សន្និធិបំណុល​កម្ពុជា

ព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច៖ សន្និធិបំណុលរបស់កម្ពុជា នឹងកើនដល់ជិត ៨,៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០


នៅក្នុងឆ្នាំ២០២០នេះ សន្និធិបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា នឹងកើនដល់ជិត ៨ពាន់ ៧រយលានដុល្លារអាមេរិក ខណៈដែលនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២០នេះ កម្ពុជាមានសន្និធិបំណុលកើនដល់ ៧ពាន់ ៩រយលានដុល្លារអាមេរិកហើយ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញនៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។
ស្ថាប័នស្រាវជ្រាវបរទេស ព្យាករគម្រោងផ្លូវធំៗគាំទ្រដោយចិន និងជំរុញកំណើនវិស័យសំណង់កម្ពុជា
ដោយ

តាមព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឲ្យដឹងទៀតថា សម្រាប់​ឆ្នាំ២០២១ ទៅដល់ ឆ្នាំ២០២៤ សន្និធិ​បំណុល​របស់​កម្ពុជា​នឹងត្រូវ​ពង្រីក​បន្ថែមទៀត​ប្រមាណ​ជាង​១ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ដោយគិតដល់​ឆ្នាំ២០២៤ សន្និធិ​បំណុល​របស់​កម្ពុជា​នឹង​មានដល់​ទៅជិត ១៤ ពាន់លាន​ដុល្លារអាមេរិក។

ក្រសួងសេដ្ឋកិច្ច​បានគូសបញ្ជាក់ថា បើទោះបីជា​ទំហំ​នៃការខ្ចី​នឹងត្រូវបន្ដ​កើនក្ដី ក៏ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា នៅតែត្រូវ​បាន​វាយតម្លៃថា ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន ពោលគឺ នៅតែ​មាន​ចីរភាព និងហានិភ័យ​កម្រិតទាបដដែល។

បើតាម​ក្រសួងសេដ្ឋកិច្ច ប្រាក់កម្ចី​ដែល​រាជរដ្ឋាភិបាល​បាន​ខ្ចី​ពីដៃគូអភិវឌ្ឍន៍​នានានោះ គឺសុទ្ធតែបាន​ប្រើប្រាស់​ចំគោលដៅ ក្នុង​គម្រោង​វិនិយោគ​សាធារណៈ និងវិស័យអាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅដល់​ការ​រួមចំណែក​ទ្រទ្រង់ចីរភាព​នៃកំនើន​រយៈពេលវែង និងបង្កើន​ផលិតភាពសេដ្ឋកិច្ច ឬផលិតភាព​ផលិតកម្ម។

នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបតែ​បានចុះកិច្ចព្រមព្រៀង​ខ្ចីឥណទាន​សម្បទាន​ជាមួយ​នឹងដៃគូ​អភិវឌ្ឍន៍នានា សរុបប្រមាណ ៤៨០ លានដុល្លារអាមេរិក ឬស្មើនឹង ២៥% នៃពិដាន​ច្បាប់ដែលបានកំណត់ ១.៤០០ លាន SDR ឬស្មើនឹងជិត​២ពាន់លានដុល្លារ។

តាមទិន្នន័យ​ពីក្រសួង​ហិរញ្ញវត្ថុដដែល បាន​ឲ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​ដក​សាច់ប្រាក់​ពីដៃគូអភិវឌ្ឍន៍​យកមកប្រើប្រាស់​ជាក់ស្ដែង​សរុប​ប្រមាណ ៤៤៤ លាន​ដុល្លារ។ ក្នុងនោះ ការដក​សាច់ប្រាក់ ក្នុង​ក្របខណ្ឌទ្វេភាគី មានចំនួន​ប្រមាណ​ ៦៣% ត្រូវនឹង​ជាង ២៨០ លាន​ដុល្លារ និងក្របខណ្ឌ​ពហុភាគី មាន​ប្រមាណ ៣៧% ត្រូវនឹង​ជាង ១៦០ លាន​ដុល្លារ​អាមេរិក។

ដោយឡែក ចំពោះ​ការទូទាត់​សង​បំណុលវិញ នៅក្នុង​ឆមាសទី​១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល​ក៏បាន​ទូទាត់​សង​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​​សរុប​ជាង ១៥០ លាន​ដុល្លារ​ផងដែរ

សូមបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ១៩៩៣ មកដល់​ដំណាច់​ឆមាសទី​១ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះកិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ចំនួនជាង ១៣ ពាន់លាន​ដុល្លារអាមេរិក។ រីឯ ​ការ​ដក​សាច់ប្រាក់ ពីដៃគូ​អភិវឌ្ឍន៍​មកប្រើប្រាស់ជាក់ស្ដែងវិញ ប្រមាណ ៨ពាន់៥រយ​លាន​ដុល្លារអាមេរិក ឬស្មើនឹង​ប្រមាណ ៦៥% នៃ​ទំហំ​ឥណទាន​សម្បទាន​សរុប។

ប្រទេស និងដៃគូ​ដែលជាម្ចាស់បំណុលធំ​បំផុត​របស់​កម្ពុជា គឺ ប្រទេស​ចិនដែលមាន​ ៣ពាន់​៨រយ​លាន​ដុល្លារ ឬស្មើនឹង​ជិត ៤៧% នៃ​សន្និបំណុល​សរុប។ បន្ទាប់មក គឺ​ប្រទេស​ជប៉ុន, កូរ៉េខាងត្បូង និងបារាំង រួមជាមួយនឹង​ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ​ពិភពលោក​ជាដើម។

លោក David Freedman សេដ្ឋវិទូ​ប្រចាំប្រទេស និងជា​មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធ្លាប់បាន​លើកឡើងដែរថា កម្រិតបំណុលសាធារណៈ​របស់​កម្ពុជា​​ដែលមាន​​នាពេល​បច្ចុប្បន្ន​គឺពិត​ជា​នៅមានទំហំតូចនៅឡើយ និងអាច​មានលទ្ធភាព​​ខ្ពស់​ក្នុង​ពង្រីកបន្ថែម ពោលគឺ​កម្រិតបំណុល​សាធារណៈ​របស់​កម្ពុជា​​នៅមាន​ទាបជាងប្រទេស​ដទៃទៀត​ដល់ទៅ ៣០%ឯណោះ ដែលវា​សបញ្ជាក់ថា កម្ពុជា​នៅមានលទ្ធភាព​ក្នុងការខ្ចីបន្ថែមទៀត។

ទោះយ៉ាងណា លោកស្រី Sunniya Durrani-Jamal  នាយិកា​ប្រចាំប្រទេស​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក៏បាន​គូសបញ្ជាក់ដែរថា ការខ្ចីប្រាក់​កម្ចី​ ​ដែលកម្ពុជា​បាន​ធ្វើនាពេល​កន្លងមក គឺមានការ​ប្រយ័ត្នប្រយែង​ខ្ពស់ណាស់។ លោកស្រីបន្ថែមថា ​កម្ពុជា​អាច​រក្សា​បាន​នូវកម្រិតបំណុល​សាធារណៈ​​របស់ខ្លួន​ឲ្យនៅទាបបាន​ តាមរយៈ​ការ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេសបន្ថែម ក៏ដូចជា​ជំរុញ​ការវិនិយោគ​ក្នុងវិស័យឯកជន ហើយ​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើការកែលម្អ​ទៅលើ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ប្រសើរឡើង៕ 

None



អត្ថបទបន្ទាប់


កម្ពុជា​នឹងខ្ចីលុយចិន​សម្រាប់គម្រោងស្តារឡើងវិញផ្លូវជាតិចំនួន ៣ខ្សែ ដែលឆ្ពោះទៅកាន់ខេត្តកំពត

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងស្តារ​ឡើងវិញចំពោះផ្លូវជាតិសំខាន់ៗ ចំនួន ៣…

នាយករដ្ឋមន្ត្រីកម្ពុជា៖ វិស័យឯកជនបានជួយរក្សាស្ថានភាពស្ថិរភាពប្រទេសក្នុងសម័យកូវីដ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្លែងអំណរគុណចំពោះវិស័យឯកជននៅក្នុងប្រទេស កម្ពុជា ដែលជានិច្ចកាលតែងតែរក្សាស្ថានភាពស្ថិរភាពរបស់ប្រទេស ក៏ដូចជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ