កំណើនសេដ្ឋកិច្ច

ធនាគារពិភពលោកដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក តែព្រមានពីការប្រមូលផ្តុំការពឹងផ្អែកខ្លាំងលើ AI


ធនាគារពិភពលោក (World Bank) បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដល់៤,៥%នៅឆ្នាំ២០២៦។ ប៉ុន្តែនៅពីក្រោយលេខដ៏ល្អនេះ សេដ្ឋកិច្ចអាស៊ីកំពុងឈរលើផ្លូវដ៏គ្រោះថ្នាក់មួយដោយសារកំណើនសេដ្ឋកិច្ចទាំងមូលភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ សារព័ត៌មាន CNBC បានរាយការណ៍ថា ការស្ទុះងើបឡើងនៃតម្រូវការបច្ចេកវិទ្យា AI បានរំញ៉ោចឱ្យការនាំចេញក្នុងតំបន់ហក់ឡើងជាងពាក់កណ្តាល។
ធនាគារពិភពលោក
ដោយ

ប៉ុន្តែធនាគារពិភពលោកបានសង្កត់ធ្ងន់ៗថា ការប្រមូលផ្តុំកំណើនសេដ្ឋកិច្ចតែលើបច្ចេកវិទ្យា AI តែមួយ អាចនឹងធ្វើឱ្យអាស៊ីបាត់បង់សរសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត និងងាយរលំនៅពេលទីផ្សារបច្ចេកវិទ្យាសកលជួបបញ្ហា។
យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងកើនឡើង៤,៥%នៅឆ្នាំនេះ គឺខ្ពស់ជាងការព្យាករណ៍កាលពីខែមេសា ០,៣%។ ប៉ុន្តែកំណើននេះនឹងចាប់ផ្តើមថយចុះមកនៅត្រឹម៤,៤% នៅឆ្នាំ២០២៧ និង៤,៣% នៅឆ្នាំ២០២៨។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺប្រសិនបើកាត់ផ្ដាច់ទំនិញដែលពាក់ព័ន្ធនឹង AI ចេញ កំណើនពាណិជ្ជកម្មអាស៊ី គឺស្ទើរតែស្មើសូន្យ ឬអវិជ្ជមានតែម្តង។
ទំនិញបច្ចេកវិទ្យា AI មានចំណែកលើសពាក់កណ្តាលនៃកំណើននាំចេញសរុប ហើយថែមទាំងក្តោបក្តាប់រហូតដល់ទៅជាង៧០% នៅក្នុងប្រទេសភាគច្រើនដូចជាម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ នៅក្នុងរយៈពេល១២ខែចុងក្រោយនេះ ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមបានស្រូបទាញចំណូលពីការនាំចេញទំនិញពាក់ព័ន្ធនឹង AI រហូតដល់ទៅ១,៤ទ្រីលានដុល្លារ។
ប៉ុន្តែធនាគារពិភពលោកបានទាញអាសន្នសញ្ញាថា ការហក់ឡើងនៃវិស័យ AI លើកនេះមានល្បឿនលឿន និងចាក់លុយខ្លាំងជាងរលកបច្ចេកវិទ្យាណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្នការចំណាយលើវិស័យ AI បានស្ទុះឡើងស្មើនឹង៦% នៃ GDP របស់សហរដ្ឋអាម៉េរិកដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ការចំណាយលើបច្ចេកវិទ្យា AI ពិភពលោក ត្រូវបានរំពឹងថា នឹងហក់ឡើងដល់ទៅ២,៩ទ្រីលានដុល្លារ។
ប្រសិនបើថ្ងៃណាមួយការចំណាយលើ AI របស់ពិភពលោកស្រាប់តែគាំង ឬធ្លាក់ចុះ នោះសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដោយសារតែគ្មានសរសរស្តម្ភសេដ្ឋកិច្ចផ្សេងទៀតមកជួយទ្រទ្រង់ទាន់ពេលវេលា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៥% នៅឆ្នាំ២០២៦

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងថមថយមកនៅត្រឹម ៣,៥% នៅឆ្នាំ២០២៦ ដែលកត្តាចម្បងបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រា…

រដ្ឋមន្ត្រីថាមពលអាស៊ានជួបប្រជុំគ្នា ដើម្បីរកវិធីទប់ទល់នឹងវិបត្តិប្រេង ដែលកំពុងហក់ឡើងខ្ពស់

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងរុញច្រានពិភពលោកឱ្យប្រឈមនឹងវិបត្តិប្រេងជាថ្មី តើអាស៊ានអាចទប់ទល់នឹងការហក់ឡើងថ្លៃប្រេងដោយរបៀបណា? ស្របពេលដែលទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ