ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ ផ្សព្វផ្សាយអំពីការអនុវត្តនូវច្បាប់ស្ដីពីសណង់ថ្មី ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
បើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានឲ្យដឹងថា ច្បាប់នេះ នឹងជួយឲ្យលើកស្ទួយវិស័យសំណង់ និងអចលនទ្រព្យ តាមរយៈការធ្វើឲ្យមានភាពប្រសើរឡើងនូវគុណភាព សន្ដិសុខ និងសុវត្ថិភាពនៃសំណង់ ខណៈដែល ខណៈដែលវិស័យនេះ គឺជាទុន សក្ដានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា « ច្បាប់នេះ ត្រូវធ្វើឲ្យមានសុវត្ថិភាព សន្ដិសុខដល់សំណង់! សំណង់ត្រូវផ្ដល់សន្ដិសុខ សុវត្ថិភាពដល់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ គោលបំណងមួយទៀត គឺដើម្បីធានាការអនុវត្តច្បាប់សំណង់ ស្របតាមផែនការនគរូបនីយកម្ម មិនមែនសំណង់សង់លើប្រលាយ លើហេដ្ឋារចនាសម្ព័ន្ធ លើទីតាំងសាធារណៈ ឬលើប៉ះពាល់ទៅលើតំបន់បេតិកភណ្ឌទេ! គឺមិនអាចធ្វើឲ្យសំណង់ដែលបានធ្វើហើយ ត្រូវខូចខាត ឬមិនមាននិរន្តរភាពនោះទេ។»
ដើម្បីធានាបាននូវសំណង់មានគុណភាព សន្ដិសុខ សុវត្ថិភាព តាមរយៈច្បាប់ថ្មីនេះ ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យទៅលើសំណង់អគារនៅទូទាំងប្រទេស ដើម្បីដឹងថា តើសំណង់នោះ មានគុណភាពរឹងមាំត្រឹមត្រូវដែរ ឬទេ។
តាមការគូសបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដោយផ្អែកលើច្បាប់សំណង់នេះ បើសិនជាក្រសួងចុះអធិការកិច្ចទៅរកឃើញថា សំណង់នោះ សាងសង់មិនត្រឹមត្រូវតាមច្បាប់អនុញ្ញាតឲ្យសាងសង់ទេនោះ នឹងត្រូវបញ្ជូនពាក្យបណ្ដឹងទៅតុលាការ ឲ្យចាត់ការទៅតាមនីតិវិធីច្បាប់។
ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍យ៉ាងដូច្នេះថា«ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ឲ្យមានការធ្វើអាជីវកម្ម ទៅលើវិស័យសំណង់ អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ អ្នកទាំងនោះ ត្រូវតែមានវិញ្ញាបនបត្រ។ នៅពេលដែលអត់មានវិញ្ញាបនបត្របញ្ជាក់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺគណៈកម្មការនឹងចុះទៅត្រួតពិនិត្យ តែឃើញគឺ គឺពេលហ្នឹង ដីការបស់ព្រះរាជអាជ្ញានឹងធ្វើការអញ្ជើញ។ ពីមុនអត់មានច្បាប់ បច្ចុប្បន្ននេះ យើងមានច្បាប់ ហើយជឿជាក់ចុះថា ខ្ញុំនឹងអនុវត្តបាន»។
លើពីនេះទៀត ច្បាប់នេះ ត្រូវបានក្រសួងដែនដី អះអាងថា នឹងផ្ដល់ភាពស្របច្បាប់ដល់សំណង់ដែលបានសង់រួចក្នុងអតីតកាលផងដែរ
«ពិសេសសំណង់ដែលបានសង់ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៦ ដែលពីមុនមានអនុក្រឹតលេខ ៤២ និង៨៦ ត្រូវបានចែង។ ដូច្នេះ សំណង់ដែលបានសាងសង់ស្ថិតនៅក្នុងអំឡុងឆ្នាំនេះ ពេលដែលច្បាប់នេះចេញទៅ ខាងក្រសួងទុកពេលឲ្យ២ឆ្នាំ ដើម្បីចុះធ្វើការត្រួតពិនិត្យ ហើយផ្ដល់វិញ្ញាបនបត្រជូនដល់ម្ចាស់សំណង់ បើសិនជាការត្រួតពិនិត្យទៅឃើញថា គុណភាពសំណង់មានភាពរឹងមាំត្រឹមត្រូវ នោះទើបអនុញ្ញាតឲ្យមានការស្នាក់នៅ ដាក់ជួល ឬលក់ ឬដាក់បញ្ចាំ។» នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងដែនដី។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក៏បានលើកឡើងដែរថា ច្បាប់សំណង់ថ្មីនេះ ក៏នឹងបង្កើតឱកាសការងារកាន់តែច្រើន ដល់អ្នកមានជំនាញវិជ្ជាជីវៈសាងសង់ ដូចជាវិស្វករ និងស្ថាបត្យករជាដើម។ តួយ៉ាង ក្រសួងបានកំណត់តម្រូវឲ្យការដ្ឋានសាងសង់មួយ យ៉ាងហោចណាស់ ត្រូវមានវិស្វករយ៉ាងតិច២នាក់ មើលការខុសត្រូវក្នុងការសាងសង់ក្នុងការដ្ឋាននោះ។
ទោះយ៉ាងណា វិស្វករ និងស្ថាបត្យករ ដែលមានចុះឈ្មោះក្នុងគណៈវិស្វករ និងស្ថាបត្យករនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ទាំងអស់ត្រូវតែមកទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់សំណង់ពីសំណាក់ក្រសួង បើមិនដូច្នេះទេ ខាងក្រសួងនឹងមិនទទួលស្គាល់ពីការងាររបស់ពួកគេនោះឡើយ។
រដ្ឋមន្ត្រីក្រសួងដែនដី ក៏បានលើកឡើងដែរថា សម្រាប់ក្រុមហ៊ុនមានវិជ្ជាជីវៈក្នុងវិស័យសំណង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ដែលបានចុះបញ្ជីនៅក្រសួងទាំងអស់ គឺដល់ពេលវេលាដែលក្រុមហ៊ុនទាំងនេះ អាចមានមុខរបរ និងអាជីវកម្ម ក្នុងការចុះត្រួតពិនិត្យ និងបញ្ជាក់ពីគុណភាព និងសុវត្ថិភាពសំណង់ មុននឹងដាក់ឲ្យរដ្ឋមន្ត្រីចុះហត្ថលេខាអនុញ្ញាតឲ្យធ្វើការសាងសង់បាន។
លោក ទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាស្ថាបត្យករអាស៊ានមានប្រសាសន៍ថា ច្បាប់សំណង់ថ្មីនេះ នឹងធ្វើឲ្យវិស្វករ និងស្ថាបត្យករ កាន់តែមានទំនួលខុសត្រូវខ្ពស់ជាងមុនទៅលើការងារសាងសង់ និងគូប្លង់របស់ខ្លួន ដើម្បីធនាបាននូវគុណភាពសំណង់។ ព្រោះកាលណាសំណង់ អគារមានការបាក់រលំ វិស្វករ និងស្ថាបត្យករ ក៏ត្រូវមានចំណែកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
លោក ទួស សាភឿន និយាយថា «ច្បាប់នេះ សំខាន់ណាស់ ពីសេសសម្រាប់វិស្វករ ស្វាបត្យករ ដែលចង់បន្ដអាជីពរបស់គាត់ហ្នឹង ដូច្នេះ គាត់ត្រូវតែស្វែយល់ពីអាហ្នឹង [ច្បាប់សំណង់ថ្មី]»។
ទោះយ៉ាងណា កាលពីមុនមានច្បាប់ថ្មីនេះ ស្ថាបត្យករ និងវិស្វករសំណង់ ក៏មានការទទួលខុសលើគម្រោងសាងសង់របស់ខ្លួនដែរ ពិសេស គម្រោងសាងសង់ធំៗ ប៉ុន្ដែ ក៏មានគម្រោងតូចៗខ្លះ ឬហៅថាគម្រោងលោតឆ័ត្រ ដោយមិនចង់ចំណាយច្រើន ពួកគេមិនបានជួលស្ថាបត្យករដើម្បីគូប្លង់ ឬជួលវិស្វករសាងសង់នោះទេ ពួកគេធ្វើដោយខ្លួនឯង ដូច្នេះហើយទើបមានបញ្ហាកើនឡើង។ នេះបើតាមការបញ្ជាក់ របស់ លោក ទួស សាភឿន។
គួរបញ្ជាក់ថា ក្នុងច្បាប់សំណង់ថ្មីនេះ ក៏មានការបែងចែកសមត្ថកិច្ច នៃការសម្រេចលើវិស័យសំណង់ដែរ ពោលគឺ សម្រាប់ទំហំសំណង់ ៥០០ម៉ែត្រការ៉េចុះ គឺថ្នាក់ស្រុកខណ្ឌជាអ្នកសម្រេច រីឯទំហំ ចាប់ពី ៥០០ម៉ែត្រការ៉េ ដល់៣០០០ ម៉ែត្រការ៉េ គឺជាសមត្ថកិច្ចរបស់ថ្នាក់ខេត្ត និងលើសពី ៣០០០ម៉ែត្រការ៉េឡើងទៅ គឺជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើតាមការគូសបញ្ជាក់ របស់ឯកឧត្តម ជា សុផារ៉ា ករណីបាក់អគាររលំបាក់សង្កត់មនុស្សចំនួន ២លើកនាពេលថ្មីៗនេះ គឺជាស្ថិតនៅក្នុងសមត្ថកិច្ចសម្រេចដោយថ្នាក់ខេត្ត។
បើតាមក្រសួងរៀបចំដែនដី ចាប់ពីខែមករានេះ ដល់ខែមីនា គឺជារយៈពេលដែលធ្វើការផ្សព្វផ្សាយពីច្បាប់សំណង់បណ្ដើរ និងចុះត្រួតពិនិត្យបណ្ដើរ ដើម្បីឈានទៅអនុវត្តច្បាប់ឲ្យបានពេញលេញ៕