
យ៉ាងណាក៏ដោយ នៅឆ្នាំនេះ សង្វៀនប្រកួតនៅតែបើកទ្វាស្វាគមន៍ដដែល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំនេះ នៅឯទីក្រុងម៉ាកាវ ប្រទេសចិន។ តើកម្ពុជា អាចដណ្ដើមជើងឯកមាសសល្អបំផុតសម្រាប់ឆ្នាំនេះ បានដែរ ឬទេ?
ដើម្បីត្រៀមខ្លួនក្នុងការទៅប្រកួតប្រជែងគុណភាពអង្ករល្អបំផុតលំដាប់ពិភពលោកលើកទី៩ នៅឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើតេស្ដគុណភាពអង្ករចំនួន២៣សំណាក ដែលមានការចូលរួមពីរោងម៉ាស៊ីនកិនស្រូវប្រមាណជាង ១០រោងម៉ាស៊ីន និង ៦សហគមន៍កសិករនេះ ដើម្បីស្វែងរកប្រភេទអង្ករដែលមានគុណភាពខ្ពស់បំផុតសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ។
ក្នុងចំណោមអង្ករជាង២០សំណាកនោះ មាន ១២សំណាកជាអង្ករក្រអូបប្រណីត និង ៨សំណាក ជាអង្ករក្រអូបធម្មតា និង ៣សំណាកទៀត ជាអង្ករ ស ធម្មតា។ ឆ្លងតាមការតេស្ដលើសោភ័ណភាពអង្ករ ក្លិនមុនចម្អិន និងគុណភាពរសជាតិក្រោយពេលចម្អិន ចុងភៅជំនាញៗដែលជាអ្នកវាយតម្លៃ ដោយមានលោក លូ ម៉េង ជាប្រធាន បានសម្រេចជ្រើសយកអង្ករពីរប្រភេទដែលមានគុណភាពល្អបំផុតសម្រាប់យកទៅប្រកួតប្រជែងនៅទីក្រុងម៉ាកាវ ប្រទេសចិន នៅដើមខែវិច្ឆិកានេះ។ ក្នុងនោះ គឺប្រភេទអង្ករក្រអូបប្រណីតលេខមួយ ចំនួន ២សំណាក និងអង្ករក្រអូបធម្មតា ចំនួន ១សំណាក។

យ៉ាងណាក៏ដោយ សហព័ន្ធស្រូវអង្ករកម្ពុជាមិនបានបញ្ជាក់ថា តើអង្ករក្រអូបប្រណីតលេខមួយនោះ ជាពូជស្រូវឈ្មោះអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា អង្ករក្រអូបប្រណីតលេខមួយនោះ មានពូជអង្ករដូចជា ផ្ការំដួល រំដេង រមៀត សុមាលី និងផ្កាម្លិះជាដើម ខណៈដែលប្រភេទអង្ករក្រអូបធម្មតា គឺជាអង្ករពូជសែនក្រអូប។
ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា នៅឆ្នាំនេះ ការប្រកួតប្រជែងក្នុងការធ្វើតេស្ដគុណភាពអង្ករមានការចូលរួមច្រើនពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ ហើយបើតាមការមើលឃើញរបស់លោកផ្ទាល់ នៅឆ្នាំនេះ ការវេចខ្ចប់និងគុណភាពអង្កររបស់កម្ពុជា គឺមិនអន់ជាងឆ្នាំមុនៗនោះឡើយ។
យ៉ាងណាក៏ដោយ លោកថា លោកមិនអាចវាយតម្លៃលើការដណ្ដើមតំណែងលេខមួយអង្ករល្អបំផុតលើពិភពលោកបាននោះទេ គឺមានតែគណៈកម្មការផ្ទាល់ប៉ុណ្ណោះ ទើបអាចធ្វើការវាយតម្លៃបាន។ តែយ៉ាងណា យើងមានក្ដីសង្ឃឹមខ្ពស់សម្រាប់ការប្រកួតប្រជែងនៅឆ្នាំនេះ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ត្បិតថា ២ឆ្នាំកន្លងមកនេះ កម្ពុជាមិនបានឈរក្នុងតំណែងលេខ១ក៏ដោយ ប៉ុន្ដែ ប៉ុន្មានឆ្នាំមកនេះ កម្ពុជាមិនដែលចាកចេញកំពូលលំដាប់ទាំងបីនៃអង្ករល្អបំផុតនោះឡើយ ហើយការធ្លាក់មកនៅលេខ២នេះ ក៏មិនមានផលប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជានោះដែរ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន HCC Group បានឲ្យដឹងដែរថា នៅឆ្នាំនេះ គឺមិនខុសពីឆ្នាំទៅមិញនោះទេ ការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោកនៅទីក្រុងម៉ាកាវ នឹងមានបណ្ដាប្រទេសជាង១០ចូលរួម ហើយកម្ពុជា គឺមានជំនឿចិត្តខ្ពស់ក្នុងការប្រកួតប្រជែងតំណែងជើងឯកនៅឆ្នាំនេះ ត្បិតថា កម្ពុជាបានឈរលេខ២ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលតំណែងលេខ១បានទៅប្រទេសថៃ។
លោកបន្ថែមថា ការដែលអង្ករកម្ពុជាធ្លាក់មកនៅលេខ២ គឺមិនមានអ្វីចម្លែកនោះទេ ព្រោះថា កម្ពុជាបានគ្រប់គ្រងតំណែងលេខ១បាន៣ឆ្នាំជាប់គ្នាកន្លងមកហើយ ខណៈដែលគុណភាពអង្កររបស់កម្ពុជា និងថៃ គឺមានភាពប្រហាក់ប្រហែលគ្នា ដែលពិបាកក្នុងការដាក់ពន្ទុឲ្យដាច់គ្នាណាស់។ ដូច្នេះ ប្រសិនបើអង្ករកម្ពុជាជាប់តំណែងលេខ១ បួនឬប្រាំឆ្នាំជាប់គ្នា នោះទើបជារឿងចម្លែកនិងធ្វើឲ្យអ្នកចូលរួមប្រកួតប្រជែងកាន់តែមានភាពអាក់អន់ចិត្ត។
លោកឧកញ៉ា ហ៊ុន ឡាក់ បានហៅការដាក់ពន្ទុរបស់គណៈកម្មការដែលឲ្យកម្ពុជាជាប់លេខ២ថា គឺជាការដាក់ពន្ទុប្រកបដោយភាពវៃឆ្លាត និងបត់បែន។
សូមជម្រាបដែរថា អង្ករក្រអូបប្រណីតរបស់កម្ពុជា ធ្លាប់បានជាប់ឈ្មោះជាអង្ករល្អបំផុតលើពិភពលោកលំដាប់លេខ១ បីឆ្នាំជាប់គ្នា ពោលគឺកាលពី២០១២ ដល់ឆ្នាំ២០១៤ ប៉ុន្ដែ ទើបតែ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលកម្ពុជាឈរនៅលំដាប់អង្ករល្អបំផុតលើពិភពលោកលំដាប់លេខ២ ខណៈដែលថៃជាប់លេខ១។ យ៉ាងណាក៏ដោយ នៅឆ្នាំនេះ កម្ពុជាមានសង្ឃឹមខ្ពស់ក្នុងការដណ្ដើមតំណែងលេខមួយត្រឡប់មកវិញ ខណៈដែលការផលិតអង្កររបស់កម្ពុជាហាក់បីមានភាពកាន់តែប្រសើរជាងមុន៕