ថ្លែងប្រាប់អ្នកសាព័ត៌មាននាពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀតនៅក្នុងឆ្នាំនេះ បើទោះបីកម្ពុជាប្រឈមនឹងបញ្ហាជំងឺកូវីដ ១៩ និងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយចុះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានរៀបរាប់ថា គម្រោងសាងសង់ផ្លូវជាតិជាច្រើននៅតែបន្ដ ហើយគម្រោងថ្មីៗទៀត ក៏រដ្ឋនៅតែបញ្ចេញថវិកាសាងសង់ដែរ ពោលគឺគ្មានគម្រោងណាមួយត្រូវផ្អាក ឬបញ្ឈប់ការសាងសង់នោះទេនៅអំឡុងពេលនេះ។
ជាការបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្ថែម រាជរដ្ឋាភិបាលនៅតែបន្តធ្វើជានិច្ចនូវគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែ ពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យ ភស្តុភារកម្មកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និង ជាច្រកដឹកជញ្ជូនទំនិញពីវៀតណាម-កម្ពុជា-ថៃ៕