កម្ពុជា-ទីម័រខាងកើត

កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាជំរុញការអនុវត្តការធ្វើពាណិជ្ជកម្មអង្ករ និងកិច្ចសហប្រតិបត្តិការទេសចរណ៍


កម្ពុជា-ទីម័រខាងកើតបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ បន្ថែមលើនេះភាគីទាំងពីរប្តេជ្ញាជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឲ្យភាគីទីម័រខាងកើតជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យមានការជួបប្រជុំគ្នារវាងវិស័យឯកជននៃប្រទេសទាំងពីរ សំដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីតាមរយៈការនាំចូលទំនិញកសិផលនិងទំនិញសក្តានុពលរបស់កម្ពុជាបន្ថែមទៀត។ ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មីរូបនេះធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើតកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ឆ្លើយតបនឹងសំណើរនេះ ភាគីទីម័រខាងកើតបានប្តេជ្ញានឹងជំរុញឱ្យការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករ រវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ទីម័រខាងកើន នឹងជំរុញឱ្យមានជំនួបរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការរៀបចំវេទិកាសេដ្ឋកិច្ចរបស់ខ្លួន ដែលនឹងអញ្ជើញកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតឲ្យចូលរួម។

ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីម័រខាងកើតក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច កសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ ដើម្បីទាញយកផលប្រយោជន៍រួម និងបង្កើនទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។
ជាក់ស្តែងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម Francisco Kalbuadi Lay បានគូសបញ្ជាក់ថា ប្រជាជនរបស់ប្រទេសទីម័រខាងកើនមានបំណងចង់មកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទីម័រខាងកើត លើការរៀបចំសកម្មភាពនានាក្នុងវិស័យទេសចរណ៍ ក៏ដូចជាការផ្លាស់ប្ដូរមន្ត្រីជំនាញទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរ។
ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ឯកឧត្តម Francisco Kalbuadi Lay ក៏បានជួបពិភាក្សាគ្នាជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញអំពីការបន្តរក្សាជំហរគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីទីម័រខាងកើត បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ហើយផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ច វប្បធម៌ និងប្រវត្តិសាស្រ្ត, ប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទីម័រខាងកើតនឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ។ ក្នុងនាមប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើត ឯកឧត្តមរដ្ឋមន្ត្រីទីម័រខាងកើត ក៏បានគោរពអញ្ជើញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសទីម័រខាងកើតនាពេលខាងមុននេះផងដែរ។ គួរជម្រាបថា ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ៕




អត្ថបទបន្ទាប់


អាស៊ានកំពុងតែពង្រឹងការទូទាត់តាមប្រព័ន្ធ QR កូដឆ្លងដែននៅក្នុងតំបន់យ៉ាងទូលំទូលាយ

បណ្តាប្រទេសនៅក្នុងតំបន់កំពុងតែជំរុញ និងពង្រឹងការទូទាត់ឆ្លងព្រំដែន ដោយប្រើប្រាស់ ប្រព័ន្ធ QR កូដទៅវិញទៅមកកាន់តែទូលំទូលាយ ខណៈដែលការទូទាត…

ប្រមុខរាជរដ្ឋាភិបាល៖ តិចឬច្រើនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនឹងដំឡើងបន្ថែមនៅឆ្នាំក្រោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននឹងកំពុងខ្នះខ្នែងជួបប្រជុំជាមួយភាគីពាក់ព័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ