ការទទួលបានចំណាត់ថ្នាក់នេះ គឺធ្វើឡើងក្រោយពេលដែលកម្ពុជាបានចាប់ផ្ដើមរស់នៅជាមួយកូវីដ១៩អស់រយៈពេល៣ខែកន្លងមកនេះ ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ និងករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជាក៏រក្សាបានក្នុងអត្រាទាបផងដែរនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើផ្អែកទៅលើរបាយការណ៍វាយតម្លៃដោយស្ថាប័នជប៉ុន Nikkei បង្ហាញថា ប្រទេសកម្ពុជា គឺជាប្រទេសមួយធ្វើបានល្អជាងគេក្នុងការរស់នៅជាមួយកូវីដ១៩ និងការងើបឡើងពីវិបត្តិមេរោគរាតត្បាតនេះ ពោលគឺ តាមសន្ទស្សន៍វាយតម្លៃនេះ កម្ពុជាបានរំកិលពីចំណាត់ថ្នាក់ទី២២ កាលពីខែធ្នូ មកឈរនៅចំណាត់ថ្នាក់លេខ២ គិតត្រឹមចុងខែមករាកន្លងទៅនេះ ក្នុងចំណោមប្រទេសមានការស្ទុះងើបឡើងប្រសើរជាងគេពីវិបត្តិកូវីដ១៩ ស្របពេលដែលប្រទេសហ្វីលីពីនឯណោះវិញ បានធ្លាក់ពីលំដាប់លេខទី៤៥ ទៅដល់លេខ ១០៤វិញ បន្ទាប់ពីករណីឆ្លងអូមីក្រុងបាននិងកំពុងរីករាលដាលកាន់តែខ្លាំងនៅប្រទេសនេះ។
បើយើងក្រឡេកមើលទៅលើចំណាត់ថ្នាក់ប្រទេសជិតខាងរបស់កម្ពុជាវិញ ឃើញថា ប្រទេសថៃ បានបង្ហាញពីស្ថានភាពវិជ្ជមានជាងមុន ដោយបានរំកិលមកដល់លេខរៀងទី១៩ ក្រោយពេលដែលប្រទេសនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញឲ្យទេសចរបទេសចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ រីឯ ប្រទេសវៀតណាមវិញ គឺឈរចំណាត់ថ្នាក់ទី ៩០ ដោយសារតែប្រទេសនេះ នៅតែប្រឈមឧបសគ្គជាមួយនឹងអត្រាឆ្លងកូវីដ១៩ក្នុងកម្រិតខ្ពស់នៅឡើយ។
សន្ទស្សន៍វាយតម្លៃរបស់ស្ថាប័ន Nikkei គឺវាយតម្លៃលើប្រទេស និងតំបន់ ដោយផ្អែកលើការសមត្ថភាពនៃគ្រប់គ្រងការឆ្លងរីករាលកូវីដ១៩, យុទ្ធនាការចាក់វ៉ាក់សាំង និងការធ្វើដំណើររបស់ពលរដ្ឋ និងចលនាសង្គម។ ការចាត់ចំណាត់ថ្នាក់នេះ គឺបានធ្វើឡើងនៅត្រឹមចុងខែមករាកន្លងទៅនេះ។
នៅប៉ុន្មានខែចុងក្រោយដែរនេះ កម្ពុជាហាក់ធ្វើបានល្អជាងគេទាក់ទងនឹងការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ តួយ៉ាង នៅក្នុងខែមករាកន្លងទៅ កម្ពុជាមានអ្នកឆ្លងតិចជាង ១ពាន់នាក់ប៉ុណ្ណោះ និងមិនមានករណីស្លាប់នោះឡើយ។
ការវាយតម្លៃពី Nikkei បានកត់សម្គាល់ឃើញទៀតថា កម្ពុជាក៏បានជំរុញការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនយ៉ាងខ្លាំងផងដែរ ដោយពឹងផ្អែកជាចម្បងនូវថ្នាំវ៉ាក់សាំងផលិតដោយប្រទេសចិន។ ការចាក់វ៉ាក់សាំងរបស់កម្ពុជា បានឈានដល់លើសផែនការកំណត់តាំងពីខែវិច្ឆិកាមកម្ល៉េះ ហើយប្រការនេះ បានជំរុញឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបើកប្រទេសពេញលេញឡើងវិញ ហើយកម្ពុជាក៏ក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានបើកឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស អាចចូលមកក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ។
របាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជាបង្ហាញថា គិតត្រឹមថ្ងៃទី ០៥ខែកម្ភៈ ប្រជាជនកម្ពុជាដែលមានអាយុលើពី១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងមានដល់ទៅជាង១០២%ហើយ ធៀបនឹងផែនការ១០លាននាក់ ខណៈដែលកម្ពុជាក៏បាននិងកំពុងចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅផងដែរ រួមទាំងការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ និងទី៤ថែមទៀតផង។ គិតជារួម ធៀបនឹងចំនួនប្រជាជនជាង ១៦លាននាក់ គិតមកទល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងប្រមាណជិត៩០%ហើយ៕