កម្ពុជាគ្រោងចំណាយ ៤០លានដុល្លារស្ថាបនាផ្លូវ៣ខ្សែនៅខេត្តក្រចេះ

កម្ពុជាគ្រោងចំណាយ ៤០លានដុល្លារស្ថាបនាផ្លូវ៣ខ្សែនៅខេត្តក្រចេះ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍


កម្ពុជាគ្រោងចំណាយ៤០លានដុល្លារ ដែលជាឥណទានសម្បទានពីធនាគារពិភពលោក ដើម្បីអភិវឌ្ឍគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ប្រវែងសរុបជិត១០០គីឡូម៉ែត្រនៅខេត្តក្រចេះ ក្រោយមើលឃើញពីភាពទ្រុឌទ្រោម និងខូចខាត ក៏ដូចជាការប្រឈមនឹងគ្រោះទឹកជំនន់រៀងរាល់រដូវវស្សា។
កម្ពុជាគ្រោងចំណាយ ៤០លានដុល្លារស្ថាបនាផ្លូវ៣ខ្សែនៅខេត្តក្រចេះ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ រូបភាព៖ MPWT
ដោយ

ថ្លែងនាពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវ ៣ខ្សែប្រវែងជិត១០០គីឡូម៉ែត្រនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កត្តាដែលជំរុញឲ្យរាជរដ្ឋាភិបាលសម្រេចលើកកម្រិត និងជួសជុលថែទាំផ្លូវទាំង៣ខ្សែ គឺដើម្បីឆ្លើយតបនឹងភាពទ្រុឌទ្រោម និងការខូចខាតខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់នារដូវវស្សា។ គោលបំណងនៃការអភិវឌ្ឍន៍ផ្លូវទាំង៣ខ្សែនេះ គឺដើម្បីជួយសម្រួលដល់ការតភ្ជាប់តំបន់ទីប្រជុំជនជាមួយតំបន់ដាច់ស្រយាល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សំដៅជួយជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជាជាពិសេសនៅខេត្តក្រចេះតែម្តង។

ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ទុកការបើកការដ្ឋានលើកកម្រិត និងជួយជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែប្រវែងជិត១០០គីឡូម៉ែត្រនេះ គឺជាចំណងដៃថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២៣។ លោកជំទាវកិត្តិសង្គហបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងជួយកាត់បន្ថយពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅក្នុងខេត្ត និងឆ្លងកាត់ទៅកាន់ខេត្តនានា។

សម្រាប់លោកជំទាវ ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយ មានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារពិភពលោកក៏ជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់មួយផងដែរដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងកំណាត់ផ្លូវទាំង៣ខ្សែនេះមានប្រវែងជិត១០០គីឡូម៉ែត្រ ដោយគ្រោងចំណាយពេលសាងសង់ចំនួន១៨ខែ និងថវិកាប្រមាណ៤០លានដុល្លារអាមេរិក ដែលជាជំនួយឥណទានសម្បទានរបស់ធនាគារពិភពលោក។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd។

បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាគ្នាវិញផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះត្រង់រង្វង់មូលព្រាបស ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ចំណែកឯ កំណាត់ផ្លូវជាតិលេខ៧៣ ក៏ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ផងដែរ ដែលបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្តភាគឦសាន និងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗផ្សេងៗទៀតឆ្ពោះទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជា៕




អត្ថបទបន្ទាប់


សិក្ខាសាលាស្តីពី “បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ”

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រ…

មេនិយ័តករបរធនបាលកិច្ច៖ វិនិយោគិនបរទេស៨០% កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម

មេ និយ័តករបរធនបាលកិច្ចអះអាងថា វិនិយោគិនបរទេស៨០% កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម !! គិតមកដល់ត្រឹមដើមឆ្នាំ ២០២៣នេះ ទំហំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ