បើតាមការបញ្ជាក់របស់ក្រុមហ៊ុន KrisEnergy ការឈានទៅសម្រេចទទួលបានតំណក់ប្រេងជាលើកដំបូងនេះ គឺដោយសារតែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យាទៅឲ្យក្រុមហ៊ុន Keppel shipyard Ltd ដើម្បីធ្វើការកែលម្អ និងធ្វើឲ្យមានភាពប្រសើរឡើង នូវនាវាផលិតកម្មរបស់ខ្លួន ។
កិច្ចសន្យានេះ មានទំហំជាទឹកប្រាក់ជិត ២២លានដុល្លារអាមេរិក ហើយរំពឹងថា នៅពេលការងារត្រូវបានបញ្ចប់សព្វគ្រប់ នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០១៩ ខាងមុខ នាវាផលិតកម្មនេះ នឹងមានសមត្ថភាពនៅក្នុងផលិតកម្មញែកល្បាយប្រេង បានប្រមាណ ៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរុករកប្រេង របស់សាំងហ្គាពួរ KrisEnergy បានឲ្យដឹងថា កិច្ចសន្យាអភិវឌ្ឍនាវាផលិតកម្មនេះ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍអណ្ដូងប្រេងកាត អប្សរា នៅក្នុងប្លុក A ស្ថិតនៅដែនសមុទ្រកម្ពុជា ខណៈដែលអណ្ដូងប្រេងអប្សរានេះ គឺជាការអភិវឌ្ឍ អីដ្រូកាបូនដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជាផងដែរ។
បើតាមសេចក្ដីប្រកាសពីក្រុមហ៊ុន ក្នុងទំហំទឹកប្រាក់នៃកិច្ចសន្យាជិត ២២ លានដុល្លារអាមេរិកនោះ ការទូទាត់មួយភាគនឹងត្រូវធ្វើឡើងទៅតាមលក្ខខណ្ឌពន្យារ។
លោក Brian Helyer នាយករងផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន KrisEnergy បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា តាមរយៈការជួយគាំទ្រពីដៃគូដែលមានបទពិសោធន៍ និងមានសមត្ថភាពបែបនេះ លោកជឿជាក់ថា ក្រុមហ៊ុននឹងអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព នូវធនធានប្រេងក្នុងប្លុក A ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធផងដែរ។
ជាមួយគ្នានេះ លោក Chor How Jat នាយកគ្រប់គ្រង (ផ្នែកកែច្នៃ និងជួសជុល) របស់ក្រុមហ៊ុន Keppel O&M និងជានាយកគ្រប់គ្រងរបស់ Keppel Shipyard បានថ្លែងដែរថា កិច្ចសន្យាថ្មីពីក្រុមហ៊ុន KrisEnergy នេះ គឺជាគម្រោងដំបូងរបស់ក្រុមហ៊ុនទាំងពីរ ដែលធ្វើរួមគ្នា ចាប់តាំងពីមានការតែងតាំងក្រុមហ៊ុន Keppel O&M កាលពីដើមឆ្នាំនេះ ឲ្យធ្វើជាដៃគូសម្រាប់កញ្ចប់ការងារផ្នែកដំណោះស្រាយប្រេង និងឧស្ម័នក្នុងដែនសមុទ្រ។
សូមរំឭកបន្តិចថា ក្រោយពីបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា កាលពីពាក់កណ្ដាលឆ្នាំ ២០១៧កន្លងទៅ ក្រុមហ៊ុន KrisEnergy បានប្រកាសកាលពីចុងឆ្នាំ ២០១៧ថា អំពីការសម្រេចចិត្តវិនិយោគចុងក្រោយដែលជាការប្ដេជ្ញាចិត្តជាផ្លូវការ ក្នុងការវិនិយោគទុនដើម្បីអភិវឌ្ឍគម្រោងប្រេង និងឧស្ម័ននៅកម្ពុជា និងរំពឹងថា កម្ពុជាអាចទទួលបានតំណក់ប្រេងកាតដំបូងរបស់ខ្លួន នៅក្នុងរយៈពេល ២៤ខែបន្ទាប់ ឫនៅក្នុងអំឡុងចុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ខាងមុខនេះ។
សូមជម្រាបថា ក្រុមហ៊ុនគ្រីសអេនីជី គឺជាប្រតិបត្តិកររុករកប្រេងនៅប្លុក A របស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីទំហំជាង ៣ពាន់គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ក្នុងឈូងសមុទ្រថៃ ដែលនៅទីនោះ ជម្រៅទឹកគឺមានចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័នឯករាជ្យមួយ ដែលផ្តោតសំខាន់លើការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានដូចជា នៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ វៀតណាម និងបង់ក្លាដេសផងដែរ៕