គម្រោងវិនិយោគថ្មី១២៨គម្រោង

កម្ពុជាទាក់ទាញទុនវិនិយោគបានជាង២,៥ពាន់លានដុល្លារនៅ៤ខែឆ្នាំនេះ កើនឡើងជាង៣០០%


សេដ្ឋកិច្ចរបស់កម្ពុជាមានសម្ទុះកើនឡើងគួរកត់សម្គាល់ បន្ទាប់ពីបានធ្លាក់ចុះអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ជាក់ស្តែងនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងពង្រីកផលិតកម្មចំនួន១២៨គម្រោងជាមួយទុនវិនិយោគជាង២ពាន់៥រយលានដុល្លារអាមេរិកកើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងមានភាពប្រកួតប្រជែងបន្ថែមទៀត សំដៅទាក់ទាញវិនិយោគិន
គម្រោងវិនិយោគ
ដោយ

នាពិធីប្រកាសបើកដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាកាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញានឹងខិតខំប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាត់តែល្អប្រសើរ និងមានភាពប្រកួតប្រជែងបន្ថែមទៀតសំដៅទាក់ទាញក្រុមហ៊ុន និងវិនិយោគិនអន្តរជាតិឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនឹងដាក់ចេញនូវកម្មវិធីនិងគោលនយោបាយលើកទឹកចិត្ត សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតែងតែជួបពិភាក្សាជាមួយវិនិយោគិនអន្តរជាតិរៀងរាល់ពេលសម្តេចចេញទៅបំពេញទស្សនកិច្ច ឬចូលរួមកិច្ចប្រជុំ និងវេទិកាអន្តរជាតិម្តងៗ ក្នុងគោលបំណងដើម្បីទាក់ម៉ូយបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាលទ្ធផលនៃការដាក់ចេញគោលនយោបាយ និងដើរទាក់ម៉ូយបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅមួយរយៈកន្លងមកនេះ កម្ពុជាទទួលបានលទ្ធផលគួរជាទីមោទន។ ជាក់ស្តែងនាពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅ៤ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ គម្រោង ដែលមានទុនវិនិយោគសរុបជាង២,៥ពាន់លានដុល្លារ មានការកើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចបង្កើតការងារបានជាង១៣ម៉ឺនកន្លែង។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅត្រីមាសទី១ឆ្នាំនេះមានការកើនឡើងខ្ពស់រហូតដល់ប្រមាណ៨៦១លានដុល្លារកើនឡើង២២៧% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំមុន។ កំណើននេះភាគច្រើនជាឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ដូចជារោងចក្រផលិតសម្ភារអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងការសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តជាដើម។

ជាមួយនឹងសក្ដានុពល និងកាលានុវត្តភាពទាំងលើនេះ ឯកឧត្តម វង្សី វិស្សុត លើកចិត្តឱ្យវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ត្រូវចាប់យកឱកាស និងប្រើប្រាស់ឱ្យអស់សក្ដានុពលនូវវិធានការ និងគំនិតផ្តួចផ្តើមគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានខិតខំរៀបចំដាក់ចេញ និងបន្តពង្រឹងការអនុវត្តដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។

សូមជម្រាបថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ សមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ទិសទីឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់សម្តែង គិតមកទល់ពេលនេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានសម្រេចការនាំចេញ និងទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុននៅកម្ពុជាមានទំហំទឹកប្រាក់វិនិយោគជាង១៥ពាន់លានដុល្លារ និងបានផ្ដល់ឱកាសការងារជូនដល់កម្មករ កម្មការិនី និងនិយោជិតជាង៦៤ម៉ឺននាក់៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ឥណ្ឌានាំចេញអង្ករច្រើនជាងគេលើពិភពលោក ខណៈថៃ និងវៀតណាម កំពុងប្រកួតប្រជែងគ្នាដណ្តើមយកលេខ២

សមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយថា ទោះបីជាឥណ្ឌា នៅតែរក្សាបានចំណាត់ថ្នាក់លេខ១ ជាប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ពិភពលោកយ៉ាងណាក្ដី…

សម្តេចធិបតី លើកទឹកចិត្តឱ្យអង្គការ ILO បន្តគាំទ្រវិស័យការងារនៅកម្ពុជាបន្ថែម ពិសេសការកសាងមូលធនមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ ILO ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ