
របាយការណ៍ប្រចាំឆ្នាំមួយ ដែលមានឈ្មោះថា និន្នាការប្រាក់បៀវត្សរ៍ (Salary Trends Report) របស់ស្ថាប័នទិន្នន័យ និងស្រាវជ្រាវសកល ECA International ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា កម្រិតនៃការដំឡើងប្រាក់បៀវត្សរ៍សម្រាប់នយោជិត នៅកម្ពុជា ដែលត្រូវបានព្យាករថាមាន៤,២% នៅឆ្នាំ២០២០ ខាងមុខនេះ គឺបានការកើនឡើងប្រមាណ ០,៥% ធៀបនឹងឆ្នាំ២០១៩
ប្រទេសចំនួន ៣ ដែលបានឈរជួរមុខកម្ពុជានោះ
រួមមាន ប្រទេសឥណ្ឌា គឺឈរលំដាប់ទី១ ដែលត្រូវបានព្យាករថា នឹងមានកម្រិតនៃការតម្លៃប្រាក់បៀវត្សរ៍
៥,៤% នៅឆ្នាំ២០២០ ខណៈដែលវៀតណាមឈរលេខ២ មាន ៥,១% និងឥណ្ឌូនេស៊ី ឈរលេខ៣ មាន ៤,៦%។
ដោយឡែកប្រទេសថៃ គឺតាមពីក្រោយកម្ពុជា ដោយថៃបានឈរនៅលំដាប់កំពូលទី៥ ត្រូវបានព្យាករថា
នឹងមានការតម្លៃប្រាក់បៀវត្សរ៍៤,១%។ រីឯ ប្រទេសបង់ក្លាដេស គឺឈរនៅលំដាប់ ១០ ដែលមាន៣,៤%។
របាយការណ៍របស់ ECA International ដែលបានចេញផ្សាយថ្មីៗនេះ គឺផ្អែកទៅលើការប្រមូលទិន្នន័យ អំឡុងខែសីហា និងខែកញ្ញា ពីក្រុមហ៊ុនចំនួន៣០៧ ក្រុមហ៊ុន ដែលមកពីវិស័យធំៗ នៃប្រទេសនិងតំបន់ចំនួន ៦៨ ជុំវិញពិភពលោក។
គួរបញ្ជាក់ដែរថា នាពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សម្រេចថា នឹងដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិត ដោយចាប់ពីថ្ងៃទី០១ មករាឆ្នាំ២០២០ តទៅ ដោយកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលអប្បរមាចំនួន ១៩០ ដុល្លារអាមេរិក។ ការដំឡើងប្រាក់ឈ្នួលនេះ ត្រូវបានគេមើលឃើញថា កើតឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឈមនឹងហានិភ័យអំពីការព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប។ ការប្រកាសចុងក្រោយរបស់សហភាពអឺរ៉ុបអំពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ត្រូវបានគេដឹងថា នឹងត្រូវធ្វើឡើងនៅក្រោយមួយខែនៃ ថ្ងៃទទួលបានប្រាក់ឈ្នួលអប្បរមាដំឡើងថ្មីរបស់កម្មករ។

ក្រឡេកទៅមើល សូចនាករម៉ាក្រូសេដ្ឋកិច្ចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ ២០១៩ នេះ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ១០៨.២៩៨ ប៊ីលានរៀល ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៦៧៤ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជារក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណជា ២,៣% ក្នុងឆ្នាំ ២០១៩ ដែលថមថយពី ២,៥% ក្នុងឆ្នាំ ២០១៨ ដោយសារការធ្លាក់ចុះនៃថ្លៃដឹកជញ្ជូន ស្របនឹងការធ្លាក់ចុះថ្លៃប្រេងលើទីផ្សារអន្តរជាតិ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករទៀតថា នៅឆ្នាំ២០២០ កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងថយចុះមកនៅត្រឹម ៦,៩% ។ រីឯអត្រាអតិផរណាវិញ មាន ២,៩%។ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់ ១.៨១៦ ដុល្លារអាមេរិក៕