តាមការព្យាករនេះ បានបង្ហាញចេញជាសេណារីយ៉ូចំនួន ៣ ដោយក្នុងនោះ ទី១ គឺអាចថយចុះចំនួនភ្ញៀវទេសចរប្រមាណ៥០ ទៅ៦០ភាគយ ពោលគឺនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ២,៥លាននាក់។ សេណារីយ៉ូ ទី២ គឺថយចុះ ៦០ ទៅ៧០ភាគរយ ដោយទទួលបានបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ២លាននាក់។ និងសេណារីយ៉ូទី៣ គឺថយចុះពី ៧០ ទៅ ៩០ភាគរយ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ១,៥លាននាក់ប៉ុណ្ណោះ។
ការព្យាករបានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩នេះ កម្ពុជាប្រហែលជាស្ថិតនៅក្នុងសេណារីយ៉ូទី៣ ដែលផលប៉ះពាល់នៃវិបត្តិនេះ អាចនឹងធ្វើឲ្យខាតបង់ចំណូលទេសចរណ៍អន្តរជាតិ ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ហើយការរួមចំណែករបស់វិស័យទេសចរណ៍ក្នុងផលិតផលក្នុងស្រុកសរុបអាចនឹងថយចុះពី ១២% មកនៅក្រោម១០%វិញ។
តាមក្រសួងទេសចរណ៍ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣.១៣៥ ទីតាំងត្រូវបានបិទ និងផ្អាកដំណើរការ រួមមានសណ្ឋាគារ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន ម៉ាស្សា-ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ និងអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិនជាដើម។ ដោយក្នុងនោះ មាន បុគ្គលិកបម្រើការប្រមាណជាង ១១ម៉ឺននាក់ ឬប្រហែល១៥ ទៅ២០ ភាគរយ នៃកម្លាំងពលកម្មបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវបានបញ្ឈប់ការងារ ក្នុងនោះ បុគ្គលិកបម្រើការផ្នែកសេវារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដូចជាម៉ាស្សា-ស្ប៉ា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន ស្ទើរតែ១០០ភាគរយ និងផ្នែកសេវាកម្មស្នាក់នៅដែលផ្ដោតលើទិផ្សារទេសចរណ៍អន្តរជាតិ។ ដោយឡែក មគ្គុទ្ទេសក៍ទេសចរណ៍ ប្រមាណជាង៣% ត្រូវបានព្យួរអាជ្ញាបណ្ណទេសចរណ៍។
ទោះយ៉ាងណាក៏ដោយចុះ តាមការព្យាកររបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២១ ខាងមុខ វិស័យទេសចរណ៍កម្ពុជារំពឹងថា នឹងមានកំណើនឡើងវិញចន្លោះពី ២៥ ទៅ៣៥ភាគរយ តែស្ថិតក្នុងបរិមាណតិចនៅឡើយ ក្នុងនោះ ចំណូលទេសចរណ៍អន្តរជាតិនឹងទទួលបានប្រមាណ២ពាន់លានដុល្លារអាមេរិក រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ១០% និងបង្កើតការងារ និងមុខរបរក្នុងវិស័យនេះ ប្រមាណ ៥០ម៉ឺននាក់។
រីឯឆ្នាំ២០២២វិញ តាមព្យាករដដែលនេះ រំពឹងថាទេសចរណ៍កម្ពុជានឹងរក្សាបានកំណើនចន្លោះពី ២០ ទៅ៣០ភាគរយ និងឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ Sea Game ឆ្នាំ២០២៣នោះ កម្ពុជាក៏រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើនដោយក្នុងកំណើនចន្លោះពី ៣០ ទៅ ៣៥ភាគរយ តែបរិមាណនៅតែតិចនៅឡើយទេ គឺប្រមាណពី ២,៥ ទៅ ៣,៥លាននាក់។
សូមបញ្ជាក់ថា នៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ១,១៨ លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៦៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕