សំណួរសួរថា តើយើងនៅដេកឱបទុក្ខព្រួយហ្នឹងដោយមិនមានដំណោះស្រាយមែនទេ? ថាតើការដកហូតពន្ធអង្ករនាំចូលទៅកាន់ទីផ្សារអឺរ៉ុប ពិតជាធ្វើឲ្យទីផ្សារអង្ករកម្ពុជាស្លាប់ និង អត់ផ្លូវដើរមែនឬយ៉ាងណា?
ជុំវិញទៅនឹងសំណូរខាងលើនេះ ពិតជាពិបាកនឹងឆ្លើយថា វាមិនស្លាប់ ឬ មិនមានផ្លូវដើរនោះទេនៅក្នុងរយៈពេលខ្លី?
អ្នកជំនាញបានអះអាងថា គណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការ កំណត់ដកហូតពន្ធលើ អង្ករនាំចូលពីប្រទេសកម្ពុជាវាហាក់បីដូចជាឆាប់រហ័សបន្តិច ពិតណាស់សម្រាប់រយៈពេលខ្លីតម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិអាចនឹងប៉ះពាល់ហើយ។
យ៉ាងណាក៏ដោយចុះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជាកំពុងតែត្រៀមខ្លួនប្រកួតប្រជែងទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិហើយ ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់យ៉ាងសឿងថា ការដកហូតពន្ធអង្ករនេះ វាមិនបានបិទផ្លូវកម្ពុជា និង ធ្វើឲ្យទីផ្សារអង្ករកម្ពុជា ដួលនោះទេ ប៉ុន្តែយ៉ាងណា ទាមទារឲ្យកម្ពុជាពង្រឹងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។
ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងយ៉ាងដូច្នេះថា៖ “ ការកំណត់យកពន្ធលើអង្ករកម្ពុជា នាំចូលទៅកាន់អឺរ៉ុបនេះ គឺជារឿងដែលគេគង់តែដក គង់តែនឹងកើតឡើង គ្រាន់តែរឿងនេះ វាកើតឡើងឆាប់រហ័សបន្តិច ដែលទាមទារឲ្យកម្ពុជា ពង្រឹងការប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកាត់បន្ថយថ្លៃដើម និងពង្រីកទីផ្សារ”។
ឯកឧត្តម បន្តថា សហភាពអឺរ៉ុប បានសម្រេចដកហូតយកពន្ធលើ អង្ករសម្រិតប្រភេទ Indica ប៉ុណ្ណោះ ដោយលើកលែងចំពោះអង្ករសម្រូប អង្ករបាក់ និង ប្រភេទអង្ករផ្សេងទៀត ជាពិសេស អង្ករក្រអូបរបស់កម្ពុជា មិនត្រូវបានហាមឃាត់ឡើយ ហើយសហព័ន្ធស្រូវអង្ករកម្ពុជា ក៏កំពុងរកដំណោះស្រាយ ជំរុញការនាំចេញ និងពង្រីកទីផ្សារអង្ករក្រអូបកម្ពុជា បន្ថែមទៀត។
ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ជាក់ដែរថា ក្រៅពីទីផ្សារអឺរ៉ុប កម្ពុជា នៅមានទីផ្សារនាំចេញធំៗច្រើនទៀត ដូចជាទីផ្សារចិន ដែលផ្តល់កូតានាំអង្ករកម្ពុជាចូលដល់ ៤០ម៉ឺនតោនក្នុងឆ្នាំ ២០១៩នេះ ក៏កំពុងតែត្រូវការ អង្ករក្រអូបរបស់កម្ពុជា ដែលទាមទារឲ្យ កម្ពុជា ជំរុញការធ្វើទំនើបកម្ម ពង្រឹងការប្រកួតប្រជែង និងផលិតភាព។
យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថា ក្នុងចំណោមអង្ករនាំចេញសរុបជាង ៦២ ម៉ឺនតោន នៅឆ្នាំ២០១៨ កន្លងទៅនេះ មានអង្ករប្រមាណ ជាង ២៦ ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់អឺរ៉ុប។
ដោយឡែក របាយការណ៍ពីគណៈកម្មការអឺរ៉ុប ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលអង្ករទៅសហភាពអឺរ៉ុបមានជាមធ្យមប្រមាណ ជាង ២០ម៉ឺនតោន ហើយអឺរ៉ុបក៏ជាទីផ្សារធំមួយរបស់ វិស័យស្រូវអង្ករកម្ពុជាផងដែរ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា គិតតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កន្លងទៅ ការនាំចូលអង្ករពីកម្ពុជា ទៅកាន់អឺរ៉ុបមានលំហូរកំណើនប្រមាណ ៨២២ភាគរយ ពោលគឺចាប់ពីប្រមាណ ២៧ពាន់តោន មកដល់ ប្រមាណជិត ២៥ ម៉ឺនតោន។
គួររម្លឹកថា ក្នុងសេចក្ដីប្រកាសរបស់គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ ២០១៩នេះតទៅ អឺរ៉ុប នឹងកំណត់ដកហូតពន្ធលើអង្ករនាំចូលពី កម្ពុជា ដោយឆ្នាំទី១ គឺឆ្នាំ ២០១៩នេះ នឹងកំណត់ដកហូតពន្ធគយក្នុងតម្លៃប្រមាណ ២០០ ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី ២ នឹងកំណត់ដកហូតពន្ធមកនៅជាង ១៧០ដុល្លារអាមរិក និងឆ្នាំទី៣ នឹងការដកហូតពន្ធនឹងថយចុះមកនៅជាង ១៤០ ដុល្លារអាមេរិក នៅក្នុងអង្ករមួយតោន៕