យោងតាមរបាយការណ៍ដដែលរយៈពេលពេញ ១ឆ្នាំ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ទៅកាន់ទិសដៅ ៦៨ប្រទេស ក្នុងបរិមាណជិត ៨លានតោន ដោយមានការកើនឡើងជាង៦៣% បើប្រៀបនឹងឆ្នាំ២០២០។ ចំណូលបានពីការនាំចេញផលិតផលកសិកម្មសំខាន់ៗ ដែលជំរុញឱ្យការនាំចេញកសិផល ក្នុងឆ្នាំ២០២១ កើនឡើងខ្លាំង មានដូចជា ចំណូលពីការនាំចេញអង្ករ មានជាង ៥រយលានដុល្លារ,ចំណូលពីការនាំចេញស្រូវ មានជាង ៦រយលានដុល្លារ និងចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជាង ៣ពាន់លានដុល្លារ។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករ កម្ពុជា និងជាអ្នកជំនួញ លើការនាំចេញផលិតផលកសិកម្ម បានគូសបញ្ជាក់ថា សកម្មភាពនៃការនាំចេញផលិតផលកសិកម្ម ក្នុងឆ្នាំ២០២១ ហាក់មានភាពប្រសើរជាង២០២០ ពិសេសនៅឆមាសទីនៃឆ្នាំ២០២១ តែម្ដង។ អ្នកជំនាញរូបនេះ បានមើលឃើញថា ការនាំចេញផលិតផលកសិកម្មស្ទើរគ្រប់មុខ សុទ្ធតែមានការកើនឡើង លើកលែងតែការនាំចេញអង្ករ ទៅកាន់ទីផ្សារអឺរ៉ុប ព្រោះតែកម្ពុជា បានជួបនូវវិបត្តិថ្លៃដឹកជញ្ជូនកើនឡើង និងខ្វះទូរកុងតឺន័រ។ តែយ៉ាងណាក៏ដោយ ឧកញ៉ា ហ៊ុន ឡាក់ នៅតែបង្ហាញពីក្ដីរំពឹងយ៉ាងមុតមាំ ចំពោះវិស័យកសិកម្ម កម្ពុជា ថានឹងបន្តប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់។
ស្ថិតក្នុងបរិបទកូវីដ-១៩ វិស័យកសិកម្ម បានក្លាយជាវិស័យស្នូលយ៉ាងសំខាន់លើការទ្រទ្រង់ ក៏ដូចជា ស្ដារសេដ្ឋកិច្ចកម្ពុជាឱ្យងើបពីវិបត្តិកូវីដ-១៩។ បើតាមធនាជាតិនៃកម្ពុជា វិស័យកសិកម្មបានស្រូបយកកម្លាំងការងារជិត ១/៣ នៃកម្លាំងការងារសរុប និងមានក្ដីរំពឹងថា នៅឆ្នាំ២០២២ វិស័យកសិកម្ម នឹងមានកំណើនល្អជាងឆ្នាំ២០២១។ ធនាគារជាតិនៃកម្ពុជា ក៏មានក្ដីរំពឹងទៀតថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្ដានុពលនៃវិស័យកសិកម្ម ពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម ដែលជាកត្តាសំខាន់ក្នុងការស្ដារឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕