វិបិត្តកូវីដ-១៩ នៅតែបន្តអូសបន្លាយ ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ដូច្នេះហើយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសាកលមានសកម្មភាពវិលទៅរកការងើបឡើងវិញ ពីគ្រោះមហន្តរាយនេះ បណ្ដាប្រទេសនីមួយៗ បាននិងកំពុងដុតដៃដុតជើង ដាក់ចេញនូវផែនការយុទ្ធសាស្ត្ររៀងខ្លួនៗ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ទន្ទឹមនោះ វិស័យទេសចរណ៍ ជាអាទិភាពចម្បង ដែលបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ សម្រាប់កម្ពុជាផ្ទាល់ មិនខុសពីប្រទេសដទៃឡើយ សុទ្ធតែមានផែនការ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ក្នុងការបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ។
ក្រុមអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានចាត់ទុកថា យុទ្ធសាស្ត្រនេះ ជាការសាកល្បងថ្មី របស់ប្រទេសថៃ និងមិនបានចាត់ទុកថា វាគឺជាការប្រកួតប្រជែង ជាមួយកម្ពុជា ក្នុងការបើកទទួលទេសចរបរទេសឡើងវិញនោះឡើយ។ ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការប្រកាសរបស់ថៃ គឺជាសាកល្បងថ្មីមួយ មិនមែនជាការប្រកួតប្រជែង ជាមួយកម្ពុជា នោះទេ ហើយជោគជ័យ ឬអត់ ក៏មិនទាន់ដឹងនោះដែរ ព្រោះថៃ ធ្លាប់បរាជ័យកន្លងមករួចមកហើយ។ ក៏ប៉ុន្តែ យ៉ាងណា កម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ក្នុងការបើកច្រកទ្វារព្រំដែនទេសចរណ៍ ជាមួយប្រទេសថៃ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាពេលខាងមុខ។
ដើម្បីសម្រេចនូវផែនការបើកប្រទេសពេញលេញឡើងវិញ ប្រកបដោយភាពជោគជ័យ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ដើម្បីសម្រួលដល់អ្នកដំណើរចូលមកកម្ពុជា នាពេលបើកប្រទេសពេញលេញឡើងវិញ អ្នកទាំងនោះតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រឹមរយៈពេល ៧ថ្ងៃ ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ប្រទេសថៃ ឯណោះក៏មានយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដើម្បីអាចទាក់ទាញអ្នកដំណើរ និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត ក្នុងប្រទេសរបស់ខ្លួន ដោយមិនតម្រូវឱ្យអ្នកដំណើរទាំងនោះ ធ្វើចត្តាឡីស័កឡើយ។ ពាក់ព័ន្ធ យុទ្ធសាស្ត្ររបស់ថៃ នាពេលនេះ ត្រូវបាន ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ កម្ពុជា ចាត់ទុកថា ជាយុទ្ធសាស្ត្រថ្មីមួយ ដែលជួយសម្រួល និងបង្ករភាពងាយស្រួល ដល់អ្នកដំណើរ និងអ្នកទេសចរ ដែលចូលទៅប្រទេសថៃ។ ដ្បិតថា យុទ្ធសាស្ត្រនេះ អាចទាក់ទាញអ្នកទេសចរទៅកម្សាន្តនៅប្រទេសថៃ ក៏ពិតមែន ប៉ុន្តែសម្រាប់ ឯកឧត្តម តុប សុភ័ក យល់ថា សម្រាប់កម្ពុជា ហាក់មិនទាន់មានលទ្ធភាពធ្វើដូចប្រទេសថៃ នោះទេ ព្រោះនៅបារម្ភពីស្ថានភាពរបស់ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅឡើយ។
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក អ្នកជំនាញ ក្នុងវិស័យទេសចរណ៍ បានចាត់ទុកថា នេ ជាវិញ្ញាសារថ្មីមួយបន្ថែមទៀត របស់ប្រទេសថៃ ក្នុងការស្ដារសេដ្ឋកិច្ច ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែវិបត្តិកូវីដ-១៩។ អ្នកជំនាញរូបនេះ យល់ថា វាដល់ពេលហើយ ដែលវិស័យទេសចរណ៍ ត្រូវក្រោកឈរឡើងវិញ មិនថាប្រទេសកម្ពុជា ឬប្រទេសដទៃនោះទេ។ ផ្នែកលើសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ អំឡុងចុងក្រោយនេះ ត្រូវបានលោក ធួន ស៊ីណាន ឃើញថា កម្ពុជា ពិតជាអាចបើកប្រទេសពេញលេញឡើងវិញ ក៏ប៉ុន្តែ ការសម្រេចយ៉ាងនោះ ក៏អាស្រ័យលើរាជរដ្ឋាភិបាលកម្ពុជា ដែរ ថាអាចធ្វើបាន ឬមិនបាន។
យោងតាមចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃទី១២ ខែតុលា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា ប្រទេសថៃ នឹងបើកទទួលអ្នកដំណើរមកពីប្រទេស ដែលមានហានិភ័យកូវីដ-១៩ ទាប និងអ្នកទេសចរ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសឱ្យចូលទៅប្រទេសថៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ ប្រភពដដែលបានបន្ថែមទៀតថា រាល់អ្នកដំណើរដែលចូលប្រទេសថៃ ត្រូវបង្ហាញលទ្ធផលតេស្តម៉ាស៊ីនធំ-PCR ដែលបានធ្វើនៅប្រទេសរបស់ខ្លួន និងបានធ្វើនៅប្រទេសថៃ មួយទៀត។
បើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជា គ្រោងបើកប្រទេសពេញលេញឡើងវិញ នាចុងឆ្នាំ២០២១នេះ ។ ក្នុងនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ថា ជនបរទេស ដែលចូលមកកម្សាន្តនៅកម្ពុជា ត្រូវតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូស និងត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ប៉ុណ្ណោះ៕