ជាមួយគ្នានេះ ថៃ និងចិន ក៏កំពុងសម្លឹងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថាមពលស្អាត អេឡិចត្រូនិកទំនើប និងការពារជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលថៃ បានប្រកាសថា ខ្លួនមានគោលដៅបញ្ចប់ផ្នែកដំបូងនៃផ្លូវដែកល្បឿនលឿនចិន-ថៃ ប្រវែង២៥០គីឡូម៉ែត្រពីទីក្រុងបាងកក ទៅខេត្តនគររាជសីមា នៅឆ្នាំ២០៣០។ បន្ទាប់ពីនោះ គម្រោងនឹងពង្រីកទៅខេត្តណងខៃ ជាប់ព្រំដែនឡាវ ដើម្បីភ្ជាប់ជាមួយផ្លូវដែកល្បឿនលឿនឡាវ ដែលតភ្ជាប់រួចទៅកាន់ទីក្រុងគុនមីង ភាគនិរតីនៃប្រទេសចិន។ ប្រសិនបើសម្រេចបានតាមផែនការ គម្រោងនេះនឹងក្លាយជាផ្នែកមួយ នៃបណ្តាញផ្លូវដែកប្រវែងប្រមាណ៣,៩០០គីឡូម៉ែត្រ ដែលចិន មានចក្ខុវិស័យតភ្ជាប់ពីក្រុងគុនមីង ឆ្លងកាត់អាស៊ីអាគ្នេយ៍រហូតដល់សិង្ហបុរី។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រទេសថៃ និងចិន ក៏បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកសិកម្ម រថយន្តអគ្គិសនី អាកាសចរណ៍ វត្ថុធាតុដើមទំនើប និងថាមពលស្អាតផងដែរ។ ភាគីទាំងពីរ ក៏គ្រោងបង្កើនការសហការផងដែររវាងវិស័យឧស្សាហកម្ម និងស្ថាប័នសិក្សា ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ទៅកាន់ប្រទេសចិន ប្រទេសទាំងពីរ ក៏បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស វិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ប្រទេសថៃ ក៏បានស្នើឱ្យចិន បង្កើនការនាំចូលផលិតផលថៃ ដូចជាផ្លែឈើ និងអាហារកែច្នៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារនាំចេញធំលំដាប់ទី២របស់ខ្លួន។
ក្រុមអ្នកវិភាគមើលឃើញថា ការរីកចម្រើននៃទំនាក់ទំនងចិន-ថៃ នេះបង្ហាញពីការប្រកួតប្រជែងថ្មីលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងឥទ្ធិពលសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសទាំងពីរកំពុងស្វែងរកតួនាទីកាន់តែធំនៅក្នុងសេដ្ឋកិច្ចតំបន់៕
ដោយ: តែម សុខុម