គម្រោងវិនិយោគ

ឯកឧត្ដម ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងខែមករា បង្ហាញពីការទុកចិត្តរបស់ អ្នកវិនិយោគលើថ្នាក់ដឹកនាំកម្ពុជា


របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គ្រាន់តែនៅក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជិត២៩ពាន់កន្លែង។
ឯកឧត្ដម ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងខែមករា បង្ហាញពីការទុកចិត្តរបស់ អ្នកវិនិយោគលើថ្នាក់ដឹកនាំកម្ពុជា
ដោយ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាត់ទុកគម្រោងវិនិយោគដ៏ច្រើននេះ គឺជាសញ្ញាណវិជ្ជមាន និងបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្នាក់ដឹកនាំ CDC រំពឹងថា តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការស្វះស្វែងកៀរគរវិនិយោគិននាពេលកន្លងមក កម្ពុជានឹងទទួលបានគម្រោងវិនិយោគពីបរទេសបន្តបន្ទាប់ទៀត ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាពលរដ្ឋកាន់តែច្រើន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាត់ទុកការទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់នៅក្នុងខែមករា កន្លងទៅ គឺបានបញ្ជាក់ពីការជឿទុកចិត្តរបស់អ្នកវិនិយោគមកលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការទទួលបានប្រាក់ចំណេញ និងការធានាបាននិរន្តរភាពនៃខ្សែច្រវ៉ាក់ផលិតកម្ម គឺជាលក្ខខណ្ឌដ៏ចម្បងបំផុតសម្រាប់អ្នកជំនួញគ្រប់រូប។ ដូច្នេះ មុនឈានដល់ការដាក់ទុនវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគត្រូវសិក្សាយ៉ាងល្អិតល្អន់បំផុតលើលទ្ធភាពទទួលបានផលចំណេញ ជាពិសេសកត្តាសុខសន្តិភាព និងស្ថិរភាពសង្គមនៅក្នុងប្រទេស គោលដៅវិនិយោគ ដើម្បីធានានិរន្តរភាពនៃការវិនិយោគ។

ផ្អែកលើកត្តាខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះ គឺបានបង្ហាញឱ្យឃើញច្បាស់ពីទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គមកម្ពុជា ដើម្បីធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មានឧបសគ្គ។ បន្ថែមពីលើនេះ អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កា តាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកគម្រោងវិនិយោគទាំងនេះ ជាផ្លែផ្កាកើតចេញនយោបាយការទូត សេដ្ឋកិច្ច និងការប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង៥ខែ កន្លងមកនេះផង។

សូមបញ្ជាក់ថា នៅពេញមួយខែមករា ដើមឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជិត២៩ពាន់កន្លែង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តមានភាពលេចធ្លោជាងគេ រួមមាន គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ កង់ រ៉ឺម៉ក(អគ្គិសនី) គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង និងគម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលគម្រោងទាំងនោះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល និងព្រះសីហនុ។ ប្រភពទុនវិនិយោគសំខាន់ៗ ដែលបានបោះទុនវិនិយោគនៅកម្ពុជា រួមមាន ចិនបានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមគម្រោងផលិតកម្មទាំងអស់ ដោយបានក្ដោបការវិនិយោគរហូតជាង៧៨% បន្ទាប់មកសិង្ហបុរី បានក្ដាប់ទុនវិនិយោគ៩,៦%។ ចំណែក ការវិនិយោគមកពីសហរដ្ឋអាម៉េរិកមានចំនួនជាង៥% ហើយមកពីសាធារណៈរដ្ឋកូរ៉េ មានជាង ៣% និងជិត៣% គឺជាប្រភពទុនក្នុងស្រុក៕

None



អត្ថបទបន្ទាប់


តួកគី សម្រេចបានកំណើននាំចេញឈានដល់កម្រិតកំណត់ត្រា២០ពាន់លានដុល្លារ ក្នុងខែមករា

ទិន្នន័យផ្លូវការបង្ហាញថា ការនាំចេញរបស់តួកគី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំមួយនៅទ្វីបអឺរ៉ុប បានកើនឡើងឈានដល់កម្រិតកំណត់ត្រាលើស២០ពាន់លានដុ…

ស្របពេលពិធីបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់ តើតម្លៃមាសនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?

ក្រុមអាជីវករលក់មាស និងអ្នកជំនាញទីផ្សារមាស កត់សម្គាល់ឃើញថា នៅរៀងរាល់ឆ្នាំឱ្យតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតចូលមកដល់តម្លៃមាសនៅកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ