ថ្លែងនៅក្នុងដំណើរទស្សនកិច្ច នៅក្នុងតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្ម របស់លោកឧកញ៉ា ម៉ុង ឫទ្ធី កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការបង្កើតឲ្យមានតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មធំបែបនេះ គឺជាផ្នែកមួយដ៏សំខាន់ណាស់ ក្នុងការជំរុញទីផ្សារកសិកម្មនៅកម្ពុជា តាមរយៈការបង្កើតនូវសង្វាក់ផលិតផលកម្មមួយ ក៏ដូចជាការផលិត កែច្នៃ ផលិតផលកសិកម្ម សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេសផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានស្ងើចសរសើរដល់តំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ថា បានចូលរួមចំណែកមួយក្នុងការបង្កើតទីផ្សារសម្រាប់កសិករខ្នាតតូចមួយចំនួន តាមរយៈការបញ្ជាទិញកសិផលរបស់ពួកគាត់ សម្រាប់យកមកបំពេញសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងកសិដ្ឋាន ក៏ដូចជារោងចក្ររបស់ក្រុមហ៊ុនម៉ុង ឫទ្ធី ដែលនេះវាជាការដើរស្របទៅនឹងគោលនយោបាយជំរុញការនាំចេញក្នុងស្រុករបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងដែរថា ជាការពិតណាស់ ការធ្វើពាណិជ្ជកម្មកសិកម្ម មិនមែនជារឿងមួយងាយស្រួលប៉ុន្មានទេ ហើយវារិតតែលំបាកថែមទៀត ក្នុងការឈានមកដល់ការបង្កើតឲ្យមានខ្សែសង្វាក់កសិឧស្សាហកម្ ដូចដែលលោកឧកញ៉ា កំពុងធ្វើសព្វថ្ងៃនេះ។ ទោះយ៉ាងណា ការព្យាយាមមិនចុះចាញ់នឹងការលំបាកនេះហើយ បានជំរុញឲ្យក្រុមហ៊ុនម៉ុង ឫទ្ធី កំពុងមានទីផ្សារកាន់តែធំឡើងៗ ក្នុងការនាំចេញទំនិញកសិកម្មមួយចំនួន ទៅកាន់ទីផ្សារក្រៅប្រទេស ដូចជាប្រេងដូង កៅស៊ូ ស្វាយ និងដំណាំផ្សេងៗទៀត។
នៅក្នុងតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី មានដូចជា ការដាំដុះដូងប្រេងរាប់លានដើម កៅស៊ូ ដំណាំឈើហូបផ្លែជាច្រើនប្រភេទ និងក្នុងនោះ ក៏មានរោងចក្រកែច្នៃដូងប្រេង កែច្នៃកៅស៊ូ និងរោងចក្រផលិតចំណីសត្វជាដើម។
ដ្បិតថា កន្លងមក មានមតិជាច្រើន រិះគន់អំពី បញ្ហាអត់ទីផ្សារសម្រាប់កសិផលមួយចំនួននៅកម្ពុជាក៏ដោយ ប៉ុន្ដែ បើតាមប្រសាសន៍របស់លោកឧកញ៉ា ម៉ុង ឫទ្ធី បច្ចុប្បន្ន នៅក្នុងខ្សែសង្វាក់កសិឧស្សាហកម្ម របស់ក្រុមហ៊ុនលោកឧកញ៉ាផ្ទាល់ កំពុងមានតម្រូវការច្រើនណាស់ ដូចជា ពោត ចុងអង្ករ ឬកន្ទួក សម្រាប់កែច្នៃជាចំណីសត្វ ព្រមទាំងមានតម្រូវការបញ្ជាទិញផ្លែស្វាយពីកសិករសម្រាប់នាំចេញផងដែរ។ លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ចាំបាច់ណាស់ត្រូវមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសហការគ្នានាំចេញនាំចូលទំនិញ ដែលជាការជំរុញដល់កំណើនលូតលាស់សេដ្ឋកិច្ចនៅក្នុងប្រទេស៕