តាមរបាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង៣២នោះ មានតំបន់សេដ្ឋកិច្ចពិសេសតែ ១៩កន្លែងប៉ុណ្ណោះ ដែលមានសកម្មភាពអភិវឌ្ឍន៍ខ្លាំងពិសេស គឺតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតតែម្ដង ដែលកាលពីពេលថ្មីៗនេះដែរ ទើបតែបើកសម្ពោធរោងចក្រតំឡើងរថយន្តធំមួយ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដើម្បីលក់ចែកចាយនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា និងនាំចេញ។ លើសពីនេះ រោងចក្រនេះ ក៏មានទិសដៅនឹងតំឡើងរថយន្តឲ្យបាន ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំសម្រាប់លក់លើទីផ្សារនៅឆ្នាំ២០១៨នេះផងដែរ។
ដោយឡែក លោកជំទាវ លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងប៉ោយប៉ែត ធ្លាប់បានលើកឡើងថា ការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ របស់លោកស្រីនៅឆ្នាំនេះ មានភាពល្អប្រសើរច្រើន តួយ៉ាងកាលពីប៉ុន្មានខែមុននេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងប៉ោយប៉ែត ក៏ទើបតែទទួលបានក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួន ចូលមកវិនិយោគជាបន្តបន្ទាប់។
បើតាមការគូសបញ្ជាក់ពី លោកជំទាវ លឹម ឈីវហូ នៅឆ្នាំ២០១៨ ក្រុមហ៊ុនលោកស្រី ក៏បានតាំងចិត្តនឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តស្ទឹងហាវ នៅខេត្តព្រះសីហនុមួយបន្ថែមទៀត ឲ្យមានសកម្មភាពពាណិជ្ជកម្មកាន់តែខ្លាំងក្លាឡើង ជាមួយនឹងការតភ្ជាប់ផ្លូវរត់ភ្លើងចេញចូល សម្រាប់ការដឹកជញ្ជូនទំនិញផងដែរ ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសមួយនេះ កំពុងមានដំណើរការជាបណ្ដើរៗហើយ។
តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា
នៅក្នុងឆ្នាំ២០១៧កន្លងទៅ ទុនវិនិយោគសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់ មានប្រមាណជាង
២,៧ ពាន់លាន ដុល្លារអាមេរិក ក្នុងនោះ មាន៩៩% ជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស FDI រួមជាមួយនឹងទឹកប្រាក់នាំចេញសរុបមានជាង ១,៥ ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ កំណើននៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេស ក៏មានចំនួនមួយខ្ពស់គួរឲ្យចាប់អារម្មណ៍ដែរ ពោលគឺមានប្រមាណ៤១% ក្នុងមួយឆ្នាំ ខណៈដែលកំណើននៃការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ១៤%ក្នុងមួយឆ្នាំ។
ក្នុងនោះ នៅឆ្នាំ២០១៧
ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិតមានចំនួនច្រើនជាងគេ
ពោលគឺមានប្រមាណ៤៦៩លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៥០%
នៃការនាំចេញសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់។ រីឯ ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញវិញមានចំនួន ២៨៦លានដុល្លារអាមេរិក
ខណៈដែលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុមាន ២៥៦លានដុល្លារអាមេរិក តំបន់សេដ្ឋកិច្ចនាងកុកខេត្តកោះកុង
មាន១៤៨លានដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀតមាន៦៦លានដុល្លារអាមេរិក។
បើពិនិត្យមកមើលរបាយការណ៍នៃចំនួនគម្រោងសរុប ដែលបានវិនិយោគតាមបណ្ដាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ គិតមកទល់បច្ចុប្បន្ន មានចំនួន ៣៤៧គម្រោង ដែលបានផ្ដល់ការងារជាង ១០ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ ក្នុងនោះ គម្រោងភាគច្រើនមាននៅតំបន់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ពោលគឺមាន១៣៦ គម្រោង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមាន១០៣គម្រោង និងតំបន់សេដ្ឋកិច្ចពិសេសនៅឯក្រុងបាវិតមាន៨៣គម្រោង។
ដោយឡែក បើនិយាយពីតំបន់សេដ្ឋកិច្ចពិសេស ដែលបានផ្ដល់ការងារដល់ពលរដ្ឋច្រើនជាងគេ គឺជាតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ពោលគឺផ្ដល់ការងារដល់ពលរដ្ឋប្រមាណ៥ម៉ឺននាក់ ព្រោះត្បិតថាចំនួនគម្រោងអភិវឌ្ឍន៍រោងចក្រមានតិចក៏ដោយ ប៉ុន្ដែ ភាគច្រើននៃគម្រោងទាំងនោះជាគម្រោងធំៗដូចជារោងចក្រកាត់ដេរ រោងចក្រតម្លើងកង់ និងរោងចក្រតម្លើរថយន្ដដែលទើបតែបើកសម្ពោធកាលពីពេលថ្មីៗនេះជាដើម។ល។
ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស មានភាគច្រើន វិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ផលិតផលផ្លាស្ទិក គ្រឿងយន្ដ និងគ្រឿងអេឡិចត្រូនិកជាដើម។ ក្នុងនោះ ក្រុមហ៊ុនចិនត្រូវបានដឹងថា បានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេបង្អស់ពោលគឺមាន២៩% បន្ទាប់មកគឺក្រុមហ៊ុនជប៉ុនមាន ២៦% ក្រុមហ៊ុនពីបណ្ដាប្រទេសអាស៊ានមាន ២៤% ក្រុមហ៊ុនមកពីចិនតៃប៉ិមាន ១១% និងសហរដ្ឋអាមេរិកមាន ៩%។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសត្រូវបានបង្កើតឡើងលើកដំបូងបំផុតនៅកម្ពុជា តាំងពីឆ្នាំ២០០៦មកម្លេះ ហើយការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាក់ត្រូវបានលើកទឹកចិត្តច្រើនពីសំណាក់រាជរដ្ឋាភិបាល ដូចជាការលើកលែងពន្ធមួយចំនួន និងការផ្ដល់សេវាច្រកចេញចូលតែមួយនៅនឹងកន្លែងជាដើម។ ដោយឡែក បើនិយាយនៅក្នុងតំបន់អាស៊ានវិញ ប្រទេសក្នុងតំបន់អាស៊ានទាំងអស់ លើកលែងតែប្រទេសព្រុយណេប៉ុណ្ណោះ សុទ្ធតែមានតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្ដែមាននៅក្នុងទម្រង់ខុសៗគ្នា។
លក្ខខណ្ឌក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា គឺទាមទារមានផ្ទៃដីទំហំ ៥០ហិកតាឡើងទៅ ដែលមានទីតាំង ព្រំប្រទល់ច្បាស់ ព្រមជាមួយនឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាបានល្អ ដូចជា គមនាគមន៍ ទឹកស្អាត ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ជាដើម។ល។