លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា វិធានការស្នើដំឡើងពន្ធនាំចូលជុំថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើប្រទេសទាំង ១៤រួមទាំងកម្ពុជា ដោយចោទពីបញ្ហាផលិតកម្មលើសតម្រូវការ និងធ្វើឱ្យប៉ះពាល់ភាពប្រកួតប្រជែង គឺជាសំណើដែលត្រូវឆ្លងកាត់ការពិគ្រោះយោបល់ និងពិនិត្យឱ្យបានស៊ីជម្រៅ មុននឹងអាចចូលជាធរមាននៅដើមឆ្នាំ២០២៧។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើវិធានការដំឡើងពន្ធថ្មីក្នុងអត្រា១៨%សម្រាប់កម្ពុជានេះចូលជាធរមាន នោះវាជាការគំរាមកំហែងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ដ្បិតវានឹងបង្កហានិភ័យខ្លាំងទៅដល់វិស័យកាត់ដេរ ដែលពឹងផ្អែកលើទីផ្សារអាម៉េរិកជាធំ ដោយប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបញ្ជាទិញ ព្រមទាំងឧស្សាហកម្មគាំទ្រមួយចំនួនផងដែរ។ តែទោះជាយ៉ាងណា អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជានៅតែមានឱកាសក្នុងការបន្តចរចាដើម្បីរក្សាទីផ្សារ និងពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួនឱ្យបានកាន់តែច្រើន និងរហ័សបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់អត្រាពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងកម្រិត១៨% មកលើប្រទេសកម្ពុជា ទំនងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នោះទេ បើធៀបនឹងប្រទេសជិតខាង។ បើតាមអ្នកជំនាញរូបនេះ អត្រាពន្ធ១៨% នេះ គឺមានភាពធូរស្រាលជាងលើកមុនដែលកម្ពុជា ជាប់ក្នុងកម្រិត១៩% ដូច្នេះអត្រាពន្ធថ្មីនេះនៅតែអាចឱ្យទំនិញកម្ពុជា មានលទ្ធភាពក្នុងការនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកបាន។
ពាក់ព័ន្ធបញ្ហានេះដែរលោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការស្នើដំឡើងពន្ធគយលើទំនិញកម្ពុជា ពី១០% ទៅ១៨% ក្រោមមាត្រា ៣០១ នៃច្បាប់អាម៉េរិក នាពេលនេះ ទំនងជាអត្រាពន្ធចុងក្រោយរបស់អាម៉េរិក ដាក់លើកម្ពុជា សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកបានចាត់ទុកអត្រាពន្ធថ្មីនេះ មិនមែនជារឿងល្អនោះទេ សម្រាប់កម្ពុជា ដ្បិតប្រទេសជាច្រើនបានទទួលរងពន្ធក្រោមមាត្រា៣០១ ត្រឹមតែ១០% ប៉ុណ្ណោះ។ ក្នុងនោះមានប្រទេសដែលប្រកួតប្រជែងជាមួយការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ដូចជា ប៉ាគីស្ថាន ស្រីលង្កា និងហ្គាតេម៉ាឡា ជាដើម ដូច្នេះម៉ាកយីហោមួយចំនួនអាចផ្លាស់ប្តូរការបញ្ជាទិញទៅប្រទេសទាំងនោះ ដើម្បីចៀសវាងអត្រា១៨% នៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា អត្រា១៨%នេះ មិនមែនជាមហន្តរាយទាំងស្រុងនោះទេ ព្រោះគូប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា ដូចជា ឥណ្ឌូនេស៊ី និងបង់ក្លាដែស ក៏ទទួលបានអត្រា១៨% ដូចគ្នាដែរ ចំណែកវៀតណាម រំពឹងថា នឹងទទួលរងអត្រា២០%។ បើតាមលោក Casey Barnett អត្រាពន្ធថ្មី១៨%នេះនឹងអាចកើនដល់២៥% ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មបដិការ ឬមិនបានបំពេញលក្ខខណ្ឌផ្សេងទៀត។
គួរជម្រាបថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក បានប្រកាសសំណើដាក់ពន្ធក្រោមមាត្រា៣០១ ដោយចោទប្រកាន់ប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ រួមទាំងកម្ពុជាថា បានអនុវត្តគោលនយោបាយក្នុងវិស័យផលិតកម្ម ដែលនាំឱ្យមានការផលិតលើសតម្រូវការខ្លាំង និងបង្កការប្រកួតប្រជែងមិនស្មើភាព។ យោងតាមសំណើខាងលើនេះ ប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងបង់ក្លាដែសនឹងរងពន្ធ១៨% ខណៈសិង្ហបុរី ២០% និងវៀតណាម រងពន្ធខ្ពស់ជាងគេចន្លោះពី២០% ទៅ៣៥%។ ចំណែកចិន អាចរងពន្ធ២០% លើទំនិញមួយចំនួន និង១០% លើផលិតផលមួយចំនួន។ ទោះជាយ៉ាងណាផលិតផលមួយចំនួននឹងត្រូវបានលើកលែង ហើយអត្រាដែលបានស្នើឡើងក៏គិតគូរពីពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដែលមានស្រាប់ផងដែរ៕