អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមគោលនយោបាយនៃសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ស្របពេលដែលបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកម្ពុជា កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន មានតែវិស័យកសិកម្មនោះទេ ដែលជាជន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗកម្ពុជា នៅតែទទួលបានការចរចារនាំចេញអង្ករពីទីផ្សារអន្តរជាតិថ្មីៗមួយចំនួន។ តាមរយៈលទ្ធផលនេះ ធ្វើឱ្យអ្នកជំនាញដ៏ល្បីល្បាញក្នុងវិស័យកសិកម្មរូបនេះជឿជាក់ថា ស្ថានភាពទីផ្សារស្រូវអង្ករកម្ពុជានឹងកាន់តែល្អប្រសើរ តាមរយៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិថ្មីៗជាបន្តបន្ទាប់។
យ៉ាងណាមិញអ្នកជំនួញកសិកម្មរូបនេះ ជំរុញឱ្យកសិករគួរបង្កើនលើការផលិតអង្ករប្រណិត ដែលមានគុណភាពល្អសម្រាប់នាំចេញឱ្យបានច្រើន ជាជាងការផលិតនូវអង្ករប្រភេទធម្មតាលក់បានក្នុងតម្លៃទាប ដ្បិតការចំណាយថ្លៃដើមផលិតទៅលើប្រភេទអង្ករទាំងពីរនេះ គឺមានតម្លៃប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ កត្តានេះទាមទារឱ្យប្រជាកសិករត្រូវថ្លឹងថ្លែងរវាងការផលិតអង្ករ ដែលមានគុណភាពល្អ និងធម្មតា។ តែយ៉ាងណាក៏ដោយ ដើម្បីអាចផលិតអង្កប្រណិតនេះបាន ជំហានដំបូងត្រូវពង្រឹង និងផលិតពូជឱ្យបានសុទ្ធជាមុនសិន។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅ៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន ទៅកាន់ទីផ្សារគោលដៅចំនួន៥៧ប្រទេសនៅលើពិភពលោក ដោយទទួលបានចំណូលប្រមាណជាង៣២០លានដុល្លារ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួនជាង១៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត១រយលានដុល្លារ ខណៈនាំចេញទៅទីផ្សារអឺរ៉ុបវិញមានជាង១៩ម៉ឺនតោន គិតជាទឹកប្រាក់ជិត១៤០លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវបានចំនួនជាង៣លានតោនផងដែរ ដែលគិតជាទឹកប្រាក់មានជាង៨០០លានដុល្លារ។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជិត៦៤ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង៣លាន៤សែនតោន ទទួលបានទឹកប្រាក់សរុបជាង ១ពាន់រយលានដុល្លារអាមេរិក៕