពុជា​អាច​នឹង​ប្រឈម​អ្វី​ខ្លះ ក្រោយ​ពី​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​អឺរ៉ុប?

ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ទាន់​ដឹង​ថា តើ​ខាង​រដ្ឋាភិបាល​នឹង​មាន​យន្ដការ ក៏​ដូចជា​ពិពិធកម្ម​យ៉ាង​ណា​ខ្លះ​នោះ​ទេ ដើម្បី​ត្រៀម​នឹង​ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​អឺរ៉ុប ប៉ុន្ដែ បញ្ហា​ចំពោះ​មុខ​ដែល​កម្ពុជា​អាច​នឹង​ជួប​ប្រទះ​ធំៗ​ ដូចជា កម្ពុជា​អាច​នឹង​បាត់បង់​ប្រភព​ចំណូល​មួយ​ផ្នែក ខណៈ​ដែល​អឺរ៉ុប​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​បំផុត​របស់​កម្ពុជា។ 

កម្ពុជា​ជា​ប្រទេស​នាំ​ចេញ​កង់​ទៅ​អឺរ៉ុប​ធំ​ជាង​គេ​បំផុត​ទី​ពីរ។

សហភាព​អឺរ៉ុប​នាំ​ចូល​ទំនិញ​សំខាន់ៗ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​របស់​ខ្លួន ក្នុង​នោះ​មាន​សម្លៀក​បំពាក់​កាត់ដេរ មាន​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​៥០០​លាន​ដុល្លារ ស្បែក​ជើង ៣០០​លាន​ដុល្លារ កង់ជិត ៤០០​លាន​ដុល្លារ និង​អង្ករ​ប្រមាណ ២០០​លាន​ដុល្លារ។ 

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​មើល​ឃើញ​ដែរ​ថា កម្ពុជា​អាច​នឹង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ក្លា​ជាង​មុន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដូចជា វៀតណាម និង​បង់ក្លាដេស ពិសេស លើ​វិស័យ​វាយនភណ្ឌ ដូចជា សម្លៀក​បំពាក់​និង​ស្បែក​ជើង​នេះ​តែ​ម្ដង។ ក្នុង​នោះ កត្តា​តម្លៃ​និង​ផលិតភាព​នឹង​ក្លាយ​ជា​សមរភូមិ​ក្ដៅ​សម្រាប់​ការ​​​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ។ 

ការ​ប្រកួត​ប្រជែង​តម្លៃ​គឺ​នឹង​ផ្ដោត​លើ​ថ្លៃ​ដើម​ផលិត ការ​ចំណាយ​លើ​ការ​រៀបចំ​បែបបទ​ក្នុង​ការ​នាំ​ចេញ ការ​ចំណាយ​លើ​ការងារ​រដ្ឋបាល​នានា ថ្លៃ​ដឹក​ជញ្ជូន តម្លៃ​ថាមពល​សម្រាប់​ការ​ផលិត ប្រាក់​ខែ​កម្មករ និង​វត្ថុធាតុ​ដើម​សំខាន់ៗ​ផ្សេង​ទៀត។ 

សូម​បញ្ជាក់​ថា តាម​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា មាន​ប្រមាណ ៦៧% នៃ​ការ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ថយ​ចុះ​ប្រមាណ ៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ក្នុង​នោះ​ទីផ្សារ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ប្រមាណ​៤៤% និង​ទីផ្សារ​អាមេរិក ២៨% ខណៈ​ទីផ្សារ​នាំ​ចេញ​ទៅ​ជប៉ុន​កំពុង​មាន​សន្ទុះ​ខ្លាំង​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​ប្រមាណ ១៤%។

គួរ​រំលេច​ដែរ​ថា បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម George Edgar ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ទំហំ​ពាណិជ្ជ​កម្ម​សរុប​មាន​រហូត​ជាង ៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ទឹក​ប្រាក់ ៤​ពាន់​លាន​ដុល្លារ​អាមេរិក កម្ពុជា​ទទួល​បាន​ពី​ការ​នាំ​ចេញ​ផលិតផល​ផ្សេងៗ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប៕

None



អត្ថបទបន្ទាប់


ចម្រើន​ព្រះជន្ម​ស្ដេច​ថៃ គេ​លែង​អណ្ដើក​​១០៦៦​ក្បាល។ តើ​មាន​អត្ថន័យ​ដូចម្ដេច?

ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ​ប្រកាស​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ…

យុវជន​អាហ្វ្រិក​សំណាង! Jack Ma នឹង​អញ្ជើញ​ពួកគេ​​២៥០០នាក់​មក​បង្រៀន​រាល់ឆ្នាំ

នេះ​អាច​រាប់​ថា​ជា​សំណាង​ដ៏​ធំ​របស់​យុវជន​អាហ្រ្វិក​ហើយ! មហាសេដ្ឋី​ដ៏​ល្បី​នៅ​ចិន គឺ​លោក ជេក ម៉ា (Jack Ma) ស្ថាបនិក​និង​ជា​អគ្គនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ