យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បរិមាណនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០១៧នេះ សម្រេចបានជិត១១ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ មានត្រឹមតែជាង៩ម៉ឺនតោន គឺកើនឡើងជាង១៤ភាគរយ។
ដោយឡែកគិតត្រឹមតែក្នុងខែកុម្ភៈឆ្នាំ២០១៧ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅ ៤៦ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ ជាមួយបរិមាណអង្ករជាង ៤ម៉ឺនតោន ប្រទេសបារាំងលេខ២ ជាង ១ម៉ឺន៥ពាន់តោន និងប្រទេសប៉ូឡូញជាង៩ពាន់តោន។
ការនាំចេញអង្កររបស់កម្ពុជា មាន ៥៤ក្រុមហ៊ុនដែលមានបរិមាណអង្ករត្រូវបាននាំមុខគេ។ ប្រភេទអង្ករក្រអូបមានបរិមាណនាំចេញ ជាង៦ម៉ឺនតោន អង្ករសគ្រប់ប្រភេទជាង ៣ម៉ឺន៧ពាន់តោន និងអង្ករចំហុយជិត៩ពាន់តោន។
ការនាំចេញអង្ករបានកើនក្នុងពេលនេះ បញ្ជាក់ពីភាពជោគជ័យនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសម្រាប់ការនាំចេញ ស្របជាមួយកម្ពុជាកំពុងមានបទពិសោធន៍ច្រើនក្នុងការស្វែងរកទីផ្សារ ការបង្កើតសកម្មភាពក្រុមការងារមានភាពល្អប្រសើរជាងមុន។
ដើម្បីសម្រេចគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករឲ្យទទួលបានជោគជ័យ ខាងលេខាធិការដ្ឋានច្រកចេញចូលតែមួយបានប្រកាសជំហររបស់ខ្លួនថា នឹងខិតខំបន្តពង្រីកវិសាលភាពដើម្បីបំពេញតួនាទីក្នុងការបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធ រួមមានក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដឹកជញ្ជូន ឲ្យមានការយកចិត្តទុកដាក់លើការថែទាំស្រូវអង្ករមុនការនាំចេញ និងបំពេញបែបបទដោយអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល៕